បើកការស៊ើបអង្កេតប្រឆាំងក្រុមហ៊ុន AirAsia ពីបទ«ហោះហើរគ្មានអាជ្ញាបណ្ណ»
ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេសៀ (AirAsia) កំពុងប្រឈមមុខជាមួយនឹងអាជ្ញាធរឥណ្ឌូនេស៊ី បន្ទាប់ពីត្រូវបានសង្ស័យថា ក្រុមហ៊ុននេះបានបង្ហោះយន្ដហោះអ៊ែរប៊ូស របស់ខ្លួន កាលពីថ្ងៃអាទិត្យដោយគ្មានការអាជ្ញាបណ្ណ ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច។
នៅពេលនេះ ក្រុមហ៊ុន អ៊ែរអេសៀ មានការអនុញ្ញាតឲ្យធ្វើអាជីវកម្ម តែបួនជើងហោះហើរប៉ុណ្ណោះ និងលែងមានការអនុញ្ញាត ឲ្យភ្ជាប់ការហោះហើររវាងក្រុង ស៊ូរូបាយ៉ា (Surubaya) នៃប្រទេសឥណ្ឌូនេស៊ី និងប្រទេសសាំងហ្គាពួរ ទៀតហើយ។ ដូច្នេះការហោះហើរ របស់ជើងយន្ដហោះ QZ8501 កាលពីថ្ងៃអាទិត្យទី២៨ ខែធ្នូ ឆ្នាំ២០១៤ បណ្ដាលឲ្យជួបគ្រោះថ្នាក់ធ្លាក់យន្ដហោះកណ្ដាលសមុទ្រនោះ មិនមានអាជ្ញាបណ្ណអនុញ្ញាតឡើយ។ នេះជាការបញ្ជាក់ របស់នាយកការិយាល័យអាកាសចរណ៍ស៊ីវិល នៃប្រទេសឥណ្ឌូនេស៊ី លោក ចូកូ មៀចាតម៉ូចូ (Djoko Murjatmodjo)។
សម្រាប់លោក ចូកូ ក្រុមហ៊ុន អ៊ែរអេសៀ បានរំលោភលើការអនុញ្ញាត នៃចំនួនជើងហោះហើរ និងពីម៉ោងពេលសម្រាប់ជើងហោះហើរ ដែលអាជ្ញាធរបានផ្ដល់ឲ្យ។ លោកបាននិយាយទៀតថា នៅពេលនេះ គ្រប់ក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងធ្វើអាជីវកម្ម នៅក្នុងលំហរមេឃរបស់ប្រទេសឥណ្ឌូនេស៊ីទាំងអស់ នឹងត្រូវអាជ្ញាធរធ្វើការត្រួតពិនិត្យឡើងវិញ ក្នុងករណីរំលោភអាជ្ញាបណ្ណ ផ្លូវហោះហើរ ម៉ោងពេល និងគម្រោងហោះហើររបស់ក្រុមហ៊ុននីមួយៗ។
ការស៊ើបអង្កេតមួយត្រូវបានបើកធ្វើ ទៅលើការរំលោភអាជ្ញាបណ្ណរបស់ក្រុមហ៊ុន អ៊ែរអេសៀ ដែលត្រូវបានសង្ស័យថា បានហោះកាត់តាមសមុទ្រ ហ្សាវ៉ា (Java) ដោយគ្មានការអនុញ្ញាតិ ហើយបណ្ដាលឲ្យយន្ដហោះធ្លាក់ជាមួយនឹងអ្នកដំណើរ១៦២នាក់។ ក្រសួងគមនាគមន៍ឥណ្ឌូនេស៊ី បានហាមឃាត់ក្រុមហ៊ុននេះ មិនឲ្យភ្ជាប់ការហោះហើរ រវាងក្រុង ស៊ូរូបាយ៉ា និងប្រទេសសាំងហ្គាពួរទៀត រហូតដល់ការស៊ើបអង្កេតត្រូវបានបញ្ចប់។
នៅព្រឹកថ្ងៃអាទិត្យ នៅពេលដែលយន្ដហោះបានជួបជាមួយនឹងខ្យល់ព្យុះ អ្នកបើកបរបានសុំការអនុញ្ញាតមកការិយាល័យត្រួតពិនិត្យដែនអាកាស ដើម្បីសុំហោះឡើងទៅឲ្យខ្ពស់ ដើម្បីបញ្ជៀសខ្លួនពីខ្យល់ព្យុះ។ ប៉ុន្តែការិយាល័យត្រួតពិនិត្យដែនអាកាស បានប្រើពេលដ៏យូរមួយ ដើម្បីឆ្លើយទៅយន្ដហោះអ៊ែរប៊ូស វិញ។ បន្ទាប់ពីនោះមក យន្ដហោះបានបាត់ការទាក់ទង រហូតមកទល់នឹងពេលនេះ។ បើតាមអាជ្ញាធរ ក្រុមហ៊ុន អ៊ែរអេសៀ មិនបានសុំធ្វើការផ្លាស់ប្ដូរជើងហោះហើររបស់យន្ដហោះខ្លួន នៅព្រឹកថ្ងៃអាទិត្យទេ ព្រោះដោយសារតែខ្លួនមិនមានអាជ្ញាបណ្ណ ក្នុងការប្រើប្រាស់ផ្លូវហោះហើរនេះ។
ចំណែកខាងក្រុមហ៊ុន អ៊ែរអេសៀ វិញ មិនបានធ្វើអត្ថាធិប្បាយ ជុំវិញការចោទប្រកាន់របស់អាជ្ញាធរឥណ្ឌូនេស៊ីទេ ដោយគ្រាន់តែនិយយថា ទុកឲ្យដំណើរការស៊ើបអង្កេត ប្រព្រឹត្តិទៅឲ្យចប់សព្វគ្រប់សិន។ ប៉ុន្តែសម្រាប់អាជ្ញាធរអាកាសចរណ៍ស៊ីវិល នៃប្រទេសសាំងហ្គាពួរវិញ បានអះអាងថា ខ្លួនបានទទួលអាជ្ញាបណ្ណដើម្បីធ្វើការហោះហើរនេះ ដោយបានបញ្ជាក់ថា អាជ្ញាបណ្ណពីប្រទេសទាំងសងខាង ជាការចាំបាច់ណាស់។
កាលពីថ្ងៃសៅរ៍ យុទ្ធនាការរុករកដ៏ធំ ត្រូវបានបើកធ្វើដើម្បីរកតួយន្ដហោះ ដោយមានការចូលរួមពីច្រើនប្រទេស និងប្រើនាវា និងយន្ដហោះជាច្រើនគ្រៀង។ នាវាជប៉ុនពីរគ្រឿង អាមេរិកាំងមួយគ្រឿង និងសាំងហ្គាពួរមួយគ្រឿង បានចូលរួមក្នុងយុទ្ធនាការ ខណៈប្រទេសរ៉ូស្សីបានប្រញាប់ប្រញាល បញ្ជូនយន្ដហោះចំនួនពីរគ្រឿង និងអ្នកជំនាញរបស់ខ្លួន ចំនួន៧០នាក់ ក្នុងនោះមាន២២នាក់ ជាអ្នកជំនាញខាងជ្រមុជទឹក ឲ្យមកចូលរួមស្វែងរកនឹងគេដែរ៕ប្រភពពី មនោរម្យ