មើល​សមត្ថកិច្ច​«ចេញ​យក្ស» ទាត់​ជន​សង្ស័យ​ដែល​អស់​លទ្ធភាព​ម្ដង!

1/04/2015 0 Comments A+ a-

តើមន្ត្រី​សមត្ថកិច្ច​ដ៏​មាន​អំណាច ព្រោះ​អាវុធ​នៅ​នឹង​ដៃ របស់​កម្ពុជា​ប៉ុន្មាន​នាក់ ដែល​ដឹង​ស្គាល់​ពី​ច្បាប់​ទម្លាប់ របស់​ប្រទេស​ខ្លួន? តើ​រដ្ឋាភិបាល​ដែល​ទទួល​អាណត្តិ​ពី​រាស្ត្រ ក្រោយ​ពី​បោះ​ឆ្នោត​ម្ដងៗ មក​គ្រប់​គ្រង​ប្រទេស និង​បញ្ជា​លើ​រដ្ឋការ​អាជ្ញាធរ​នេះ មាន​ដែល​បាន​គិត ពី​ទង្វើ​គ្មាន​ច្បាប់​ទម្លាប់​របស់​មន្ត្រី​អនុវត្តន៍​ច្បាប់​ទាំង​នោះ​​ដែរ​ឬ​ទេ? ឬ​សមាជិក​រដ្ឋាភិបាល ដែល​កាន់​តំណែង​សព្វ​ថ្ងៃ មិន​ដែល​ខ្វល់​ពី​អ្វី​ទៅ ដែល​ហៅ​ថា​ច្បាប់ និងខ្ជិល​ហៅ​មន្ត្រី​ល្មើស​ទាំង​នោះ មក​ធ្វើការ​អប់រំ​/ព្រមាន?
ហេតុការណ៍របៀបដូចយ៉ាង បង្ហាញទង្វើខ្លួន​មាន​អំណាច​ហួស ព្រោះ​កាំភ្លើង​នៅ​នឹង​ដៃ ហើយ​វាយ​ទាត់​ធាក់ ទៅ​លើ​ជន​ស៊ីវិល​ដែល​គ្មាន​អាវុធ ឬ​ជន​សង្ស័យ​ដែល​អស់​លទ្ធភាព​។ល។ តែង​កើត​ឡើង​ជា​រឿយៗ ក្នុង​សង្គម​សព្វ​ថ្ងៃ។ ប៉ុន្តែ​សកម្មភាព​នេះ​ក្នុង​សម័យ​បច្ចុប្បន្ន វា​ហាក់​ដូច​គ្រាន់​តែ​ជា​ឈុត​ឆាក​មួយ​ដ៏​សប្បាយ​ សម្រាប់​មន្ត្រី​មួយ​ចំនួន​ទាំង​នោះ យក​មក​លេង​សើច ឬ​យក​មក​សម្ដែង​ចេញ​«យក្ស»​ បែបវាហី។
ករណីនេះ បានកើតឡើងទៀត កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ នៅចំណុចវាលស្រែ ស្ថិតក្នុង​សង្កាត់​ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនសង្ស័យបីនាក់ ដែលសមត្ថកិច្ចអះអាងថាជាចោប្លន់ ក្នុងនោះជន​សង្ស័យម្នាក់ត្រូវបានចាប់ខ្លួន ម្នាក់បានស្លាប់ បន្ទាប់ពីបាញ់តដៃជាមួយក្រុមសមត្ថកិច្ច និងម្នាក់ទៀតរត់​គេច​ខ្លួន។ នៅក្នុងវីដេអូមួយ ដែលត្រូវបានយកមកបង្ហោះនៅតាមបណ្ដាញសង្គម ជនសង្ស័យជាចោរម្នាក់ ដែល​បានស្លាប់ទៅហើយ ត្រូវបានមនុស្សម្នាក់ក្នុងឯកសណ្ឋានស៊ីវិល ពាក់អាវរងារ ស្លៀកខោខ្លីនោះ កាន់នូវវិទ្យុ​ទាក់ទង និងដែលបានអះអាងថា ខ្លួនជាសមត្ថកិច្ច ជាមួយនឹងកាំភ្លើងនៅនឹងដៃនោះ ចូលទៅ«ជាន់»មុខ និង​«ទាត់»ក្បាលជាច្រើនដង។ បុរសដដែល ថែមទាំងបានប្រើពាក្យជេរត្មិះដៀល ទៅកាន់សាកសពជនសង្ស័យ​ជាចោរ ដែលបានស្លាប់ទៅហើយថា៖ «អញដាក់ឯងងាប់ឥឡួវហ្នឹង ....» រួចក៏ទាត់ក្បាលសាកសពនោះ ថែម​ពីរជើងទៀត។
ប្រតិកម្មនឹងទង្វើខាងលើ លោក នី ចរិយា ប្រធានផ្នែកអង្កេតនៃសមាគមអាដហុក បានថ្លែងប្រាប់​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូថា៖ បើជនជាប់សង្ស័យអស់លទ្ធភាព ក្នុងការតបតរហើយនោះ ការប្រើកម្លាំងហិង្សាទៅលើ​ជនសង្ស័យ ជាការរំលោភសិទ្ធិមនុស្ស រំលោភច្បាប់។ តែបើស្ថិតក្នុងការប្រទាញប្រទង់ ហើយជនជាប់សង្ស័យ​មានអាវុធ នោះការប្រតិបត្តិការរបស់សមត្ថកិច្ច មិនមានអ្វីធ្ងន់ធ្ងរ និងរំលោភសិទ្ធិមនុស្សទេ។
មន្ត្រីសង្គមស៊ីវិលរូបនេះ បានបញ្ជាក់ទៀតថា៖ «តាមច្បាប់យើង មិនឲ្យសមត្ថកិច្ច ឬជនណាម្នាក់ វាយធ្វើបាប​ទៅ​លើជនដទៃ ទោះអ្នកនោះជាជនជាប់ចោទ ជនសង្ស័យក៏ដោយ នៅពេលពួកគេគ្មានលទ្ថភាព និង​សមត្ថភាព ក្នុងការតដៃ ឬការការពារខ្លួន។»
នរណាៗ ក៏ខឹងសម្បារ ស្អប់ក្រុមចោរប្លន់ទាំងនេះដែរ​ ព្រោះបើតាមការបញ្ជាក់ពីមន្ត្រីអាជ្ញាធរ ជាក្រុមចោរ​ប្រដាប់អាវុធ ដែលមានលក្ខណៈសាហាវ ប្លន់ប្រជាពលរដ្ឋ គឺបាញ់សម្លាប់តែម្តង។ រីឯចោរម្នាក់ ដែល​សមត្ថកិច្ច​បាញ់សម្លាប់នេះ មានឈ្មោះ ខូល័រ (Color) ជាមេខ្លោង និងជាមុខសញ្ញាចោរប្លន់ដ៏ល្បី ប្លន់តាំងពីម៉ូតូរហូត​ដល់រថយន្ត។ នៅថ្ងៃបើកឆ្នាំថ្មីនេះ ក្រុមចោរទាំងបីនាក់ បានប្លន់ម៉ូតូពីអ្នកដំណើរនៅចំណុចលូ៥ ផ្លូវវេងស្រេង ហើយជិះរត់គេច ក៏ពើបប្រទះនឹងក្រុមសមត្ថកិច្ច ហើយបានបាញ់តដៃជាមួយកម្លាំងសមត្ថកិច្ចជាច្រើនគ្រាប់ ដោយប្រើរយៈពេលជិតមួយម៉ោង ពីម៉ោងប្រាំ រហូតម៉ោងជិតប្រាំមួយល្ងាច ទើបបញ្ចប់។
បង្ក្រាបចោរប្លន់បានជោគជ័យ ជាការបំពេញតួនាទីរបស់ខ្លួន ហើយមានស្នាដៃត្រូវតែសរសើ។ តែធ្វើសកម្មភាព ហួសពីតួនាទីរបស់ខ្លួន មិនគួរឲ្យសរសើទេ ព្រោះវាមានគុណវិបត្តិច្រើនយ៉ាង។ នេះជាប្រតិកម្មដ៏សម្បូរហូរហៀ របស់អ្នកប្រើប្រាស់បណ្ដាញសង្គម ដែលយល់ពីច្បាប់ទម្លាប់របស់ប្រទេស។
លោក ឆាំ ឆានី (Chham Chhany) ម្ចាស់វីដេអូដែលបានបង្ហោះផ្សាយនោះ បានសរសេរថា៖ «ខ្ញុំមិនកាន់ជើង​ចោរទេ។ តែទង្វើដែលអាជ្ញាធរ​ស្លៀក​ខោខ្លី មកបំពេញការងារ ហើយយកជើងជាន់ខ្ទប់មុខខ្មោច រួចថតរូបនេះ ជាទង្វើរព្រៃផ្សៃហួស​ពីតួនាទីខ្លួន​ហើយ។ អាជ្ញាធរជាអ្នកអនុវត្តន៍ច្បាប់ មិនមែនមកធ្វើការងារតាម​តែកំហឹង​នោះទេ។» រីឯលោក ថាន ថ្លុង (Than Thlong) បានសរសេរថា៖ «ហេតុអ្វីប៉ូលីលយកជើងសង្កត់មាត់គាត់? ប្រហែលគាត់ចង់​និយាយ​ប្រាប់​រឿងអី ដែលពាក់ព័ន្ធ នឹងប៉ូលីសទេដឹង?» ខណៈអ្នកប្រើប្រាស់​បណ្ដាញសង្គម​ម្នាក់ទៀត សរសេរថា៖ «ប្រទេសខ្មែរ​មានច្បាប់ឬទេ? បើអ្នកកាន់ច្បាប់ សាហាវជាងចោរទៅទៀត?»៕
ចំពោះប្រតិកម្មដទៃទៀត ឬប្រិយមិត្តចង់ចូលរួមសម្ដែងប្រតិកម្មដែរនោះ សូមទស្សនាវីដេអូខាងក្រោម៖