Apple រងបណ្ដឹងពីបទផ្សព្វផ្សាយ ពាណិជ្ជកម្មមិនពិត
ក្រុមហ៊ុន Apple បានជួបប្រទះនឹងពាក្យបណ្ដឹងថ្មីមួយទៀត ពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាណិជ្ជកម្ម មិនពិតទៅលើទំហំ នៃការរក្សាទុក ទិន្នន័យនៅលើ iPhone និង iPad។ នេះបើយោងតាមការចេញផ្សាយ របស់ WSJ នៅថ្ងៃសុក្រទី០២ខែមករា ឆ្នាំ ២០១៥។
តុលាការ California បានបញ្ជាក់ថា ការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ Apple មិនពិតដូចជាការប្រើប្រាស់ជាក់ស្ដែង ដោយសារតែ Apple មានបំណងចង់ឲ្យអ្នកប្រើ ទៅប្រើប្រាស់សេវាកម្ម iCloud របស់ខ្លួន។ មេធាវី លោក Jonas Mann បានបញ្ជាក់ថា iPhone 6 Plus សម្រាប់ម៉ូដែល 16GB អាចរក្សាទុករូបភាព វីដេអូ ចម្រៀង កម្មវិធី និងទិន្នន័យ ឯកសារផ្សេងទៀតបានត្រឹមតែ 12,7GB ប៉ុណ្ណោះ ចំណែក iPhone 6 ម៉ូដែល 16GB វិញ អាចរក្សាទុកបានត្រឹមតែ 13GB ផ្ទុយពីការផ្សព្វផ្សាយពាណិជ្ជកម្ម។
លោកមេធាវីបានបន្តទៀតថា មូលហេតុដែល Apple ធ្វើបែបនេះគឺដោយសារតែ Apple ចង់ឲ្យអ្នកប្រើងាយទៅប្រើសេវាកម្ម iCloud ដោយបង់ប្រាក់ប្រចាំឆ្នាំ ដើម្បីទទួលបានទំហំ GB ធំ សម្រាប់រក្សាទុករូបភាព វីដេអូ ចម្រៀង កម្មវិធី និងឯកសារផ្សេង។ ពាក់ព័ន្ធនឹងបណ្ដឹងនេះ ត្រូវបានអ្នកនាំពាក្យ Apple បដិសេធមិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់៕