បើកម៉ូតូចេញពីលេងភ្លេងការត្រូវរថយន្តបុកផ្តាច់សង្ខារទាំងវ័យក្មេង
ខេត្តកណ្តាល ៖ យុវជនម្នាក់ជាសិស្សសាលា ឆ្លៀតដើរលេងភ្លេងការជាមួយឪពុកនៅក្នុងពិធីមង្គលការកូនអ្នកស្រុកកណ្តាលស្ទឹង ក្រោយពីពិធីបានបញ្ចប់ ក៏បើកម៉ូតូមកផ្ទះម្នាក់ឯង ខណៈជិះបានពាក់កណ្តាលផ្លូវត្រូវរថយន្តបែនដឹកដីបើកបុក និងកិនពីលើ បណ្តាលឲ្យរងរបួសដាច់ជើងទាំងសងខាងខ្ទេចមួយកំណាត់ត្រឹមជង្គង់ ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៥០នាទី ថ្ងៃត្រង់ ថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤ លើកំណាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២៣-២៤ ស្ថិតក្នុងភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ក្រោយមកអ្នកបើកបររថយន្តបែនដឹកដីបានព្យាយាមបើករថយន្តគេចខ្លួនបានប៉ុន្មានគីឡូម៉ែត្រ ក៏ឈប់រថយន្តចុះគេចខ្លួនបាត់ស្រមោល ។
មន្ត្រីនគរបាលស្រុកកណ្តាលស្ទឹង បានឲ្យដឹងថា យុវជនរងគ្រោះមានឈ្មោះ ថោង រតនា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាសិស្ស និងជាអ្នកលេងភ្លេងការ មានទីលំនៅក្នុងភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ជិះម៉ូតូម៉ាកហុងដាគុបជ្រុង ធុនសេ៩០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខកណ្តាល 1R-1208 ។ ចំណែករថយន្តបែនដឹកដីម៉ាកហ៊ីណូ ពណ៌ទឹកប៊ិចឆ្នូតទឹកមាស ពាក់ស្លាកលេខភ្នំពេញ 3B-4732 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្រោយពីកើតហេតុបានគេចខ្លួនបាត់ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ សាក្សីបានឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯងតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើងទៅត្បូង ខណៈបើកដល់ចំណុចកើតហេតុ ពុំដឹងជាជនរងគ្រោះបើកម៉ូតូគេចអ្វីនោះទេ បណ្តាលឲ្យជ្រុលទៅខាងឆ្វេងដៃផុតគំនូសពុះចែកទ្រូងផ្លូវទៅបុកជាមួយរថយន្ត បើកបរបញ្ច្រាសទិសគ្នាពេញមួយទំហឹងធ្វើឲ្យម៉ូតូដួលនៅមុខរថយន្តហើយត្រូវបានរថយន្តបើកកិនពីលើបន្ថែមទៀត បណ្តាលឲ្យជនរងគ្រោះរងរបួសដាច់ជើងត្រឹមជង្គង់ទាំងសងខាង រីឯម៉ូតូរងការខូចខាតមួយកំណាត់មុខទាំងស្រុង ។
ប្រភពពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទៅលេងភ្លេងការជាមួយឪពុកនៅក្នុងពិធីមង្គការកូនអ្នកស្រុកកណ្តាលស្ទឹង ។ ក្រោយពីពិធីត្រូវបានបញ្ចប់ហើយនោះ ជនរងគ្រោះក៏បានសុំឪពុកជិះម៉ូតូម្នាក់ឯងត្រឡប់មកផ្ទះមុន ខណៈជិះមិនទាន់បានដល់គោលដៅផងក៏ជួបគ្រោះអកុសលយ៉ាងដូច្នេះ ។
បច្ចុប្បន្ន រថយន្តនិងម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅអធិដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីចាត់ការតាមច្បាប់ ។ រីឯសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕
___________
ប្រភពពីនគរវត្ត