បើកម៉ូតូដេញគ្នា បុកគូទ រថយន្ដកូរ៉េ កំពុងធ្វើផ្លូវ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

12/02/2014 0 Comments A+ a-

ភ្នំពេញ ៖ យុវជនវ័យក្មេងពីរនាក់ បាន បើកម៉ូតូម៉ាកហុងដា សេ១២៥ ពាក់ស្លាក លេខ ភ្នំពេញ 1S-9279 ពណ៌ខ្មៅ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន តាមបណ្ដោយ ផ្លូវជាតិលេខ៦អា រួចទៅបុករថយន្ដកូរ៉េបណ្ដាលឱ្យស្លាប់ម្នាក់ និងម្នាក់ទៀតរបួសធ្ងន់ សល់ដង្ហើមតិចៗ នៅនឹងកន្លែងកើតហេតុ ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅលើកំណាត់ ផ្លូវជាតិលេខ៦អា ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុនោះ យុវជនវ័យក្មេងពីរនាក់ ជិះម៉ូតូប្រដេញគ្នាជាមួយដៃគូរបស់ខ្លួន ក្នុងទិសដៅពីជើងទៅត្បូង ស្រាប់តែជ្រុលចង្កូតបុករថយន្ដកូរ៉េ ដែលកំពុងជួសជុលផ្លូវបណ្ដាលឱ្យដួលស្លាប់និងរបួសយ៉ាងដូច្នេះ ។
យ៉ាងណាក៏ដោយ អត្ដសញ្ញាណជនរងគ្រោះទាំងពីរនាក់ សមត្ថកិច្ចមិនទាន់ស្គាល់នោះឡើយ ដោយបច្ចុប្បន្នបានទាក់ទងទៅរថយន្ដសង្គ្រោះបន្ទាន់មកដឹកជនរងគ្រោះម្នាក់ ដែលនៅដង្ហើមឆ្ពោះទៅកាន់មន្ទីរពេទ្យ ធ្វើការសង្គ្រោះបន្ដ។

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល