ពេជ្រ សុវណ្ណវិជ្ជរ៉ា ច្រានចោលព័ត៌មាន ថារើសអើងផលិតកម្មថត
ភ្នំពេញ៖ តារាសម្តែងធ្មេញជំពើស សាច់សរប្រៀបដូចជា បណ្តូលចេក កញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា ថ្មីៗនេះ បានចេញមុខបញ្ចេញប្រតិកម្មថា នាងមិនមានការរើសអើង ផលិតកម្មថត ដូចពាក្យចចាមអារ៉ាម លើកឡើងទេ ពោលគឺឲ្យតែមានផលិតកម្ម ទាក់ទងមកគឺនាង ទទួលថតទាំងអស់ ឲ្យតែមានពេលទំនេរ ។
កន្លងមកធ្លាប់មានព័ត៌មានលេចឮថា តារាសម្តែង កញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា តែងតែបដិសេធមិន ទទួលថតខារ៉ាអូខេ ឫរឿងឲ្យខាងផលិតកម្ម ណាមួយឡើយ បើទោះជាខាងផលិតកម្មនោះ ព្យាយាមរើសបទល្អៗ និងផ្តល់តំណែងតួឯកស្រីឲ្យនាងក៏ដោយ ព្រោះថានាងមិនចង់ចេញ មុខចេញមាត់ នៅផលិតកម្មណាផ្សេង ក្រៅពីផលិតកម្ម “ចន្ធី ពេជ្រ ព្រះកែវមរកតភាពយន្ត” របស់ម្តាយនាងទេ ។
ពាក់ព័ន្ធនិងការលើកឡើងបែបនេះ ត្រូវបានអតីតបវរកញ្ញាឯកទេសចរណ៏ ចំណាត់ថ្នាក់លេខ១ កាលពីឆ្នាំ២០០៨ កញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា បានប្រាប់គេហទំព័រ Looking TODAY តាមទូរស័ព្ទ កាលពីពេលថ្មីៗនេះថា ចំពោះព័ត៌មានដែលថា នាងបដិសេធមិនទទួលថត ឲ្យខាង ផលិតកម្មផ្សេងៗនោះ គឺមិនមែន មកពីនាងមិនចង់ទទួលទេ តែដោយសារនាងមានការរវល់ ជាមួយការងាររកស៊ី មុខជំនួញរបស់ម្តាយ ត្រូវឡើងចុះក្រៅប្រទេស មិនមានពេលគ្រប់គ្រាន់ទទួលការងារ ទើបនាងមិនបានទទួលមិនមែន មានន័យថា នាងរើសអើងមិនព្រមថតទេ ។
តារាស្រីវ័យក្មេងរូបស្រស់ កញ្ញា វិជ្ជរ៉ា បានប្រាប់ឲ្យដឹងថា “សម្រាប់ខ្ញុំឲ្យតែមានការងារ គឺខ្ញុំទទួលទាំងអស់មិនប្រកាន់ថា ផលិតកម្មល្បី ឫមិនល្បី ផលិតកម្មខ្លួនឯង ឫរបស់អ្នកណាទេ អ្វីដែលសំខាន់ គឺការងារដែលធ្វើទៅ អាចទទួលបានការគាំទ្រ និងមានប្រជាប្រិយភាព និងមានពេលថត គ្រប់គ្រាន់ គឺនាងOk ហើយ ” ។
តួឯកស្រីក្នុងរឿង “កូនប្រសារលេខមួយ” បានប្រាប់ឲ្យដឹងបន្ថែមទៀតថា នាងរំពឹងថាតាមរយៈការបកស្រាយនេះ អាចធ្វើឲ្យខាងផលិតកម្ម លែងមានការយល់ច្រឡំ មកលើនាងថារើសអើងទៀត ហើយពេលនេះនាងក៏មានពេលទំនេរគ្រប់គ្រាន់ ក្នុងការផ្តើមការងារជាថ្មី ដូច្នេះមិនថា ថតរឿង ឫថតខារ៉ាអូខេទេ គឺនាងមានពេលថតទាំងអស់ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល