គ.ជ.ប​ ថ្មី​កើត​ឡើង​ដូច​ការ​ចង់​បាន​របស់​បក្ស​កាន់​អំណាច

11/29/2014 0 Comments A+ a-


image (6)
គ.ជ.ប ថ្មី​ដែល​គណបក្ស​នយោបាយ​ទាំង​២ ព្រមព្រៀង​គ្នា​បង្កើត​នៅ​ចុង​ខែ​កុម្ភៈ ឆ្នាំ​២០១៥ គឺ​ដូច​ទៅ​អ្វី​ដែល​គណបក្ស​កាន់​អំណាច​ចង់​បាន ព្រោះ​សមាជិក​ស្ថាប័ន​នេះ ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត និង​ត្រូវ​មាន​សញ្ជាតិ​តែ​មួយ​ពេល​កំពុង​ធ្វើ​ការ​។ ចំណែក​រឿង​ទី​២ គឺ​បេក្ខជន ជ.គ.ប មិន​ត្រូវ​ជាប់​ញាតិ​ពន្ធ ឬ​ញាតិ​លោហិត​នឹង​ថ្នាក់​ដឹកនាំ​គណបក្ស​នយោបាយ។
00:00
00:00
មុន​ពេល​ចេញ​កិច្ច​ព្រមព្រៀង​នេះ គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា មិន​ចុះ​សម្រុង​គ្នា​លើ​បញ្ហា​សញ្ជាតិ និង​ញាតិ​លោហិត​អ្នក​នយោបាយ​នៅ​ក្នុង​ស្ថាប័ន​ឯករាជ្យ​មួយ​នេះ​ទេ។
តំណាង​គណបក្ស​ប្រជាជន​កម្ពុជា លោក កើត រិទ្ធ ប្រសាសន៍​ថា ការ​ព្រមព្រៀង​បង្កើត គ.ជ.ប ថ្មី​នៅ​ពេល​នេះ គឺ​ដើម្បី​ធានា​ថា គ.ជ.ប ថ្មី មាន​អព្យាក្រឹតភាព មាន​ឯករាជភាព គោរព​គោលការណ៍​ប្រជាធិបតេយ្យ និង​ធានា​ថា មិន​ជាប់​គាំង​នៅ​ពេល​ខាង​មុខ។ លោក​ថា នៅ​សប្ដាហ៍​ក្រោយ ក្រុម​ការងារ​បច្ចេកទេស​របស់​គណបក្ស​ទាំង​ពីរ​ជួប​ចរចា​គ្នា​បន្ត​ទៀត៖ «សំឡេង»។
ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​នេះ គឺ​ក្រោយ​ពី​មាន​ជំនួប​សម្ងាត់​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី នៅ​រដ្ឋសភា​ជាង​មួយ​ម៉ោង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា។ សេចក្ដី​ប្រកាស​រួម​ដែល​ចុះ​ហត្ថលេខា​ដោយ​ថ្នាក់ដឹកនាំ​កំពូល​ទាំង​ពីរ​បញ្ជាក់​ថា គ.ជ.ប ថ្មី នឹង​កើត​ចេញ​នៅ​ចុង​ខែ​កុម្ភៈ ឆ្នាំ​២០១៥។ សេចក្ដី​ប្រកាស​រួម​នោះ គឺ​គណបក្ស​សង្គ្រោះ​ជាតិ មាន​សិទ្ធិ​បើក​ទូរទស្សន៍​និង​វិទ្យុ​ដោយ​មាន​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន។
ចំណែក​លោក គួយ ប៊ុនរឿន តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា កិច្ច​ព្រមព្រៀង​នេះ គឺ​គណបក្ស​ទាំង​ពីរ​បាន​បញ្ចប់​រឿង​ចម្រូងចម្រាស​ដែល​នៅ​សេសសល់​នៅ​ពេល​កន្លង​មក។ ចំពោះ​រឿង​សញ្ជាតិ លោក គួយ ប៊ុនរឿន បន្ត​ថា អ្នក​ដែល​មាន​សញ្ជាតិ​ពីរ​ដែល​លះបង់​នោះ ពួកគេ​អាច​ស្នើ​សុំ​សញ្ជាតិ​មក​វិញ​បាន​នៅ​ពេល​ពួក​គេ​ឈប់​ធ្វើ​ការងារ​នៅ​ស្ថាប័ន​បោះ​ឆ្នោត​នេះ៖ «សំឡេង»។
​ទាក់ទង​រឿង​សញ្ជាតិ​នេះ​ដែរ បេក្ខជន​ទី​៩​នៃ​ស្ថាប័ន គ.ជ.ប អ្នកស្រី ពុង ឈីវកេក ដែល​មាន​សញ្ជាតិ​ពីរ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​នោះ​ទេ។ ចំណែក​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បដិសេធ​មិន​ឆ្លើយ​សំណួរ​របស់​វិទ្យុ​អាស៊ីសេរី​ដែរ ក្រោយ​ពេល​ចុះ​ហត្ថលេខា​ស្ដីពី​កិច្ច​ព្រមព្រៀង​នេះ។
​ក្រោយ​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម តំណាង​គណបក្ស​ប្រជាជន​កម្ពុជា លោក កើត រិទ្ធ បញ្ជាក់​ថា ក្នុង​ករណី​ដែល គ.ជ.ប ថ្មី​នេះ​មាន​ភាព​មិន​ប្រក្រតី ឬ​មិន​អាច​ដំណើរការ​ទៅ​មុខ​បាន រដ្ឋ​សភា​អាច​បោះឆ្នោត​រំលាយ​វិញ​បាន​ដោយ​សំឡេង ៥០​ភាគរយ​បូក​១។ ប្រធាន​ស្ថាប័ន​នេះ នឹង​ជ្រើសរើស​ដោយ​គណបក្ស​មាន​សំឡេង​ឆ្នោត​ទាំង​ពីរ ដោយ​រូបមន្ត ៤ + ៤ + ១ ដែល​បោះឆ្នោត​ផ្ដល់​ការ​ទុក​ចិត្ត​ដោយ​សភា។
ក្រសួង​ព័ត៌មាន​យល់​ព្រម​ផ្ដល់​ហ្វ្រេកង់​ទូរទស្សន៍​អោយ​គណបក្ស​សង្គ្រោះ​ជាតិ
លិខិត​របស់​ក្រសួង​ព័ត៌មាន ផ្ញើ​ជូន​ក្រុមហ៊ុន ខេមបូឌា អ៊ីនឌីផេនដេន មេឌា (Cambodian Independent Media) ដែល​តំណាង​អោយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា បញ្ជាក់​ថា ក្រុមហ៊ុន​នេះ​អាច​រៀបចំ​សំណុំ​បែបបទ​ប្រើប្រាស់​ប៉ុស្តិ៍​ទូរទស្សន៍ ដែល​ក្រសួង​បាន​ដក​ហូត​ពី​ក្រុមហ៊ុន​ទូរទស្សន៍​ខ្សែ​កាប​រាជធានី​ភ្នំពេញ។
លិខិត​ដដែល​បញ្ជាក់​ថា ហ្វ្រេកង់​ទូរទស្សន៍​នេះ​នឹង​ប្រើប្រាស់​ប្រព័ន្ធ​អាណាឡូក (Analog) ដែល​មាន​កម្លាំង​ផ្សាយ ១០​គីឡូវ៉ាត់​ក្នុង​រាជធានី​ភ្នំពេញ និង ១​គីឡូវ៉ាត់​សម្រាប់​ការ​ផ្សាយ​បន្ត​តាម​បណ្ដា​ខេត្ត៕
ប្រភពពី វិទ្យុអាស៊ីសេរី