អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​អំពាវនាវ​ឲ្យ​ជនជាតិ​ដើម​ព្នង​ឈប់​បង្កើត​ភូមិ​ថ្មី​ក្នុង​តំបន់​ព្រៃ​អភិរក្ស

11/29/2014 0 Comments A+ a-


image (4)
អាជ្ញាធរ​ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា អំពាវនាវ​ឲ្យ​អ្នក​ភូមិ​ជនជាតិ​ព្នង បញ្ឈប់​ការ​តាំង​ទីលំនៅ និង​បង្កើត​ភូមិ​ខុស​ច្បាប់​ក្នុង​តំបន់​អភិរក្ស​ភ្នំ​ណាមលៀរ ហើយ​វិល​ត្រឡប់​មក​ភូមិ​ដែល​ពួក​គាត់​កំពុង​រស់នៅ​បច្ចុប្បន្ន​វិញ។
ចំណែក​អ្នក​ភូមិ​អះអាង​ថា ពួក​គាត់​ជួប​ការ​លំបាក​ពេល​រស់នៅ​ក្នុង​ភូមិ​ចាស់ ទើប​នាំ​គ្នា​ទៅ​តាំង​ទីលំនៅ​បង្កើត​ភូមិ​ថ្មី។
ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ បាន​បដិសេធ​មិន​ចាត់​តំណាង​ទៅ​ជួប​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ស្រុក ជុំវិញ​ការ​តាំង​ទីលំនៅ​ខុស​ច្បាប់​នៅ​តំបន់​ដី​រដ្ឋ ដែល​ដក​ហូត​ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច អិល.ខេ.អិល (LKL)។
កាល​ពី​ខែ​តុលា ប្រជាពលរដ្ឋ​ភូមិ​ប៊ូស្រា និង​ភូមិ​ពូទឺត ជាង ១០០​គ្រួសារ នាំ​គ្នា​ទៅ​សង់​រោង​ស្នាក់នៅ​ក្នុង​ដី​សម្បទាន​ចម្ងាយ​ប្រមាណ ២០​គីឡូម៉ែត្រ​ពី​ភូមិ​ចាស់ និង​ឋិត​នៅ​ប្រមាណ ២​គីឡូម៉ែត្រ​ពី​ប៉ុស្តិ៍​ការពារ​ព្រំដែន​ង៉ាន់​ទទឹង ជាប់​នឹង​ប្រទេស​វៀតណាម ក្នុង​គោល​បំណង​រៀបចំ​កន្លែង​នោះ​ជា​ភូមិ​ថ្មី។
ទាក់ទិន​ករណី​នេះ អភិបាល​រង​ស្រុក​ពេជ្រាដា លោក ខាំ ដារ៉ា ចាត់​ទុក​ទង្វើ​ប្រជាពលរដ្ឋ ថា​ជា​អំពើ​ខុស​ច្បាប់ ដោយ​ហេតុ​ថា ដី​ដែល​ប្រជាពលរដ្ឋ​ចូល​ទៅ​តាំង​ទីលំនៅ​ជា​ដី​តំបន់​អភិរក្ស ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន។ លោក​បន្ត​ថា អ្នក​ភូមិ​ត្រូវ​វិល​ទៅ​ភូមិ​ពួក​គាត់​ធ្លាប់​រស់នៅ ហើយ​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច ប្រសិន​ពលរដ្ឋ​ណា​គ្មាន​ដី៖ «ជាក់ស្តែង​ព្រៃ​ទេ ភូមិ​ចាស់​តាំង​ពី​សម័យ​ណា​ទេ បាទ! មិន​អនុញ្ញាត​ឲ្យ​ទេ អ៊ីចឹង​ឲ្យ​គាត់​វិល​មក​វិញ ដើម្បី​យើង​រក​ដី​សង្គមកិច្ច​ឲ្យ​ពួក​គាត់»
អាជ្ញាធរ​ឃុំ​ប៊ូស្រា ឲ្យ​ដឹង​ថា រហូត​បច្ចុប្បន្ន តួលេខ​ប្រជាពលរដ្ឋ​ចូល​ទៅ​សង់​រោង​ប្រក់​តង់​កៅស៊ូ​រស់នៅ​ក្នុង​តំបន់​អភិរក្ស​ភ្នំ​ណាមលៀរ កើន​ដល់​ជិត ២០០​គ្រួសារ។ ប្រជាពលរដ្ឋ​មក​តាំង​ទីលំនៅ​បែក​ជា​ពីរ​ក្រុម នាំ​គ្នា​វាស់​ដី​ក្បាល​ទំហំ ៥០​ម៉ែត្រ​តាម​បណ្តោយ​ផ្លូវ​ក្រុមហ៊ុន អិល.ខេ.អិល សាងសង់​សម្រាប់​ចែក​គ្នា​តាំង​ទីលំនៅ។
ឆ្លើយ​តប​ចំពោះ​ការ​អំពាវនាវ​នេះ តំណាង​អ្នក​តាំង​ទីលំនៅ​ថ្មី អ្នកស្រី កប់ លេត បដិសេធ​ថា ពួក​គាត់​មិន​ចាក​ចេញ​ទៅ​ភូមិ​ចាស់​វិញ​ទេ ពីព្រោះ​តំបន់​នេះ គឺ​ជា​អតីត​ភូមិ​របស់​ពួក​គាត់​មាន​ដី​សម្រាប់​ធ្វើ​ស្រែ​ប្រមាណ ២០០​ហិកតារ។ ម្យ៉ាង​វិញ​ទៀត អ្នក​ភូមិ​សំឡឹង​ឃើញ​ពី​សក្ដានុពល​ផ្នែក​សេវាកម្ម​ទេសចរណ៍។ អ្នក​ភូមិ​ទាមទារ​រស់នៅ​ទី​នេះ ដើម្បី​ការពារ​ធនធាន​ព្រៃ​ឈើ បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍​សហគមន៍។ អ្នកស្រី​បន្ត​ថា សហគមន៍​ជនជាតិ​ដើម​មាន​ប្រពៃណី​រស់នៅ​អាស្រ័យ​ធនធាន​ធម្មជាតិ ហេតុ​នេះ​ការ​តាំង​ទីលំនៅ​ថ្មី​ក្នុង​ព្រៃ​ធម្មជាតិ គឺ​ជា​ប្រពៃណី​អ្នក​ភូមិ​ច្រើន​ជំនាន់​មក​ហើយ៖ «ប្រជាពលរដ្ឋ​នៅ​តែ​បោះ​ទីតាំង​ហ្នឹង គាត់​អត់​ព្រម​ចាក​ចេញ​ទេ គាត់​ប្រក់​តង់​បម្រុង​ធ្វើ​ផ្ទះ។ តង់ និង​រោង​ហ្នឹង​ជាង​៤០ គាត់​នៅ​ផ្ដុំ​គ្នា​សិន»
ផ្ទុយ​ពី​ការ​អះអាង​របស់​អ្នក​ភូមិ ប្រធាន​ភូមិ​ពូទឺត លោក ស្រេង អៀច អះអាង​ថា អាជ្ញាធរ​ស្រុក​បាន​តម្រូវ​ឲ្យ​អាជ្ញាធរ​ភូមិ និង​ឃុំ រៀបចំ​ប្រជុំ​ណែនាំ​ជា​ថ្មី ឲ្យ​ប្រជាពលរដ្ឋ​ទាំង​នោះ​វិល​មក​ភូមិ​ចាស់​វិញ។ ចំណែក​អាជ្ញាធរ​ឃុំ ក៏​គ្រោង​ជួប​ប្រជុំ​ជាមួយ​តំណាង​អ្នក​តាំង​ទីលំនៅ​ថ្មី​នៅ​ចុង​សប្ដាហ៍ ឬ​ដើម​សប្ដាហ៍​ក្រោយ៖ «តាម​ស្រុក​ចង់​ឲ្យ​ខ្ញុំ​ប្រមូល​គាត់​មក​វិញ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ធ្វើ​ម៉េច គាត់​មិន​ព្រម​មក។ ខ្ញុំ​ស្តាប់​ស្រុក​ប្រើ​ដែរ តែ​ខ្ញុំ​ជួយ​ប្រជាពលរដ្ឋ​ដែរ»
ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (adhoc) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា សំណូមពរ​ឲ្យ​អាជ្ញាធរ​ពិចារណា​ឡើង​វិញ ជុំវិញ​ការ​តាំង​ទីលំនៅ​នេះ។ លើស​ពី​នេះ លោក​បង្ហាញ​ពី​ផល​វិជ្ជមាន​ដែល​ថា ការ​តាំង​ទីលំនៅ​របស់​អ្នក​ភូមិ​ជនជាតិ​ដើម មិន​មាន​ផល​ប៉ះពាល់​ព្រៃ​ឈើ ឬ​តំបន់​អភិរក្ស​នោះ​ឡើយ។ អ្នក​ភូមិ នឹង​ចូលរួម​ការពារ​ព្រៃ​ឈើ​បាន​ងាយ​ស្រួល ចំណែក​ការ​បង្កើត​ភូមិ​ជិត​តំបន់​ព្រំដែន ក៏​ជា​ការ​រួម​ចំណែក​ការពារ​ទឹក​ដី​នៅ​តំបន់​នោះ។
ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាល​ពី​ខែ​តុលា ឆ្នាំ​២០១៤ បាន​ដក​ហូត​ដី​ជិត ៦​ពាន់​ហិកតារ​ក្នុង​តំបន់​អភិរក្ស​ភ្នំ​ណាមលៀរ ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច អិល.ខេ.អិល ប្រគល់​ឲ្យ​ក្រសួង​បរិស្ថាន បន្ទាប់​ពី​ប្រជាពលរដ្ឋ​ឃុំ​ប៊ូស្រា ជាង ៨០០​នាក់ ធ្វើ​បាតុកម្ម​ប្រឆាំង​ក្រុមហ៊ុន ដែល​ប្រើ​កង​សន្តិសុខ​បាញ់​គំរាម​មិន​ឲ្យ​អ្នក​ភូមិ​ចូល​ទៅ​ធ្វើ​ស្រែ​ចម្ការ​នៅ​តំបន់​នោះ៕
ប្រភពពី វិទ្យុអាស៊ីសេរី