សមត្ថកិច្ច​រារាំង​អ្នក​តវ៉ា​រក​អន្តរាគមន៍​រឿង​ដី​មិន​ឲ្យ​ទៅ​សភា

11/29/2014 0 Comments A+ a-


image (2)
សមត្ថកិច្ច​ចម្រុះ​ជិត ១០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា រារាំង​អ្នក​តវ៉ា​ដីធ្លី​ប្រមាណ ១០០​នាក់​ដែរ​នោះ មិន​ឲ្យ​ដើរ​ឆ្ពោះ​ទៅ​កាន់​មន្ទីរ​រដ្ឋ​សភា ខណៈ​ពេល​ដែល​ពួកគេ​ស្វែង​រក​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះលែង ព្រះសង្ឃ​និង​សកម្មជន​ដីធ្លី​ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស។ ការ​រារាំង​នេះ ដោយ​ហេតុថា មាន​កិច្ច​ប្រជុំ​ពេញអង្គ​ពី​ថ្នាក់​កំពូល​នៃ​បក្ស​ទាំង​ពីរ ទាក់ទង​ការ​អនុម័ត​ថវិកា​ជាតិ​នៅ​រដ្ឋ​សភា។
ពលរដ្ឋ​រង​គ្រោះ​ដី​ធ្លី​ជិត ១០០​នាក់​នោះ មក​ពី​សហគមន៍​បឹងកក់ បុរីកីឡា​ និង​ឡពាង សម្រេច​នាំ​គ្នា​ទៅ​តវ៉ា​នៅ​ក្រសួង​យុត្តិធម៌​វិញ។ ការ​ប្រមូល​ផ្តុំ​គ្នា​ដោយ​ស្រែក​តវ៉ា​នៅ​ពី​មុខ​ក្រសួង​យុត្តិធម៌​ក្នុង​បំណង​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ជួយ​អន្តរាគមន៍​ដោះ​លែង​ព្រះសង្ឃ​ សកម្មជន​ដីធ្លី​ និង​សកម្មជន​គណបក្ស​នយោបាយ​សរុប​ចំនួន ១៨​នាក់ ​នេះ​បន្ទាប់​ពី​តុលាការ​សម្រេច​ឃុំ​ខ្លួន​​នៅ​ពន្ធនាគារ​ព្រៃ​ស។
លោក​ លឹម សំអឿន ​ជា​ស្វាមី​របស់​លោកស្រី ហេង ពេជ្រ រស់​នៅ​បឹងកក់ ថ្លែង​ថា លោក​មិន​មាន​បំណង​អ្វី​ក្រៅ​ពី​ស្នើ​សុំ​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ ជួយ​ផ្តល់​យុត្តិធម៌​ដល់​ភរិយា​របស់​លោក និង​អ្នក​ផ្សេង​ទៀត​ដែល​កំពុង​ជាប់​ឃុំ៖ «ស្នើ​សុំ​អង្វរ​ដល់​រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​សុំ​អោយ​មាន​ការ​ដោះលែង​ ការ​ដែល​ចាប់​ដាក់​ពន្ធនាគារ​ព្រៃ​ស​យ៉ាង​នេះ ធ្វើ​ឲ្យ​នៅ​ផ្ទះ​បួន​ដប់​នាក់​កំព្រា​អត់​មាន​ម្តាយ ធ្លាប់​តែ​រក​ម្ដាយ ធ្វើ​ឲ្យ​លំបាក​នៅ​ក្នុង​គ្រួសារ»
តុលាការ​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទ​ប្រកាន់​ស្រ្តី​ជា​សកកម្មជន​ដីធ្លី ១០​នាក់ និង​ព្រះសង្ឃ ១​អង្គ​ពី​បទ​បង្ក​ស្ទះ​ចរាចរណ៍​សាធារណៈ និង​ប្រឆាំង​មន្រ្តី​សាធារណៈ ដោយ​ពិន័យ​ជា​ប្រាក់ ១​នាក់ ២​លាន​រៀល និង​ឲ្យ​ជាប់​ពន្ធនាគារ ១​នាក់ ១​ឆ្នាំ៕
ប្រភពពី វិទ្យុអាស៊ីសេរី