សែស្រឡាយ Nokia ត្រកូល X មកដល់ទីផ្សារកម្ពុជាខែក្រោយក្នុងតម្លៃក្រោម ២០០ ដុល្លារ
តាមការបង្ហើបប្រាប់របស់តំណាងក្រុមហ៊ុន Nokia នៅកម្ពុជាបានឲ្យដឹងថា សែស្រឡាយ Nokia X ដែលមានស្មាតហ្វូន Nokia X, X+ និង Nokia XL អាចនឹងមានលក់នៅលើទីផ្សារកម្ពុជានៅអំឡុងខែមីនាខាងមុខនេះ។
ពីទីក្រុងប៉ាសេឡូណា Nokia បានប្រកាសបង្ហាញ Smartphone ស៊េរីថ្មីៗតម្លៃធូរថ្លៃនៅ MWC យ៉ាងឧឡារិក ជាពិសេស Nokia ត្រកូល X ដែលច្របាច់បញ្ចូលបច្ចេកវិទ្យារវាង Android, Windows Phone និង Asha OS របស់ Nokia ផ្ទាល់។
លោក អ៊ី សុគន្ធ បានបញ្ជាក់ថា តាមការរំពឹងទុកនៅខែក្រោយនេះ សែស្រឡាយ Nokia X ដែលបរិបូរទៅដោយកម្មវិធី Android, Microsoft និង Nokia នឹងមកដល់ទីផ្សារកម្ពុជា ហើយដែលអតិថិជនអាចទិញប្រើប្រាស់តាមតម្រូវការ។
លោកបន្តដោយមានជំនឿជឿជាក់ថា សែស្រឡាយ Nokia X នឹងទទួលការគាំទ្រ ដោយសារតែលក្ខណៈសម្បត្តិប្រើប្រាស់ដ៏សំបូរបែប ជាពិសេសតម្លៃធូរថ្លៃ ដើម្បីអាចបំពេញរាល់តម្រូវការទិញប្រើប្រាស់និងពលរដ្ឋដែលមានជីវភាព មធ្យម។
ក្រៅពី សែស្រឡាយ Nokia X ដែលក្រុមហ៊ុន Nokia បានប្រកាសបង្ហាញនៅកម្មវិធី MWC នាឱកាសនោះដែរ Nokia ក៏បង្ហាញពីទូរសព្ទធូរថ្លៃពីរស៊េរីថ្មីទៀតគឺ Nokia 220 និង Nokia Asha 230 ហើយដែលអាចមកទីផ្សារកម្ពុជាស្របពេលគ្នានោះដែរ។