គណបក្ស​ប្រជាជន​កម្ពុជា រិះគន់​លោក​សមរង្ស៊ី ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ ភ្នំ​បូកគោ នៅ​ខេត្តកំពត

2/19/2014 0 Comments A+ a-


Sam_Riansy_Mob_CEN_30_01_14ភ្នំពេញ:  ​គណបក្ស​ប្រជាជន​កម្ពុជា បានចេញ​ផ្សាយ​នូវ​អត្ថបទ​រិះគន់​លោក​សមរង្ស៊ី ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍន៍ ភ្នំ​បូកគោ ក្នុង​ខេត្តកំពត​។ អត្ថបទ ដែល​បានចេញ​ផ្សាយ​លើ​វេ​ប​សាយ​ផ្លូវការ​របស់​គណបក្ស​នេះ នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៤ ដោយបាន​គូសបញ្ជាក់ថា លោក​សមរង្ស៊ី មាន​ច​រឹត​រើសអើង​ពូជសាសន៍​នឹង​វៀតណាម​។​
​អត្ថបទ ដែលមាន​ចំណងជើង​ថា “​សមរង្ស៊ី​មិន​សប្បាយ​ចិត្តនឹង​ការអភិវឌ្ឍ​ភ្នំ​បូកគោ​ទេ​” ចេញផ្សាយ នៅ​ថ្ងៃ​អង្គារ ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៤ បាន​បង្ហាញថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​សមរង្ស៊ី បាន​សម្តែង​ភាពមិន​សប្បាយចិត្ត ក្រោយ​ការ​ឃើញ​ដំណើរការ អភិវឌ្ឍ​ភ្នំ​បូកគោ ដែល​កាលពីមុន​ភ្នំ​បូកគោ មិនដែល​មានការ​ធ្វើ​ថ្នល់​យ៉ាង​ស្អាត​ចុះ ឡើង​យ៉ាង​ស្រួល​ដូច​នាពេលនេះ​ទេ​។​
​គេហទំព័រ​ដដែល បាន​លើកឡើងថា ផ្លូវ​ឡើងទៅ​លើ​ភ្នំ​បូកគោ ដែល​ស្ថាបនា​ក្នុងអំឡុង​ទសវត្ស ឆ្នាំ​៦០ នា​អតីតកាល មាន​សភាព​តូចចង្អៀត ដែល​ពិបាក​គេច​នឹង​រថយន្ត​បើក​ចុះឡើង​ភ្នំ ដែលមាន​ចំណោត​ជាខ្លាំង​ណាស់ ខុស​នឹង​សម័យ​បច្ចុប្បន្ន ដែល​បាន​ពង្រីក​ថ្នល់​ចាក់​កៅស៊ូ​យ៉ាង​ស្អាត​”​ប្រែក្លាយ​ទី​ចំណោត​លែងអោយ​ មានការ​ពិបាក​” បានធ្វើ​ស្ពាន​ថ្មី និង​បានរៀបចំ​ជា​កន្លែង​សំចត​តាម​ដំណាក់​នៃ​កន្លែង​នីមួយៗ រហូតដល់​លើ ភ្នំ​ទៀតផង​។​
​អត្ថបទ​ដដែល បាន​បង្ហាញថា ភ្នំ​បូកគោ ដែល​ពីមុន​តែ​សំណង់​កាស៊ីណូ និង​សំណង់​លំហែកាយ​តិចតួច ត្រូវគេ​ឃើញថា បាន​ប្រែ​មុខមាត់ ដោយសារតែ​ការអភិវឌ្ឍ​ដ៏​លឿន​នាបច្ចុប្បន្ន ប៉ុន្តែ​លោក​សមរង្ស៊ី បានបង្ហាញ​អារម្មណ៍​កាលពី​ចុង​សប្តាហ៍​កន្លងមកនេះ ថា លោក​មិន​សប្បាយចិត្ត ចំពោះ​ការអភិវឌ្ឍ​ទាំងនេះ​ទេ​។
​អត្ថបទ បាន​កត់សម្គាល់ថា លោក​សមរង្ស៊ី ដែលមាន​ច​រឹត​រើសអើង​ពូជសាសន៍​នឹង​វៀតណាម បាន​ចោទថា ការអភិវឌ្ឍន៍​ភ្នំ​បូកគោ​នេះ គឺ​ស្ថិតក្រោម​ការគ្រប់គ្រង​អ្នកវិនិយោគ ដែលមាន​សញ្ជាតិ​វៀតណាម​។ លោក​និយាយ​ចោទថា ការធ្វើ​វិនិយោគ​ដោយ​អ្នកមាន​សញ្ជាតិ​វៀតណាម មិន​ត្រឹមតែ​លក្ខណៈ​បំរើ​វិស័យ​ទេសចរណ៍ និង​ការហោះហើរ​តាមផ្លូវ​អាកាស គឺ​បាន​បំរើ​ផលប្រយោជន៍​វៀតណាម និង​លោក​បាន​ចោទ​ទៀតថា វិនិយោគ​របស់​វៀតណាម គឺជា​ការដាក់​អាណានិគម​ត្រួតត្រា​វៀតណាម​មកលើ​កម្ពុជា​។​
​គេហទំព័រ ដដែល បាន​លើកឡើងថា “​សម្តី​និយាយ​បង្ហាញ​ភាព​រើសអើង​នឹង​ជាតិ​សាសន៍​វៀតណាម​នេះ ត្រូវគេ​ឃើញថា គឺជា​នយោបាយ​ផ្តាច់មុខ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ទៅហើយ ដើម្បី​ការស្វែងរក​អ្នកគាំទ្រ​ជាពិសេស​ចង្កោម​អ្នកគាំទ្រ​ពី​ខ្មែរ​កម្ពុជា​ ក្រោម​ខ្លះ ដែលមាន​កំហឹង​ចំពោះ​វៀតណាម​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​បាត់​ទឹកដី​កម្ពុជា​ ក្រោម​។ ការ​វាយ​សម្លាប់​ជនជាតិ​វៀតណាម កាលពី​ចុង​សប្តាហ៍​នេះ ត្រូវគេ​ឃើញថា គឺ​ដោយសារតែ​កំហឹង​ញុះញង់​ប្រកាន់ពូជសាសន៍​ស្អប់​វៀតណាម​នោះ​ផងដែរ​”​។​
​អត្ថបទ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​លើកឡើងថា ដោយឡែក​សង្ឃ​មួយក្រុម ដែល​ប្រើ​ឈ្មោះ​សង្ឃ​ឯករាជ្យ ដែល​គេ​ឃើញ​តែង​ប្រើ​អំពើហិង្សា និង​ប្រព្រឹត្ត​ខុស​នឹង​វិន័យ​ធម៌​សាសនាព្រះពុទ្ធ ក៏​ជា​ក្រុម​សង្ឃ ដែលមាន​មេ​កើយ​ដឹកនាំ​ជា​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​គំនុំ​រើសអើង​ពូជសាសន៍​នឹង​វៀតណាម​នោះ​ផងដែរ ដែល​ច​រឹត​រើសអើង​ពូជសាសន៍ មិនអាច​កែ​បាន​នេះហើយ ត្រូវគេ​បារម្ភ​អំពី​ការ​កំពុង​អុជអាល ចង់​ដុត​បញ្ឆេះ​អោយ​កម្ពុជា​អោយ​ធ្លាក់​ក្នុង​សង្គ្រាមស៊ីវិល​ម្តងទៀត​។​
​មិនទាន់មាន​អត្ថាធិប្បាយ​បែបណា​ពី​លោក​សមរង្ស៊ី ពាក់ព័ន្ធ​នឹង​អត្ថបទ​ខាងលើ​ទេ​។ ប៉ុន្តែ​កាលពី​ថ្ងៃ​ចន្ទ ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៤ គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តីថ្លែងការណ៍​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​ទាំងអស់ បញ្ចប់​នូវ​វប្បធម៌​ហិង្សា ក្នុងសង្គម​គ្រប់​ប្រភេទ ហើយ​ងាក​មក​ប្រើ​វប្បធម៌​នៃ​ការគោរព​សិទ្ធិមនុស្ស​។​
​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តីថ្លែងការណ៍​ខាងលើនេះ បន្ទាប់ពី​បានទទួល​ដំណឹង​អំពើ​ឃាតកម្ម​យ៉ាង​ព្រៃផ្សៃ​តាម​ដងផ្លូវ​សាធារណៈ ក្នុងពេល​ពេល​ថ្មីៗ​នេះ រួមទាំង​ឃាតកម្ម​លើ​ជនជាតិ​វៀតណាម បន្ទាប់ពី​ជម្លោះ​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ចុង​សប្តាហ៍​មុន​ផងដែរ​។
​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​ថ្កោលទោស ចំពោះ​ការប្រើ​ហិង្សា​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់ តាម​គ្រប់​រូបភាព ដែល​វប្បធម៌​នេះ បាន និង​កំពុង​កើតមានឡើង​ស្ទើរ​គ្រប់​ទីកន្លែង ក្នុងប្រទេស​កម្ពុជា នាពេល​បច្ចុប្បន្ននេះ​៕
ប្រភពពី CEN