មកដល់​ថ្ងៃនេះ​គេ​មិនទាន់​ចំណាត់ការ​បែបណា​នៅឡើយ​ទេ លើ​ក្រុម​សមត្ថកិច្ច​ទំនើង​ដណ្តើមយក​ជនល្មើស​២​នាក់ និង​ឡាន​ល្មើស​ដឹកឈើ​ខុសច្បាប់​ក្នុងពេល​សមត្ថកិច្ច​ចម្រុះ​កំពុង​បង្ក្រាប​បទល្មើស​

2/19/2014 0 Comments A+ a-

កំពង់ឆ្នាំងៈ ករណី​សមត្ថកិច្ច​ទំនើង​មួយក្រុម​នាំគ្នា​រំដោះ​យក​ជនល្មើស​២​នាក់ និង​រថយន្ត​ដឹកឈើ​ល្មើស ដែលជា​បទល្មើស​ជាក់ស្តែង​កាលពី​យប់​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៤ មកដល់​ថ្ងៃនេះ លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោកស្នងការ​នគរបាល​ខេត្ត និង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​នៅ​មិនទាន់មាន​ចំណាត់ការ​នៅឡើយ​ទេ មិនតែប៉ុណ្ណោះ​សមត្ថកិច្ច​ទំនើង​មួយចំនួន ដែល​ពាក់ព័ន្ធ​ក្នុងករណីនេះ ខ្លះ​បាន​គំរាម​ប្តឹង​អ្នកសារព័ត៌មាន និង​មួយចំនួនទៀត​អង្វរ​សុំ​មិនអោយ​ចុះផ្សាយ​ទៀតផង​។
ចំពោះ​ការចោទប្រកាន់​ទាំងនេះ នៅ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៤ លោក យឹម សុជាតិ បាន​បដិសេដថា ក្នុង​យប់នោះ លោក​នៅ​ច្រៀង​ខារ៉ាអូខេ​នៅ​ហាង​៩៨ លោក​មិនបាន​ទៅជា​មួយ​គេ​នោះទេ ដោយឡែក​រថយន្ត​រប​ស់លោក ត្រូវបាន​លោក លន់ ឡេង ខ្ចី​ជិះ​ទៅ​កន្លែង​សមត្ថកិច្ច​ចម្រុះ​កំពុង​បង្ក្រាប​បទល្មើស​នោះ ដោយ​ដោះ​ស្លាក​លេខ​ទុក​។
លោក លន់ ឡេង វិញ​បាន​បំភ្លឺ​នៅ​ថ្ងៃទី​១៣ ខែមករា​ដែរ​ថា យប់កើតហេតុ​នោះ លោក​បាន​ទៅដល់​ទីនោះ​ពិតមែន តែ​ពុំបាន​ទៅ​អូស​ឈើ​ល្មើស​ទម្លាក់​ពីលើ​រថយន្ត​ល្មើស​នោះឡើយ គឺ​ប្រជាពលរដ្ឋ​ទេ​ជា​អ្នក​ទាញ​ទម្លាក់ ព្រោះ​គេ​ថា វា​អយុត្តិធម៌​ក្នុងការ​បង្ក្រាប​បែបនេះ ហើយ​លោក យឹម សុជាតិ ក៏​មិនបាន​ទៅ​ជាមួយនឹង​លោក​ដែរ​។ ចំណែក​ជនល្មើស​២​នាក់ និង​រថយន្ត​ល្មើស ត្រូវបាន​ម្ចាស់​រថយន្ត​បើក​យកមក​ទេ​។ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៤​កន្លងមកនេះ លោក លន់ ឡេង បានបញ្ជាក់​ឲ្យ​ដឹងថា ឈើ និង​រថយន្ត​នោះ​ជា​របស់​មិត្ត​ភ័​ក្រ​ខ្លួន ដោយ​ខ្លាច​សមត្ថកិច្ច​ចាប់​រថយន្ត និង​មិត្ត​ភ័​ក្ត​គេ​ឃុំខ្លួន ទើប​គេ​ធ្វើបែបនេះ​។
នៅ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៤​នេះ លោក លឹម ហាក់ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត ដែល​រង​ការចោទប្រកាន់​ដែរនោះ មិនអាច​សុំ​ការបំភ្លឺ​បានទេ ដោយ​ទូរស័ព្ទ​លោក​ពុំមាន​អ្នកទទួល​។ តែ​លោក​ក៏បាន​បំភ្លឺ​កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៤​ថា លោក​មិនបាន​ចូលរួម​ក្នុង​សកម្មភាព​រំដោះ​យក​ជន​ល្មើស និង​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​នោះទេ លោក​ហ៊ាន​ស្បថ​ដាក់​ជីវិត គឺ​ក្នុងពេល​កើតហេតុ លោក​កំពុង​នៅ​ច្រៀង​ក្នុង​ខារ៉ាអូខេ​ក្នុង​ហាង​៩៨ និង​មាន​សាក្សី​មួយចំនួន​អាច​បញ្ជាក់បាន​។
គួ​របញ្ជាក់​តាម​របាយការណ៍​សមត្ថកិច្ច​ចម្រុះ​ផងដែរ​ថា កាលពី​យប់​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៤ ក្នុងពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​លោក យឹម សុជាតិ មន្ត្រីនគរបាល​ខេត្ត ពណ៌​ស​ចង្កូត​ស្តាំ​អត់​ស្លាក​លេខ ដោយ​ដឹក​លោក លន់ ឡេង ជា​មន្ត្រី​យោធា និង​ជា​អ្នករកស៊ី​ដឹក​ជ្រូក និង​លោក វ៉ន សា​មៀន រស់នៅ​ភូមិ​គល់​គុប ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ បាន​លើកគ្នា​ទៅ​រំដោះ​ដណ្តើមយក​ជនល្មើស​២​នាក់ និង​ឡាន​ដឹកឈើ​ល្មើស ដែល​ក្នុង​ក្រុម​នោះ មាន​រថយន្ត ៦​គ្រឿង រួមទាំង​រថយន្ត​អ្នកកាសែត​ផងដែរ​។ ក្រោយមក​លោក លន់ ឡេង បាន​យក​សោ​ពី​លោក គឹម សារ៉េត ជា​មន្ត្រីនគរបាល​សេដ្ឋកិច្ច​ខេត្ត បើក​យក​ឡាន​ល្មើស និង​ជនល្មើស​ជា​ម្ចាស់​ឡាន​២​នាក់​ទៀត ចេញ​បាត់​ពី​កន្លែងកើតហេតុ ចំណែក​លោក យឹម សុជាតិ បាន​បើករថយន្ត​របស់ខ្លួន​មក​ក្រុង​កំពង់ឆ្នាំង​វិញ​។ បន្ទាប់មក​លោក យឹម សុជាតិ បាន​ដឹក​ឪពុក​របស់ខ្លួន​លោក យឹម សូ​ភាស់ ជា​ស្នងការរង​ទៅ​ចាំ​នៅមុខ​ផ្សារ​ពង្រ​វិញ ក្រោយពី​មាន​បញ្ជា​ពី​លោក​អភិបាលខេត្ត និង​លោកស្នងការ​នគរបាល​ខេត្ត ពេលនោះ សមត្ថកិច្ច​ចម្រុះ​ក៏​បានឃើញ​រថយន្ត​លោក យឹម សុជាតិ ពាក់​ស្លាក​លេខវិញ គឺ​ស្លាក​លេខ នគរបាល 2-0683​។
លោក ស៊ិន កុសល នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង ជា​អ្នកដឹកនាំ​កម្លាំង​បង្ក្រាប​ផ្ទាល់​ក្នុង​យប់នោះ បាន​និយាយ​ឲ្យ​ដឹងថា ឈើ​ទាំង​៤​ដុំ ដែល​សមត្ថកិច្ច​ទំនើង​អូស​ទម្លាក់​ចេញពី​រថយន្ត​ល្មើស​នោះ ជា​ឈើ​រាជ​ឆ្កុ​ល​ប្រភេទ​លេខ​១ ហើយ​ត្រូវ​សមត្ថកិច្ច​១​ក្រុម​ធ្វើ​សកម្មភាព​ដណ្តើមយក​ជ​ន​ល្មើស​២​នាក់ និង​រថយន្ត​ល្មើសច្បាប់​ទៅវិញ​នោះ លោក​បាន​កសាង​សំណុំរឿង​តាមច្បាប់​បញ្ជូនទៅ​ជូន​លោក​អភិបាលខេត្ត លោកស្នងការ​នគរបាល​ខេត្ត និង​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រួចហើយ​។ ចំណាត់ការ​យ៉ាងណា​នោះ សម្រេច​ទៅលើ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​តែប៉ុណ្ណោះ ព្រោះនេះ ជា​បទល្មើស​ជាក់ស្តែង​មួយ ដែល​មិនត្រូវ​បណ្តែតបណ្តោយ​នោះទេ​។ ដោយឡែក​ការចុះ​បង្ក្រាប​នេះ​ទៀតសោត ក៏​ជា​បញ្ជា​ផ្ទាល់​ពី​លោក ពេញ វិបុល ព្រះរាជអាជ្ញា​ខេត្តកំពង់ឆ្នាំង​នោះដែរ​។
លោក អាត់ ខែម ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ភ្នំពេញ​ថែម​ស៍​ ដឹងថា លោក​នឹងមិន​អត់ឱន​ឲ្យ​មន្ត្រីនគរបាល​នៅក្រោម​ឱវាទ​លោក​ណាមួយ​ធ្វើអំពើ​មិន​ គប្បី​តាម​ទំនើងចិត្ត​ទេ ហើយ​ក្នុងករណីនេះ ទៅតាម​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ ព្រោះនេះ ជា​អំពើ​ល្មើស​ជាក់ស្តែង​មួយ​។​
ដោយឡែក​លោក ពេញ វិបុល ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង មិនបាន​ផ្តល់ព័ត៌មាន​ណាមួយ​ជាក់លាក់​នៅក្នុង​ករណី​បទល្មើស​ជាក់ស្តែង​នេះ​ នោះទេ ដោយ​លោក​គ្រាន់តែ​ប្រាប់ថា ទុក​ឲ្យ​សមត្ថកិច្ច​ជំនាញ​ជា​អ្នកដោះស្រាយ​ទៅ​។​
ទាក់ទង​នឹង​ករណី​ខាងលើនេះ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាន​ឲ្យ​ភ្នំពេញ​ថែម​ស៍ដឹង​ថា លោក​បានទទួល​សំណុំរឿង​ពី​លោក ស៊ិន កុសល រួចហើយ ចំណែក​សមត្ថកិច្ច​ដែល​បាន​ទៅជា​មួយក្រុម​រំដោះ​ជនល្មើស​ព្រមទាំង​រថយន្ត​ ល្មើស​នោះ ក៏​លោក​បាន​ស្គាល់ឈ្មោះ តួនាទី និង​អង្គភាព​រួចហើយ​ដែរ​។ លោក​បន្តថា លោក​មិន​ទុក​ឲ្យ​ពួកគេ​ធ្វើ​សកម្មភាព​បែប​អនាធិបតេយ្យ​តាម​អំពើ​ចិត្ត​ នោះឡើយ យើង​នឹងដាក់​វិន័យ ទោសទណ្ឌ ទៅតាម​កំហុស​ជាក់ស្តែង​របស់​ពួកគេ មិន​ឲ្យ​រួចខ្លួន​ម្នា​ក់ណា​ឡើយ​។​
មកដល់​ថ្ងៃនេះ រថយន្ត​ម៉ាក តា​កូ​ម៉ា ពណ៌​ខ្មៅ​មួយ​បាំង​កន្លះ ពាក់​ស្លាក​លេខ កណ្តាល 2A-6191 ជា​របស់​អ្នកលក់​ប្រេង​ម្នា​ក់នៅ​ផ្សារ​ពង្រ និង​ក្រុមមន្ត្រី​រំ​ដោះយក​រថយន្ត និង​ជនល្មើស​២​នាក់​នោះ នៅ​មិនទាន់​ត្រូវបាន​គេ​មាន​ចំណាត់ការ​នៅឡើយ​ទេ​។ ភ្នំពេញ​ថែម​ស៍ នឹង​នៅតែ​តាមដាន​ក្នុងករណីនេះ​៕ សហការី​
132432432432
234234234324
DSC023274324324324
DSC0232834324324324