រកឃើញ​ឈើ​ប្រណីត ​ជិត១ម៉ឺន​កំណាត់ ដែល​ជីក​កប់​ក្នុង​បរិវេណ​ ក្រុមហ៊ុន​ស៊ីវ​ហ្គេ​ច នៅ​ស្រុក​សេ​សាន

2/17/2014 0 Comments A+ a-

ខេត្ត​ស្ទឹ​ត្រែង៖ កាលពី​ថ្ងៃ​ទី​១៤​ ខែ​កុម្ភៈ​ អាជ្ញា​ធរមាន​សមត្ថកិច្ច​បានរក​ឃើញ​ ឈើ​ប្រណីត​ជិត​១​ម៉ឺន​កំណាត់​ដែល​គេ​ជីក​កប់​លាក់ទុក ត្រូវ​នៅ​ក្នុង​បរិ​វេ​ណ​ក្រុមហ៊ុន​ស៊ីវ​ហ្គេ​ច ស្ថិតក្នុង​ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន ខេត្ត​ស្ទឹ​ត្រែង។
បុគ្គលិក​ម្នាក់​ដែល​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​នេះ​បាន​ឲ្យ​ដឹងថា ឈើ​ដែល​ក្រុមហ៊ុន​បាន​ជីកដី​កប់​នោះ គឺ​សុទ្ធសឹងតែ ​ជា​ឈើ​ប្រណីត មាន​ប្រភេទ​ធ្នង់ និង​នាងនួន​ជាដើម​ប្រហែលជា​ជិត១ម៉ឺន​កំណាត់ ដោយ​ជីក​កប់​ក្នុង​រណ្តៅ​ដែលមាន​ជំរៅ​ប្រហែលជា៤ទៅ៥ម៉ែត្រ។
បុគ្គលិក​ក្រុមហ៊ុន​នោះ​បានឱ្យ​ដឹង​ទៀតថា​ មូលហេតុ​ដែល​ជីកដី​កប់​ឈើ​ទាំងនោះ​ គឺ​ព្រោះតែ​ខ្លាច​ឈើ​ប្រេះ​ខូចគុណភាព​ ដោយសារ​តែ​នៅ​ក្នុង​ឃ្លាំង​ផ្ទុក​ឈើ​មាន​កម្ដៅ​ខ្លាំង​ ។​ ម្យ៉ាងទៀត​ឈើ​កប់​ទាំងនោះ​ ជា​ប្រភេទ​ឈើ​លេខ​១​ មាន​ផ្ចឹក​ សុ​ក្រំ​ ឈ្លីក​ ជាដើម​ ។​ ឈើ​ទាំងនេះ​ គឺ​ក្រុមហ៊ុន​ បាន​បង់ពន្ធ​ចំនួន​២​លើក​រួច​មក​ហើយ​ គិត​ជា​ទឹកប្រាក់​ជាង​៣០​ម៉ឺន​ដុល្លារ​ ។​
សូមបញ្ជាក់ថា ក្រុមហ៊ុន​ស៊ីវ​ហ្គេ​ចនេះ គឺ​បានទទួល​សិទ្ធិ​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រាជរដ្ឋាភិបាល​កាលពី​ឆ្នាំ២០០៥ ដែលមាន​ផ្ទៃដី​ចំនួន១ម៉ឺន​ហិច​តា។ ហើយ​សព្វថ្ងៃ​ដាំ​ដើម​កៅស៊ូ​បាន​ជាង១៥០០ហិច​តា​ហើយ។
ជំនាញ​រដ្ឋបាល​ព្រៃឈើ​ពុំ​អាច​ទាន់​ សន្និដ្ឋាន​បាន​ថា​ ឈើ​ទាំងអស់​សុទ្ធ​សឹង​ ជា​ឈើ​ប្រណីត​ឬ​យ៉ាងណា​នោះ​ទេ​ ហើយ​ មាន​ចំនួន​ប៉ុន្មាន​ពិតប្រាកដ​នោះ​ដែរ​ ដោយសារ​តែ​កំពុងធ្វើការ​ជីក​កកាយ​ យក​ចេញពី​រណ្ដៅ​ ។​
​ទោះជា​យ៉ាងណា​ក៏​ដោយ​គេ​មានការ​សង្ស័យ​ថា​ ឈើ​ប្រណីត​ទាំងនោះ​អាច​ មាន​ចំនួន​ប្រហែល​ជិត​១​ពាន់​ម៉ែត្រគូប​ ដែល​ក្រុមហ៊ុន​នេះ​អាច​នឹង​លួច​ទិញ​ពី​  តំបន់​ផ្សេងៗ​ដើម្បី​ដាក់​បង្កប់​ជាមួយ​ឈើ​ស្របច្បាប់​ ៕
5031
5051
ប្រភពពី Free Press Magazine