ស្ដ្រីម្នាក់ រត់យកឯកសារ ជូនសម្ដេច តេជោ តែត្រូវអង្គរក្ស ឃាត់ខ្លួន

2/25/2014 0 Comments A+ a-

ព្រះសីហនុ ៖ ស្ដ្រីម្នាក់ ដែលគេមិនស្គាល់ អត្ដសញ្ញាណ ប៉ុន្ដែត្រូវអង្គរក្សនិយាយថា ជាប្រពន្ធចុងរបស់ជន ជាប់ចោទហេងពៅ អតីតស្នងការនគរបាល រាជធានីភ្នំពេញ បាន ប្រថុយជីវិតរត់យកឯកសារមួយបាច់ ជូន សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅពេល ដែលសម្ដេចកំពុងចូលរួមជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ថានីយ ផលិតអគ្គិសនី ដើរដោយធ្យូងថ្ម នៅស្រុក ស្ទឹងហាវ ខេត្ដព្រះសីហនុ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤នេះ ។ ប៉ុន្ដែការប៉ុនប៉ង ប្រគល់ឯកសារជូនសម្ដេចនាយករដ្ឋមន្ដ្រី ពីសំណាក់ស្ដ្រីរូបនេះ មិនបានសម្រេចនោះ ឡើយ ពោល ត្រូវបានក្រុមអង្គរក្ស ដែលយាមការពារនៅក្នុងវេទិកានោះ ចេញមកឃាត់ទាន់ពេល ហើយនាំខ្លួនយកទៅក្រោយឆាក ដើម្បីសួរនាំ ។
សេចក្ដីរាយការណ៍ពីកន្លែងវេទិកា ប្រារឰពិធី បានឱ្យដឹងថា ពីដំបូងឡើយ គេ ឃើញស្ដ្រីម្នាក់នេះ ក្នុងដៃមានឯកសារជា ច្រើន ហើយឈរនៅក្រោយឆាក មុនពេលដែលសម្ដេចតេជោ បានអញ្ជើញ មកដល់ទៅទៀត លុះពេលទៅសម្ដេចតេជោ ធ្វើដំណើរមកដល់វេទិកាហើយនោះ ស្ដ្រីរូបនេះ បានទៅអង្គុយជាមួយប្រជាពលរដ្ឋ ដែលចូលរួមក្នុងកម្មវិធី ។
សេចក្ដីរាយការណ៍បានបន្ដទៀតថា ខណៈដែលសម្ដេចនាយករដ្ឋមន្ដ្រី កំពុងតែអង្គុយចូលរួមជាអធិបតីភាព នៅក្នុងវេទិកាមិនទាន់បានឡើងមានប្រសាសន៍ផងនោះ ស្ដ្រីរូបនេះបានកាន់ឯកសារ រត់ចេញពីកន្លែងអង្គុយ តម្រង់ឆ្ពោះទៅកន្លែងដែលសម្ដេចអង្គុយ ប៉ុន្ដែភ្លាមៗនោះ ត្រូវបានក្រុមអង្គរក្សជាច្រើននាក់ ចេញមក ឃាត់ខ្លួន ដើម្បីការពារសុវត្ថិភាពដល់ថ្នាក់ ដឹកនាំ ។
ក្រោយឃាត់ខ្លួន ស្ដ្រីរូបនេះ ដែលត្រូវ បានអង្គរក្សមួយចំនួននិយាយថា ជាប្រពន្ធ ចុងរបស់ជនជាប់ចោទហេង ពៅ ត្រូវបាន នាំខ្លួនទៅខាងក្រោយវេទិកា រួចហើយក្រុម ពិធីការរបស់សម្ដេចនាយករដ្ឋមន្ដ្រី និងលោកឧត្ដមសេនីយ៍ យូ ស៊ុនឡុង បានទៅសួរនាំនិងយកឯកសារនោះ ទុកជូនសម្ដេចតេជោ មើល រួចហើយបានអនុញ្ញាតឱ្យស្ដ្រីរូបនេះ ត្រឡប់ទៅវិញ ។
យ៉ាងណាក៏ដោយ ពុំមានព័ត៌មានត្រូវបាន បញ្ជាក់ឱ្យដឹងពីខ្លឹមសារ នៅក្នុងឯកសារ ដែលស្ដ្រីរូបនេះ ចង់ប្រគល់ជូនសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែននោះឡើយ
________________
ផ្តល់សិទ្តិដោយ៖dap-news.com