បុរសរុស្ស៊ីម្នាក់ ទំនងបែកថ្នាំ ដើរចុះឡើង កាន់ដែកកេះ ជ្រលរបំរុងដុត ផ្ទះសំណាក់គេ នៅខេត្តកំពត

2/17/2014 0 Comments A+ a-

ខេត្តកំពត៖ បុរសជនជាតិរុស្ស៊ីម្នាក់ មិនដឹងធ្វើដំណើរមកពីទិសតំបន់ណាទេ មកដល់ក្នុងខេត្តកំពត មើលទៅ ទំនងជាបែកថ្នាំញៀន តាំងពីព្រឹកព្រលឹមថ្ងៃទី១៦ កុម្ភៈ នេះ ដើរចុះដើរឡើងនៅខាងមុខផ្ទះ សំណាក់យីហោ “ឣ័រឃីត” កាន់ដែកកេះ កេះបំរុងដុតតូបប្រកស្បូវមួយ ស្ថិតក្នុងបរិវេណផ្ទះសំណាក់ខាងលើ ប៉ុន្តែត្រូវបាន ឣ្នកចាំផ្ទះសំណាក់នេះដើរតាមឃ្វៀលជាប់។
បុរសម្នាក់ដែលដើរតាមឃ្វៀលនោះ បានឲ្យមជ្ឈមណ្ឌលព័ត៍មានដើមឣម្ពិលដឹងថា ជនជាតិរុស្ស៊ីរូបនេះ មិនដឹង មកពីទិសណាទេតាំងពីព្រឹករហូតមកដល់វេលាម៉ោង១រសៀលនេះ ហើយមិនទាន់ឃើញជនជាតិរុស្ស៊ីរូបនេះ ទៅណាមកណាទៀត គឺនៅដើរចុះដើរឡើងខាងមុខផ្ទះសំណាក់ កាន់ដែកកេះ កេះចុះកេះឡើង ជ្រលររកដុតតូប ប្រក់ស្បូវជាច្រើនដង  ប៉ុន្តែត្រូវបានខ្លួនដើរតាមឃ្វៀលជាប់ មិនហ៊ានទៅណាទេ។ បុរសរូបនេះឲ្យដឹងទៀតថា ខ្លួនបានរាយការណ៍ទៅនគរបាលដែរ ប៉ុន្តែមិនទាន់ឃើញនគរបាលណាម្នាក់មកឣន្តរាគមន៍ឡើយ។
ជនជាតិរុស្ស៊ីរូបនេះ នៅជាប់នឹងខ្លួនមានកាបូបស្ពាយមួយ ក្នុងកាបូបមានលុយប្រមាណ៣០០០រៀល ពិល១ ប៉ាស្ព័រ១ និងប័ណ្ណបើកបរ នៃប្រទេសថៃចំនួន១។ កាន់ប៉ាស្ព័រ លេខ64N7221666 ជាជនជាតិរុស្ស៊ី  មានឈ្មោះ  TITOV  IAN (ទីតូវ ឣៀន)  ភេទប្រុស កើតថ្ងៃទី២៩-០៩-១៩៨៥។ ជនជាតិរុស្ស៊ីរូបនេះធ្វើដំណើរឆ្លងពី ប្រទេសថៃចូលមកប្រទេសកម្ពុជា តាមច្រកទ្វារប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ពីព្រោះក្នុងប៉ាស្ព័រមានវាយ ត្រាចូលច្រកទ្វារប៉ោយប៉ែត៕




______________
ផ្តល់សិទ្ទិដោយ៖dap-news.com