ត្រីងាប់រាប់តោន ក្នុងបឹងមួយ នៅស្រុកស្រីសន្ធរ

2/26/2014 0 Comments A+ a-

កំពង់ចាម: ត្រី​ជាច្រើន​ប្រភេទ បាន​ងាប់​រាប់​តោន ក្នុង​មួយថ្ងៃៗ នា​បឹង​ដ៏​ធំ​មួយ ក្នុងស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកហើយ​។ ករណី​ត្រី​ពុល​ងាប់​នេះ មន្ត្រី ជលផល បាន​បញ្ជាក់ថា គឺ​បណ្តាលមកពី​ការប្រែប្រួល​អាកាសធាតុ​។​
​លោក ហ៊ីង សុផាន់​រិ​ទ្ធ នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ចាម បាន​ប្រាប់ CEN ថា បញ្ហា​ត្រី​ជាច្រើន​ប្រភេទ បាន​ងាប់​ក្នុង​បឹង​មួយ ឈ្មោះ “​វ៉ា​ម​” ទំហំ​ជិត ៧០០ ហិកតា ក្នុងស្រុក​ស្រី​សន្ធរ​នោះ គឺ​បង្កឡើង​ដោយសារតែ​បម្រែបម្រួល​អាកាសធាតុ ដូចជា នៅមុន​ពេល​ត្រី​ពុល ទឹក​បឹង​ប្រែ​ពណ៌ ពី​ធម្មតា មកជា​ពណ៌​ខៀវ , យប់​ថ្ងៃទី​២២ កុម្ភៈ ភ្លៀង​បាន​ធ្លាក់ ,​កម្រាស់​ភក់ ក្រាស់​ពេក នៅ​បាត​បឹង មាន​កម្ពស់ បី តឹក និង​ជម្រៅ​ទឹក​បឹង​ចំ​កណ្តាល តែ ១,៥ ម៉ែត្រ​។​
​លោក​នាយរង បាន​ឲ្យដឹង​ទៀតថា ជុំវិញ​ករណី​ព័ត៌មាន​ថា ការពុល​ត្រី​កញ្ចុះ ត្រី​ឆ្លាំង ត្រី​ឆ្ពិន ត្រី​រៀល ត្រី​ឆ្លូញ ត្រី​ស្លាត ត្រី​ក្រពាត់ ត្រី​កញ្ជ្រូក ត្រី​ច្រកែង ត្រី​កំភ្លាញ ជាដើម សង្ស័យ​បណ្តាលមកពីមាន​អ្នក​លួច​ដាក់​ថ្នាំ​នោះ គឺ​មិនអាច​ទេ​។ ជាក់ស្តែង សត្វ​រំពេរ ទាំង​ហ្វូងៗ បាន​ហើរ​ឆាប​ស៊ី ហើយ​សត្វ​ទារ​បស់​អ្នកស្រុក​ចិញ្ចឹម បាន​ស៊ី​ត្រី ដែល​កំពុង​ថាពុល​នោះ ពួកវា​អត់​ឃើញ​ងាប់​ទេ និង​ពិសេស​គុណភាព​សាច់​ត្រី ចុងរដូវ​នេសាទ​នេះ បរិភោគ​ទៅ​ធុំក្លិន​ព្រាំ​ធម្មតា​។​
​លោក​វរសេនីយ៍ត្រី ខេង ស្រេង អធិការនគរបាល​ស្រុក​ស្រី​សន្ធរ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ២៥ ខែកុម្ភៈ នេះដែរ​ថា បឹង​ដែលមាន​ត្រី​ពុល​ប៉ុន្មាន​ថ្ងៃនេះ ជា​បឹង​ដ៏​ធំ​មួយ ក្នុងស្រុក​ស្រី​សន្ធរ ដែលមាន​ប្រជាពលរដ្ឋ ចំនួន​បួន​ឃុំ​រស់នៅ និង​នេសាទ​ជា​លក្ខណៈ​គ្រួសារ ក្នុងនោះ មាន​ឃុំ​ប្រាំ​យ៉ា​ម ឃុំ​ផ្ទះ​កណ្តាល ឃុំ​បារាយណ៍ និង​ឃុំ​ព្រែក​ដំបូក​។​
​លោក​អធិការ បាន​ឲ្យ​ដឹង​ទៀតថា ត្រី​ចាប់ផ្តើម​ពុល ថ្ងៃ​ដំបូង នៅ​ថ្ងៃទី​២២ កុម្ភៈ បាន​ផ្អើល​ដល់​អ្នកភូមិ​នាំគ្នា​ជិះ​ដង និង​ចាប់​យកទៅ​បរិភោគ និង​លក់​បន្ត សរុប​មួយថ្ងៃ​ពី ពីរ​-​បី តោន ហើយ​ខាង​លោក បាន​រាយការណ៍​ទៅខាង​ជំនាញ​ជលផល ចុះមក​ត្រួត ពិនិត្យ នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៤​។ ប៉ុន្តែ​នៅ​ថ្ងៃទី​២៥ កុម្ភៈ​នេះ បាន​ថយ​ចុះមក​ប្រហែល​ពី មួយ​តោន ទៅមួយ​តោន​កន្លះ​ប៉ុណ្ណោះ ក្នុង​មួយថ្ងៃ​៕V/s
 ទិដ្ឋភាព​ត្រី​ជាច្រើន​ប្រភេទ​ បាន​ពុល​ក្នុង​បឹង​ដ៏​ធំ​មួយ ​ក្នុងស្រុក​ស្រី​សន្ធរ ដែល​ខាង​មន្ត្រីជលផល​អះអាងថា បណ្តាលមកពី​កត្តា​អាកាសធាតុ​ប្រែប្រួល​

ប្រភពពី CEN