លោក ហ៊ុន សែន គំរាម​វាយខ្នោះលោក កឹម សុខា​​

3/19/2015 0 Comments A+ a-

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះគំរាមវាយខ្នោះលោក កឹម សុខា បើសិន​លោក កឹម សុខា ដឹកនាំ​បាតុកម្មឲ្យ​ដោះលែងលោក មា​ជ សុវណ្ណ​រ៉ា​ ។​
​លោក ហ៊ុន សែន ព្រមាន​បែបនេះក្នុងពេល​ចែក​សញ្ញាបត្រ​ដល់​និស្សិតនៃ​សាកលវិទ្យាល័យ​មួយ​នៅ​ ព្រឹក​នេះ មុនពេល​លោក​ចូលប្រជុំ​សភា​អនុម័ត​ច្បាប់​បោះឆ្នោត​ថ្មី​ ។​
hunsen_kemsokha_141204-2014-12-04-2015-03-19លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន (ឆ្វេង) និងលោក កឹម​ សុខា អនុ​ប្រធាន​គណបក្សសង្គ្រោះជាតិ
​លោក​ថ្លែងថា «​សំណួរ​ទៅ​លោក បើសិនជា​លោក មា​ជ សុវណ្ណារ៉ា មិន​អាច​ចេញ​ពី​គុក​ក្រោយ​ចូលឆ្នាំ​តើ​លោក​នឹង​ធ្វើ​អី ? លោក​នឹង​ដឹកនាំ​មនុស្ស​តាម​ចិញ្ចើមថ្នល់​ទៀត​ឬអី​? ធាតុផ្សំកំពុង​រង់ចាំ​លោក​ហើយ អាវុធហត្ថ នគរបាល​ត្រៀមខ្លួន ខ្នោះ​ធ្វើ​លាប​ពណ៌​ឲ្យ​ស្អាត​តិច ។ លោក​ឯង​ថា​មិន​អាច​ទទួលយកបាន ខ្ញុំ​មិន​អាច​ទទួលយកបាន ឥឡូវ​ខ្ញុំ​ចង់​សួរ​លោក​ឯង លោក​ឯង​ត្រៀម​អ្វី ព្រោះ​លោក​ឯង​កំពុង​តែ​ស្ថិត​នៅក្នុង​ពិរុទ្ធភាព​ជា​មេដឹកនាំ​នៃ​ ការផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​» ។​
លោក ហ៊ុន សែន ក៏​បាន​ចំអក​ឲ្យ​លោក កឹម សុខា ឲ្យ​លាលែង​ពី​តំណែងអនុប្រធាន​ទី​១នៃ​រដ្ឋសភា ដោយសារ កឹម សុខា ថ្លែង​នៅ​សហរដ្ឋអាមេរិក​ថា លោកមិន​ពេញ​ចេញ​ចិត្ត​ព្រមព្រៀងថ្ងៃ​២២​កក្កដា ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ​។​ លោក​ថ្លែងថា​ «បើ ​ខ្ញុំ​ជា​កូនប្រុស ខ្ញុំ​សុំ​លាលែង​ពី​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា ព្រោះ​លោក​ឯង​អត់​ពេញចិត្ត ។ អញ្ចឹង​លោក​ឯង​មិន​ពេញចិត្ត តែ​លោក​ឯង​ពេញចិត្ត គឺ​ពេញចិត្ត​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​» ​។​
​កាល​ពី​ម្សិលមិញ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ព្រមានចាត់វិធានការ​លើលោក កឹម សុខា ដែល​លោក ហ៊ុន សែន អះអាងថាលោក កឹម សុខា បាន​សារភាពពី​ការបរាជ័យលើ​ការ​រៀប​គម្រោង​ផ្តួលរំលំ​រដ្ឋាភិបាល​របស់​គណបក្ស ​ប្រជាជន​កម្ពុជា​ ។​
​ប៉ុន្តែ​លោក កឹម សុខា បដិសេធថាលោក​មិន​បាន​ប្រើពាក្យ​ថាផ្តួលរំលំ​រដ្ឋាភិបាល​នោះ​ទេ គឺ​បាន​ប្រើពាក្យ​ថាផ្លាស់ប្តូរ ហើយ​ថាការផ្លាស់​នោះ​ត្រូវ​ធ្វើឡើង​ដោយ​សន្តិវិធី និង​អហិង្សា ​។ លោក កឹម សុខា ក៏​បាន​ពន្យល់​ប្រាប់​អ្នកគាំទ្រ​នៅ​អាមេរិក​ទៀត​ថា គណបក្ស​សង្គ្រោះ​ជាតិបានធ្វើ​មាន​ការផ្លាស់ប្តូរនៅពេលនេះ គឺមាន គ.ជ.ប​ ថ្មី បើ​ទោះ​ជា​ការផ្លាស់ប្តូរ​នោះ​មិនបាន​១០០%​ក៏ដោយ​ ។​
សេចក្តីថ្លែងការណ៍របស់គណបក្សសង្រ្គោះជាតិនៅថ្ងៃនេះបានបំភ្លឺបន្ថែមថា លោក កឹម សុខា មិនបានមានប្រសាសន៍ថា“ផ្តួលរំលំរាជរដ្ឋាភិបាលនោះទេ” ផ្ទុយទៅវិញ លោកមានប្រសាសន៍ថា “សូមទោសបងប្អូន ដែលខ្ញុំមិនអាចដឹកនាំការផ្លាស់ប្តូរបាន១០០%ភ្លាម” 
សេចក្តីថ្លែងការណ៍បញ្ជាក់ថា ប្រសាសន៍នេះមានន័យថា ការផ្លាស់ប្តូរតាមរយៈការបោះឆ្នោត មិនមែនជាការផ្តួលរំលំនោះទេ ។
បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ លោក សុខ ទូច ពន្យល់ថា ក្នុង​របប​ប្រជាធិបតេយ្យ ការចង់​ប្តូរ​មេដឹកនាំ​ក្រៅពី​តាមរយៈ​បោះឆ្នោត ស្មើ​នឹង​ការធ្វើ​រដ្ឋប្រហារ​ ។ ប៉ុន្តែ​លោក​ថា បើ​បាតុកម្ម​នោះ ផ្ទុះ​ឡើង​អំឡុងពេលកំពុង​ប្រទាញប្រទង់លទ្ធផល​បោះឆ្នោត លោក​ថាបាតុកម្ម​នោះមិន​ចាត់​ថា វើ​រដ្ឋប្រហារ​ទេ​ ។ លោក​ថ្លែងថា « ​យើង​ដឹង​ហើយ​ថា យើង​មាន​រដូវ បើសិនជា​គណបក្ស​សង្គ្រោះ​ជាតិ លោក​ប្រើប្រាស់​ក្នុង​រដូវ​បោះឆ្នោត ខ្ញុំ​ថា​ដូចជា​មិន​បញ្ហា​ទេ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចូល​សភា​ហើយ អ៊ីចឹង​កាលណា​ចូល​សភា រាល់​ខ្លឹមសារ​ពាក្យពេជន៍​បែបណា យើង​អាច​ជជែក​គ្នា​នៅក្នុង​សភា ហើយ​បើ​មិន​ទេ យើង​អាច​ដើរចេញ​ពី​សភា​ដើម្បី​កុំ​ឲ្យ​ខ្លួន​នៅក្នុង​សភា​ហើយ អត់​យក​បញ្ហា​ទៅ​លើ​ក ហើយ​លើក​បញ្ហា​នៅ​សាធារណៈ នេះ​ជា​រៀង​មួយ​មិន​ប្រក្រតី​ទេ​សម្រាប់​គណបក្ស​ដែល​មាន​អាសនៈ​នៅក្នុង​សភា​ » ។​
ជារឿយៗ ក្រោយ​ការបោះឆ្នោត លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យកម្លាំង​ប្រដាប់អាវុធ ត្រៀម​ទប់ស្កាត់ ដោយ​មិន​យោគយល់លើ​ក្រុមប្រឆាំង​ទាំងឡាយណា ដែល​លោក​ចោទ​ថា​មាន​គំនិត​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​​ ៕ ប្រភពៈ VOD