ករណី​ធ្លាក់​យន្តហោះ McDonnell Douglas DC-9 ឆ្នាំ១៩៩៦ ជា​ឧទាហរណ៍​ដ៏​ល្អ​សម្រាប់​បក​ស្រាយ​ករណី​ធ្លាក់​ QZ8501

1/15/2015 0 Comments A+ a-

យន្តហោះ​របស់​ AirAsia (រូប​តំណាង)ប្រភព៖​ airheadsfly.com
ខាង​ក្រោម​នេះ ជា​អត្ថបទ​បែប​វិភាគ​ស្ដីពី​ការ​ផ្គូផ្គង​គ្នា​រវាង​ករណី​ធ្លាក់​យន្តហោះ McDonnell Douglas DC-9 របស់​សហរដ្ឋ​អាមេរិក​កាលពី​ឆ្នាំ១៩៩៦ និង​យន្តហោះ QZ8501 របស់​ក្រុមហ៊ុន AirAsia កាល​ពី​ថ្ងៃ​ទី២៨ ខែធ្នូ ឆ្នាំ២០១៤។ ករណី​ទាំង​ពី​រនេះ​ស្រដៀងគ្នា ដូចនេះ​ តិច​ឬ​ច្រើន គេ​អាច​យក​ម៉ូដែល​បក​ស្រាយ​ព្រឹត្តិការណ៍ ចេញ​ពី​ McDonnell សម្រាប់​បកស្រាយ​ករណី​ QZ8501។

​ប្រអប់​ខ្មៅ​ទាំង​ពីរ​គ្រឿង​ ដែល​បំពាក់​នៅ​កន្ទុយ​យន្តហោះ និង​នៅ​បន្ទប់​អ្នក​បើក​បរ​​យន្តហោះ QZ8501 ​ត្រូវ​អ្នក​មុជទឹក​ឥណ្ឌូណេស៊ី​ស្រង់​បាន​ពី​ក្នុង​ទឹក​សមុទ្រ​ហើយ រង់​ចាំ​អ្នក​ជំនាញ​បក​ស្រាយ (​ស្រង់​​បាន​កាល​ពី​ថ្ងៃ​ទី១២ និង ១៣ ខែមករា ​ឆ្នាំ២០១៥)។ ដោយ​សារ​​ករណី​ធ្លាក់​យន្តហោះ QZ8501 ស្រដៀង​នឹង​ករណី​ធ្លាក់​យន្តហោះ McDonnell Douglass DC-9 ​កាល​ពី​ជិត ២០ ឆ្នាំ​មុន។


សូម​រំឭក​ថយ​ក្រោយ​បន្តិច ​ទៅ​ដល់​ព្រឹត្តិការណ៍​ធ្លាក់​យន្តហោះ​ McDonnell Douglas DC-9 របស់​ក្រុមហ៊ុន​អាកាសចរណ៍ VluJet ជើង​ហោះ​ហើរ 592។ លោក J.F. Joseph ជា​អ្នក​ស៊ើបអង្កេត​សំណុំ​រឿង​នោះ​។ លោក​បាន​រៀបរាប់​ថា​សំឡេង​នៅ​ក្នុង​ប្រអប់​ខ្មៅ​ឮ​សូរ​ក្លិកក្លក់ៗ​ ដូច​ម៉ាស៊ីន​បាញ់​ឃ្លី (pinball machine)។

ក្រៅ​ពី​នោះ គេ​ឮ​សំឡេង​​កុងតាក់ ហាក់ដូចជា​បិទ​បើក​ៗ នៅ​ពេល​ដែល​បុគ្គលិក​នៅ​ក្នុង​យន្តហោះ​ព្យាយាម​ស្ដារ​ស្ថានការណ៍ និង​បញ្ជា​យន្តហោះ​។ ប៉ុន្តែ​ទោះ​បី​ខំប្រឹង​យ៉ាង​ណា​ ក៏​ជា​ការ​ឥត​ប្រយោជន៍ ព្រោះ​ស្លាប​យន្តហោះ​ត្រូវ​ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ។ តាម​រយៈ​ទិន្នន័យ​ដែល​ទទួល​បាន​ពី​ «ឧបករណ៍​ថត​សំឡេង​អ្នក​បើក​បរ – cockpit voice recorder» ​លោក​ស្ដាប់​ឮ​សំឡេង​មនុស្ស​ស្រី​ស្រែក​ថា «​មាន​ភ្លើង​ឆេះ! មាន​ភ្លើង​ឆេះ!»។

រំលង​បាន​បី​នាទី យន្តហោះ McDonnell Douglas DC-9 ​ក៏​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​តំបន់​សួន​ឧទ្យាន Florida Everglades កាលពី​ខែឧសភា ឆ្នាំ១៩៩៦ ហើយ​បណ្ដាល​ឲ្យ​អ្នក​ជិះ​នៅ​ក្នុង​នោះ​ស្លាប់​ចំនួន ១១០ នាក់ (ស្លាប់​ទាំង​អស់ ទាំង​អ្នក​ដំណើរ និង​បុគ្គលិក​ក្រុមហ៊ុន)។

​ក្រោយ​ព្រឹត្តិការណ៍​ធ្លាក់​យន្តហោះ McDonnell Douglas DC-9 នេះ​ជិត ២០ ឆ្នាំ ​សេចក្ដី​លម្អិត​នៃ​ការ​ធ្លាក់​នោះ គឺ​ជា​ទុន ឬ​គន្លឹះ​ដ៏​សំខាន់​សម្រាប់​ការ​បកស្រាយ​ករណី​ធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន AirAsia ជើង​ហោះ​ហើរ QZ8501 ដែល​នៅ​ពេល​នេះ​ប្រអប់​ខ្មៅ​ទាំង​ពីរ​គ្រឿង​កំពុង​ស្ថិត​ក្នុង​ដៃ​អ្នក​ជំនាញ ​ហើយ​ទិន្នន័យ​ក៏​ត្រូវ​បាន​ស្រាវ​ចេញ​ហើយ​ដែរ រង់​ចាំ​តែ​ការ​បក​ស្រាយ​ប៉ុណ្ណោះ។ ឧទាហរណ៍ ​មូលហេតុ​អ្វី​បានជា QZ8501 ធ្លាក់​ក្នុង​ទឹក​សមុទ្រ?

យន្តហោះ QZ8501 ​ហោះ​ក្នុង​រយៈកម្ពស់ ៩៨០០ ម៉ែត្រ (ជិត​ដប់​គីឡូ) ពី​ដី ហើយ​អាកាសយានិក​បាន​សុំ​ហោះ​ឡើង​ឲ្យ​ខ្ពស់​លើស​នេះ​ទៀត ពោល​គឺ​ចង់​ហោះ​ឲ្យ​ផុត​ដុំ​ពពក​ទាំង​ឡាយ​ដែល​នៅ​លើ​មេឃ។ ពីរ​នាទី​ក្រោយ​ ទើប​ «អង្គភាព​ត្រួតពិនិត្យ​ចរាចរណ៍​ជើង​អាកាស – air traffic controller» ឆ្លើយ​តប​ទៅ​វិញ ប៉ុន្តែ​គ្មាន​ចម្លើយ​តប​ទៅ​វិញ​ទេ។

កាលណោះ មាន​ខ្យល់​កន្ត្រាក់ និង​ព្យុះ​ភ្លៀង ផ្គរ​រន្ទះ​បាញ់​ផូង​ផាំង​ នៅ​លើ​ផ្ទៃ​អាកាស​ដែល QZ8501 ហោះ​កាត់ ប៉ុន្តែ​មិន​មែន​តែ​ QZ8501 ទេ​ដែល​ហោះ​តាម​ផ្លូវ​នោះ គឺ​យន្តហោះ​ដទៃ​ទៀត​ក៏​ហោះ​ទៅ​មក​តាម​ផ្លូវ​នោះ​ផង​ដែរ ហេតុអ្វី​ក៏​មិន​អី មក​អី​តែ QZ8501? ថ្ងៃ​នោះ យន្តហោះ​ដទៃ​ទៅ​ដល់​គោលដៅ​ដោយ​សុវត្ថិភាព ប្លែក​អ្វី​តែ QZ8501 ត្រូវ​ធ្លាក់​កណ្ដាល​សមុទ្រ។ ដូចនេះ ​មាន​តែ​ប្រអប់​ខ្មៅ​ទាំង​ពីរ​នេះ​ហើយ អាច​បកស្រាយ​អាថ៌កំបាំង​ផង​ទាំងពួង៕

ប្រែ​សម្រួល ៖ អន សំអាង

ទស្សនា​វីដេអូ​ជីវចល ស្ដីពី​ហេតុការណ៍​ធ្លាក់​យន្តហោះ​ម៉ាក McDonnell Douglas DC-9-32 របស់​ក្រុមហ៊ុន​អាកាស​ចរណ៍ ValueJet ជើង​ហោះ​ហើរ 592 កាលពី​ឆ្នាំ១៩៩៦ 
ប្រភព៖​ Bloomberg , Daily Mail និង wikpedia.org