ការ​បង្កើត​បក្ស​នយោបាយ​ថ្មី​អាច​នឹង​​បើក​ទំព័រ​ធ្វើ​នយោបាយ​ថ្មី​​នៅកម្ពុជា

1/02/2015 0 Comments A+ a-


8E52A576-219E-4EAD-BE5E-DC9A83680B35_w640_r1_s_cx0_cy11_cw0 (1)
ថ្វី​បើ​មិន​មាន​ការ​ទទួល​ស្គាល់ និង​មិន​មាន​ការ​ប្រកាស​ជា​ផ្លូវ​ការ​ពី​ចេតនាបង្កើត​គណបក្ស​នយោ​បាយ​មួយ​សម្រាប់​ប្រជែង​ដណ្តើម​សន្លឹក​ឆ្នោត​ ក៏​ប៉ុន្តែ​បញ្ញវ័ន្ត​ខ្មែរ​មួយ​ក្រុម​ហាក់​ដូចជាកំពុង​រៀប​ចំ​ជើង​ព្រួល​រួច​ជាស្រេច​ទៅ​ហើយ​សម្រាប់​ការ​ហក់​ចូល​ប្រឡូក​ក្នុង​នយោបាយ​ជា​ចំហ​ ជា​ពិសេស​សម្រាប់​ការបោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​នៅ​ឆ្នាំ​២០១៨​គឺ​នៅ​សល់​តែ​ជាង​បី​ឆ្នាំ​ទៀត​តែ​ប៉ុណ្ណោះ។​
នៅ​ក្នុង​ចំណោមអ្នក​ដឹក​នាំ​ដំណើរ​ឆ្ពោះ​ទៅរក​ផ្លូវ​នយោបាយ​ទាំង​នេះ ​យ៉ាង​ហោច​ណាស់​គេ​ដឹង​ថា​ មាន​លោក​បណ្ឌិត​កែម ឡី ​អ្នក​ស្រាវជ្រាវ​កិច្ច​អភិវឌ្ឍ​សង្គម ​លោក​បណ្ឌិត​យ៉ង សាំងកុមារ ​នាយក​មជ្ឈ​មណ្ឌល​សិក្សា ​និង​អភិវឌ្ឍ​កសិកម្ម​កម្ពុជា​ហៅ​ថា​ សេដាក (CEDAC)​ លោក​ម៉ម សុណង់ដូ ​នាយក​វិទ្យុ​សម្បុក​ឃ្មុំ​និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិប​តេយ្យ ​លោក​យ៉េង វីរៈ ​នាយក​មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ និង​មន្ត្រី​សង្គម​ស៊ិវិល​ ដែល​កំពុង​ធ្វើ​ការ​ដឹក​នាំ​ប្រព័ន្ធ​ផ្សព្វផ្សាយ ​និង​អង្គ​ការ​សង្គមមួយ​ចំនួន​ទៀត។​
នៅ​ក្នុង​ពេល​នេះ​ ឥស្សរជន​លេច​ធ្លោ​ក្នុង​សង្គម​ខាង​លើ​កំពុ​ងតែ​រួបរួម​គ្នា​នៅ​ក្នុង​ចលនាសង្គម​មួយដែល​មាន​ឈ្មោះ​ថា​«បណ្តាញ​ពលរដ្ឋ​ដើម្បីអភិវឌ្ឍសង្គម»ឬ​ហៅ​ថា «ខ្មែរដើម្បីខ្មែរ»។ ​បណ្តាញ​សង្គម​«ខ្មែរ​ដើម្បីខ្មែរ»​នេះ​ទើប​នឹង​បើក​កិច្ច​ប្រជុំ​ដាក់​ផែន​ការ​យុទ្ធសាស្ដ្រ​របស់​ខ្លួន​កាល​ពី​បី​ថ្ងៃ​មុន​នេះ​ ហើយ​គឺ​ជា​បណ្តាញ​មួយ​ដែលនឹង​ចុះ​ពង្រឹង​ក្រុម​ប្រជា​ពលរដ្ឋ​តាម​រយៈ​វេទិកា​សាធារណៈ​ដើម្បីឲ្យ​ពួក​គេ​ជ្រួតជ្រាបនិង​ចូល​រួម​បង្កើត​ក្រុម​នយោបាយ​នៅ​តាម​មូលដ្ឋាន។ ​ក្រុម​នយោបាយ​ឬ​បក្ស​នយោបាយ​មូល​ដ្ឋាន​ឃុំ ​ឬ​ស្រុក​នេះ​ ដែល​គេ​និយាយ​ថា ​ដើម្បី​ប្រើ​ប្រាស់​សិទ្ធិ​លើកជា​កម្មវិធី ​ឬ​គម្រោង​ការ​សម្រាប់ការ​អភិវឌ្ឍនៅ​នឹង​កន្លែង។​
ដូច្នេះ​ ប្រសិន​បើ​ថ្ងៃណាមួយ​ ចលនា​«ខ្មែរ​ដើម្បី​ខ្មែរ»​នេះហក់​ចូល​ក្នុង​ឆាក​នយោបាយ​នោះ ​វា​ប្រាកដ​ថា​ ការ​ផ្តួច​ផ្តើម​គំនិតនេះ​យក​តាម​លំនាំ​នៃ​គណបក្សសិទ្ធិ​មនុស្ស​របស់​លោក​កឹម សុខា​ ដែល​បាន​ធ្វើ​វេទិកា​សាធារណៈ​ជា​ច្រើន​អំពី​សិទ្ធិ​មនុស្ស​ ហើយ​នៅ​ចុង​បញ្ចប់​លោក​បាន​រលាស់​ខ្លួន​ចូល​នយោបាយ​ដោយ​យក​ឈ្មោះ​ដដែល​នេះ​ ដែល​ក្រុម​ប្រជា​ពលរដ្ឋ​ស្គាល់​ស្រាប់។​
ដូច្នេះ​តើក្រុម​របស់​លោក​កែម ឡី ​លោក​បណ្ឌិត​យ៉ង សាំងកុមារ ​លោក​ម៉ម សុណង់ដូ ​លោក​យ៉េង វីរៈ ​ក្រុមមន្ត្រីដឹក​នាំ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​អង្គ​ការ​សង្គមមួយ​ចំនួន​ទៀត​នោះ​អាច​នឹង​បើក​គណបក្ស​ដែល​មាន​ឈ្មោះ​ដដែល​ថា​«ខ្មែរដើម្បីខ្មែរ»​នេះ​ដែរ​ឬ​ទេ?​
មាន​ហេតុ​ផល​ពីរ​ដែល​គណបក្ស​ថ្មី​នោះ​អាច​នឹង​រក្សា​ឈ្មោះ​ដដែល​នេះ​គឺ​ទី​១ដោយ​យក​តាម​លំនាំ​នៃ​គណបក្ស​សិទ្ធិ​មនុស្ស​ ​និង​ទី​២​ឈ្មោះ​«ខ្មែរ​ដើម្បី​ខ្មែរ»​នេះ​ស្រដៀង​គ្នា​ទៅ​នឹង​ឈ្មោះ​កម្មវិធី​មួយ​ប្រើ​ប្រាស់​ក្នុង​កម្មវិធី​នៃ​វិទ្យុ​សម្បុក​ឃ្មុំ​របស់​លោក​ម៉ម សុណង់ដូ ​ដែល​គេ​ស្គាល់​រាប់​ឆ្នាំ​មក​ហើយ​ គឺ​កម្មវិធី«​ខ្មែរ​ជួយ​ខ្មែរ»។ កម្ម​វិធី​នេះ​ដើម្បី​ប្រមូល​ការ​ឧបត្ថម្ភ​ដល់​ជន​ក្រី​ក្រ​ និង​ជន​រង​គ្រោះ​នានា។​
លោក​អ៊ូ វីរៈ​ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជាយល់​ថា ​ចលនា​ខាង​លើ​កំពុង​រៀបចំ​ខ្លួន​បង្កើត​គណបក្ស​នយោបាយ។​ ប៉ុន្តែ​នោះ​គឺ​ជា​លក្ខណៈ​ប្រជាធិបតេយ្យ។​
ដោយឡែក​លោក​ផៃ ស៊ីផាន​ រដ្ឋ​លេខា​ធិការ​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ និងជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច​ លើក​ឡើង​ថា​ ​ដំណើរ​ការ​បង្កើត​នយោបាយ​របស់​ក្រុម​ខាង​លើ​កំពុង​ដើរ​តាម​ជំហ៊ាន​លោក​កឹម​ សុខា។​
«អ្វី​ដែល​លោក​កែម ឡី​ធ្វើ​គឺ​មាន​និន្នា​ការ​ប្រហាក់​ប្រហែល​គ្នា។​ ដូច្នេះ​គេ​រៀប​ចំ​ជា​បណ្តាញ ​ជា​ក្រុម​ ​ដែល​មាន​ទិស​ដៅ​ឆ្ងាយ​ដើម្បី​ប្រកួត​ប្រជែង​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​រឹង​មាំ»។
ប៉ុន្តែ​លោក​កែម ឡី​ច្រាន​ចោល​ទស្សនៈ​ខាង​លើ។​ ប៉ុន្តែ​ចង់​ ឬ​មិនចង់លោក​បាន​បង្ហើប​ពី​លទ្ធភាព​បង្កើត​គណបក្ស​នយោបាយ​ថ្នាក់ជាតិ​ ដែល​ជ្រើសតាំង​មេដឹក​នាំ​ដោយ​ក្រុម​ប្រជា​ពលរដ្ឋ​ ក្រោយ​ពី​ពួក​គេ​រក​កិច្ច​សហការ​ជាមួយ​គណបក្ស​ធំៗ​បាន ​ដូច​ជា​គណបក្ស​សង្គ្រោះ​ជាតិ​ ឬ​គណបក្ស​ប្រជាជន​កម្ពុជា។​
«បើ​សិន​គាត់​គិត​ថា ​គណបក្ស​ធំៗ​អត់​មាន​ប្រជាធិបតេយ្យ​ផ្ទៃ​ក្នុង​ទេ ​គាត់​អាច​បង្កើត​បក្ស​រួម​មួយ។ ​គាត់​អាច​ជ្រើស​រើស​មេដឹក​នាំ​ពី​សកល​វិទ្យាល័យ ​ឬ​បេក្ខជន​ពី​គណបក្ស​ផ្សេងៗ​ ដែល​គាត់​លាលែង​ ហើយ​ចង់​ទៅ​ឈរ​ឈ្មោះ​ ដោយសារ​ឃើញ​ចលនា​ហ្នឹង​រឹង​មាំ។​ គឺ​យើង​បើក​ចំហ​ដូច្នេះ»។​
លទ្ធភាព​ដែល​ធ្វើ​ឲ្យ​ក្រុម​របស់​លោក​កែម ឡី​បង្កើត​បក្ស​នយោបាយ​បាន​ដោយសារ​មាន​ភាព​ងាយ​ស្រួល​មួយ​ចំនួន​ក្នុង​បណ្តាញ​ដែល​ជិត​ស្និទ​ជាមួយ​ក្រុម​ប្រជា​ពលរដ្ឋ​រួច​ជាស្រេច​ ​ដូចជា​សមាគម​កសិករ​របស់​លោក​បណ្ឌិត​យ៉ង សាំង​កុមារ​ និង​សមាគម​អ្នក​ប្រជា​ធិបតេយ្យ​របស់​លោក​ម៉ម សុណង់ដូ​ជាដើម។បណ្តាញ​ទាំង​ពីរ​គឺ​ជា​ស្មា​នយោ​បាយ​រឹង​មាំ​មួយ​ ដែល​មាន​សមាជិក​ថ្នាក់​មូលដ្ឋាន​ច្រើន​សែន​នាក់​ស្ទើរ​ពាស​ពេញ​ប្រទេស។​ បន្ថែម​ពី​នោះ​ទៀត​ អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ដែល​ចូល​រួម​ក្នុង​ចំណែក​នេះ ​រួម​ទាំង​ក្រុម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​បាន​បង្កើត​បណ្តាញ​ព័ត៌មាន​ក្រុម​ប្រជាពលរដ្ឋ​នោះ​ ក៏​អាច​ជា​កម្លាំង​មួយ​ផ្នែក​ទៀត​ដែល​ជំរុញ​ឲ្យ​កម្លាំង​នយោបាយ​ថ្មី​នេះ​មាន​បង្អែក​គាំទ្រដល់​លាន​នាក់ ដែល​ជា​កម្លាំង​នយោបាយ​សំខាន់​មួយ​សម្រាប់​ការ​ចាប់​ផ្តើម។​
ម្យ៉ាង​វិញ​ទៀត​ បើ​គេ​ក្រឡែក​មើល​ក្រុម​ប្រជា​ពលរដ្ឋ​ដែល​ស្ថិត​ក្នុង​បណ្តាញ​«ខ្មែរ​ដើម្បី​ខ្មែរ»​បូក​រួម​ទាំង​បណ្តាញ​ប្រជា​កសិករ​ និង​សមាជិក​សមាគម​អ្នក​ប្រជា​ធិបតេយ្យ​នោះ​ ​ពួក​គេ​ភាគ​ច្រើនជាអ្នក​ទទួល​បាន​បទ​ពិសោធន៍​ និង​មេរៀន​នៃ​ភាព​មិន​ស្មើ​គ្នា​ក្នុង​សង្គម ​ឬ​ក៏ជា​អ្នក​ទទួល​រង​នូវ​អំពើ​អយុត្តិធម៌​នានា ​ដូចជា​ការ​រំលោភ​ដីធ្លី​ជាដើម។​
ដូច្នេះ​ការ​ចាប់​យក​ប្រជា​ពលរដ្ឋ​ទាំង​នេះ​ដាក់​ឲ្យ​ស្ថិត​ក្នុង​ជីវិត​នយោបាយ​អាច​ជា​គម្រោង​ការ​ដ៏​មាន​សក្តានុពល​មួយ។​
ប៉ុន្តែ​លោក​កែម ឡី​ហាក់ដូចជា​ស្ថិត​ក្នុង​ភាព​ស្រគត់​ស្រគំ​នៅ​ឡើយ។​
«គោល​បំណង​ធំ​ ក្រុម​ខ្ញុំ​នេះ​ចង់​ធ្វើ​ជា​គម្រូ​មួយ​ទេ។ ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​ គណ​បក្ស​សង្គ្រោះ​ជាតិ ​គណ​បក្ស​ផ្សេងៗ​ថា ​គួរ​តែ​រៀប​ចំ​សិទ្ធិ​អំណាច​ដល់​ប្រជា​ពល​រដ្ឋ​ពិត​ប្រាកដ។ ​បើ​សិន​យើង​ធ្វើ​បាន​ជោគ​ជ័យ​ក្នុង​ការ​កសាង​លទ្ធិ​ប្រជា​ធិបតេយ្យ​ពី​ក្រោម​ឡើង​លើ​ ខ្ញុំ​គិត​ថា​ ប្រហែល​ជា​ប្រទេស​វៀតណាម ​ឡាវ និង​ភូមា​ បើ​សិន​ជា​គាត់​ចង់​ឲ្យ​ប្រទេស​របស់​គាត់ ​ចង់​បើ​ចំហ​ឲ្យ​មាន​គណបក្ស​នយោបាយ​ ហើយលទ្ធិ​ប្រជា​ធិបតេយ្យ​ ហើយ​ឲ្យគណបក្សនយោ​បាយ​នោះ​កសាង​គណបក្ស​មូល​ដ្ឋាន​មុន​ នេះ​ជាអ្វី​ដែល​យើង​ចង់​ផ្តល់​គម្រូ​ដល់​ប្រទេស​កុម្មុយនិស្ត​មួយ​ចំនួន»។​
លោក​រិះគន់​ថា ​គម្រូ​របស់​ប្រទេស​កម្ពុជា​មិនមែន​គណបក្ស​ប្រជា​ធិបតេយ្យ​ពិត​ប្រាកដ​ទេ ហើយអំណាច​ប្រមូល​ផ្តុំ​លើ​មេគណ​បក្ស​ដដែល​ ដូច​ប្រពន្ធ​កុម្មុយនិស្ត​ដែរ។​
ការ​បោះ​ឆ្នោត​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៣​បង្ហាញ​ពី​និន្នា​ការ​ផ្លាស់​ប្តូរ​សង្គម​មួយ​នៅ​ពេល​ដែល​ប្រជា​ពល​រដ្ឋ​ ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​ កាន់​តែ​យល់​ដឹង​ពី​សារៈ​សំខាន់​នៃ​នយោបាយ។​ ប្រជា​ពល​រដ្ឋ​ជា​ច្រើន​បាន​ផុល​ផុស​ចូល​ក្នុង​ចលនា​នេះ​និង​បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​និង​តាម​ដាន​ការ​បោះឆ្នោត​ដោយ​ផ្ទាល់​ និង​ដោយ​ស្ម័គ្រ​ចិត្ត​ទៀត​ផង។​
សម្រាប់​លោក​ផៃ​ ស៊ីផាន ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ​ចលនា​នយោបាយ​បង្កើត​គណបក្ស​ថ្មី​នេះ​គឺ​ជា​មូលហេតុ​ដែល​កើត​ចេញ​ពី​ផ្ទៃ​ក្នុង​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​សព្វ​ថ្ងៃ។​
ប៉ុន្តែ​លោកស្រី​មូរ សុខហួរ ​តំណាង​រាស្ដ្រ​គណបក្ស​ជំទាស់​លើក​ឡើង​ថា​ ប្រសិន​បើ​ក្រុម​លោក​កែម ឡី​បង្កើត​គណបក្ស​នយោបាយ​ថ្មី​នោះ ​នោះ​ទំនង​ជា​ការ​ខូច​ប្រយោជន៍​ បើសិន​វាក្លាយ​ជា​អ្វី​ដែល​លោកស្រី​ហៅ​ថា​ ក្រុម​អ្នក​ប្រជាធិបតេយ្យ​មិន​រួប​រួម​គ្នា​នោះ។​
លោកស្រីមាន​ប្រសាសន៍​ថា​ វា​មាន​សារៈ​សំខាន់​ក្នុង​ការ​រួបរួម​គ្នា​ជា​ជាង​ការ​ប្រកួត​ប្រជែង​គ្នា។​
«បើ​សិន​ជា​ចលនា​ណា​មួយ ​គណបក្ស​ណា​មួយ​មក​បំបែក​យក​សំឡេងអ្នក​ប្រជា​ធិបតេយ្យ​ យើង​ត្រូវ​សួរ​វិញ​ថា ​តើ​ចំណេញ​ទៅ​អ្នក​ណា?​ ប្រជា​ពលរដ្ឋ​ចង់​ឲ្យ​មាន​ការ​បង្រួប​បង្រួម​គ្នា​គឺ​សង្គ្រោះ​ជាតិ។​ យើង​ត្រូវ​តែ​ទៅ​មុខ។ ​ដូច្នេះ​បើ​មាន​ក្រុម​ណា​ចង់​ចូល​មក​ថែម​ទៀត​ យើង​អបអរ​សាទរ។​ យើង​ជា​ខ្មែរ​តែ​មួយ។ ​យើង​ពង្រឹង​លទ្ធិ​ប្រជា​ធិបតេយ្យ»។
វាហាក់​ដូចជា​មាន​ភាព​ប្រាកដ​និយម​មួយ​ថា​ ​កម្លាំង​នយោបាយ​ដែល​អាច​នឹង​កើត​ឡើង​នៅ​ថ្ងៃ​អនាគត​នោះ​ត្រូវ​ជ្រោម​ជ្រែង​ដោយ​មនុស្ស​ថ្មី​ ដែល​មាន​ភាព​ជិតដិត​នឹង​គណបក្ស​ចំនួន​ពីរ​គឺ​គណបក្ស​សម រង្ស៊ី​របស់​លោក​សម រង្ស៊ី ​និង​គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក​កឹម សុខា។ ​ហើយ​ដែលក្រោយ​មក​ គណបក្ស​ទាំង​ពីរ​នេះ​បាន​បង្កើត​ជា​គណបក្ស​រួម​ដាក់​ឈ្មោះ​តែ​មួយ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ។​
គណបក្ស​សង្គ្រោះជាតិ​បាន​ធ្វើ​ឲ្យ​ជញ្ជីង​នយោបាយ​មាន​កម្លាំង​តែ​ពីរ​គត់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​ធៀប​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​កាន់​អំណាច​ជាង​បី​ទសវត្ស​មក​ហើយ។​
ដូច្នេះ​ប្រសិន​បើ​គណបក្ស​នយោបាយ​ថ្មី​ណាមួយ​ ដែលបង្កើត​ឡើង​ដោយ​ក្រុម​លោក​បណ្ឌិត​កែម ឡី ​លោក​បណ្ឌិត​យ៉ង សាំងកុមារ ​លោក​ម៉ម សុណង់ដូ ​លោក​យ៉េង វីរៈ ​ក្រុមមន្ត្រីដឹក​នាំ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ​និង​អង្គ​ការ​សង្គមមួយ​ចំនួន​ទៀត​ ​ងាក​ទៅ​ចាប់​ដៃ​ជាមួយ​គណបក្ស​ណា​មួយ​ក្នុង​ចំណោម​គណបក្ស​ធំៗ​ទាំងពីរ​ នោះ​វា​នឹង​ធ្វើ​ឲ្យ​លទ្ធភាព​ឈ្នះ​នៃ​គណបក្ស​មួយ​ក្នុង​ចំណោម​បក្ស​ទាំង​ពីរ​មាន​លក្ខណៈ​ដាច់​ខាត។​
ប៉ុន្តែ​ប្រសិន​បើ​ប្រវត្តិសាស្ដ្រ​នៃ​នយោបាយ​កម្ពុជា​កើត​ឡើង​ម្តង​ទៀត​ ​ហើយ​គណបក្ស​ដែល​ដឹក​នាំ​ដោយ​ក្រុម​លោក​កែម ឡី​ងាក​មក​បញ្ចូល​គ្នា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​មាន​សន្ទុះនយោបាយ​នោះ​ ​នោះ​ឆាក​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​នៅ​ឆ្នាំ​២០១៨​ប្រាកដ​ជាផ្តល់​ក្តី​សង្ឃឹម​ដល់​អ្នក​គាំទ្រ​ចលនា​គណបក្ស​ជំទាស់​លើស​ពី​អ្វី​ដែល​ពួក​គេបាន​រំពឹង​ទុក។​
​លោក​អ៊ូ ​វីរៈ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​ពិនិត្យ​ឃើញ​ថា ​គណបក្ស​ថ្មី​អាច​មាន​ឱកាស​សហការ​ជាមួយ​គណ​បក្ស​សង្គ្រោះជាតិ​ច្រើន​ជាង​គណបក្ស​ប្រជាជន​កម្ពុជា។ ប៉ុន្តែ​បើ​គណ​បក្ស​ទាំង​ពីរ​មិន​ស្ថិត​ក្នុង​ភាព​ជា​ដៃ​គូ​នឹងគ្នាទេ​នោះ​ គឺ​បក្ស​សង្គ្រោះជាតិ​អាច​ស្ថិត​ក្នុង​ការ​គំរាម​កំហែង​ បើ​សិន​ជា​គណបក្ស​នេះ​មិន​រឹងមាំ​ផ្ទៃ​ក្នុង។​
«គំនិត​គាត់​ប្រឆាំង​រដ្ឋា​ភិបាល​ដូច​គ្នា​ បាន​ន័យ​ថា​ គាត់​មិន​ខុស​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ​ប៉ុន្មាន​ទេ​ ខុស​តែ​គំនិត​នៃ​អ្នក​ដឹក​នាំ ​និង​របៀប​នៃ​ការ​ដឹក​នាំ​ប៉ុណ្ណឹង​ទេ។ ​សំណួរ​សួរ​ថា​ តើ​អាច​ខាត​ទេ? ​គឺ​វា​អាស្រ័យ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ។​ បើ​សិន​ជា​គណបក្សសង្គ្រោះ​ជាតិ​រឹង​មាំ​ខ្លួន​ឯង ​ពង្រឹង​ប្រជា​ធិបតេយ្យ​ផ្ទៃ​ក្នុង​ខ្លួនឯង​បាន កាត់​បន្ថយ​បក្ខ​ពួក​និយម​ផ្ទៃ​ក្នុង​បក្ស​ខ្លួន​ឯង​បាន​ ខ្ញុំ​មើល​ទៅ ចរន្ត​ប្រកួត​ប្រជែង​នេះ​អាច​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​រឹង​មាំ​ជាង​មុន​ផង»។​
ទំនោរ​នយោបាយ​របស់​គណបក្ស​ថ្មី​ ដែល​អាច​នឹង​បង្កើត​ចេញ​ជា​រូប​រាង​នៅ​មុន​ការ​បោះឆ្នោត​សកល​នោះ​ អាច​នឹង​ជា​អំណោយ​ផល​តាម​លក្ខណៈ​ជាក់ស្តែង​ណា​មួយ​សម្រាប់គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ។​
គណបក្ស​ប្រជាជន​កម្ពុជាដែល​បាន​បាត់​បង់​ការ​គាំទ្រ​ដ៏​ពិបាក​រំពឹង​ទុក​កាល​ពី​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​នោះ​ ​អាច​នឹង​រក្សា​បាន​ការ​គាំទ្រ​របស់​ខ្លួន​ ប្រសិន​បើ​គណ​បក្ស​នេះ​មាន​ឱកាស​ធ្វើ​ការ​សហការ​បែប​ណាមួយ​ជាមួយ​គណបក្ស​ថ្មី​នេះ។​
ដោយ​ឡែក ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ជួប​នឹង​គ្រោះ​ថ្នាក់​នៃ​ការ​បែក​បាក់​ផ្ទៃ​ក្នុងណាមួយ ​ហើយ​មាន​ការ​ងាក​មក​ចាប់​ដៃ​ជាមួយ​គណបក្ស​ដែល​នឹង​បង្កើត​ថ្មី​ដោយ​ក្រុម​លោក​កែម ឡី ​ដូច្នេះ​គណបក្ស​ជំទាស់​នៅ​តែ​មាន​ឱកាស​ស្រោច​ស្រង់​ និង​ទប់​ទល់​ជាមួយ​សំឡេងឆ្នោត​របស់​គណបក្ស​កាន់​អំណាច។​ នេះ​បើ​ផ្អែក​លើ​មូលដ្ឋាន​នៃ​គោល​ការណ៍​ដើម​របស់​លោក​កែម ឡី​សម្រាប់​បង្កើត​គណបក្ស​អភិវឌ្ឍន៍​មូលដ្ឋាន៕
ប្រភពពី វីអូអេខ្មែរ