ស្ពានឆ្លងកាត់ទន្លេ ចំនួន ៦ គ្រោងនឹងធ្វើការសាងសង់ ពីឆ្នាំ ២០១៥-២០១៨
* គម្រោងសង់ស្ពាន ឆ្លងកាត់ដៃទន្លេសាប ពីខេត្តកំពង់ឆ្នាំង ទៅកំពង់ធំ មានប្រវែងរហូតដល់ ៣៨០០ម៉ែត្រ !
ភ្នំពេញ ៖ មន្រ្តីក្រសួងសាធារណការ បានថ្លែងអះអាងថា នៅក្នុងឆ្នាំ២០១៥ រហូតដល់ឆ្នាំ ២០១៨ រាជរដ្ឋាភិបាល កម្ពុជា គ្រោងនឹងធ្វើការសាងសង់ស្ពានឆ្លងកាត់ទន្លេ ចំនួន៦បន្ថែមទៀត ដោយក្នុងនោះ គម្រោងសាងសង់ស្ពានឆ្លង កាត់ដៃទន្លេសាប ដែលតភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ មានប្រវែងវែងជាងគេរហូតដល់ ៣៨០០ម៉ែត្រ ដែល គម្រោងសាងសង់ស្ពានខាងលើនេះ គឺរដ្ឋាភិបាលគ្រោងនឹងប្រគល់ឲ្យក្រុមហ៊ុនមកពីប្រទេសចិន ជាអ្នកធ្វើការសាង សង់ ។
លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ បានថ្លែងប្រាប់អ្នកកាសែតឲ្យដឹង កាលពីពេលថ្មីៗនេះថា ក្រសួងសាធារណការ និងក្រសួងសេដ្ឋកិច្ច បានឯកភាពគ្នារួចហើយ ក្នុងការគ្រោងធ្វើការសាងសង់ស្ពានឆ្លងកាត់ទន្លេ ចំនួន ៦បន្ថែមទៀត ដោយគិតចាប់តាំងពីឆ្នាំ ២០១៥ នេះ រហូតដល់ឆ្នាំ ២០១៨ ។
ស្ពានឆ្លងកាត់ទន្លេទាំង ៦ ដែលរាជរដ្ឋាភិបាលគ្រោងនឹងធ្វើការសាងសង់នោះ រួមមាន ទី១ ស្ពានឆ្លងកាត់ទន្លេមេគង្គ លើ ដែលតភ្ជាប់ពីខេត្តក្រចេះ ហួសទៅកាន់ទីប្រជុំជនកំពង់ថ្ម ក្នុងខេត្តកំពង់ធំ ដោយមានកសាងផ្លូវលេខ ៦០បេផង ដែរ ហើយស្ពាននេះមានប្រវែងចម្ងាយ ១៦៥០ម៉ែត្រ ។ គម្រោងស្ពានទី២ គឺតភ្ជាប់ពីខេត្តត្បូងឃ្មុំ ទៅខេត្តកំពង់ចាម ត្រង់ចំណុចស្រុកក្រូចឆ្មារ ឆ្លងកាត់ទន្លេមេគង្គលើ ឆ្ពោះទៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលមានចម្ងាយជាង ១០០០ម៉ែត្រ ។ ទី៣ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ត្រង់ចំណុចស្រុកស្អាង ឆ្ពោះទៅត្រើយខាងកើត ។ ទី៤ គម្រោងសាងសង់ស្ពាន ឆ្លងកាត់ដៃទន្លេសាបដោយកសាងផ្លូវលេខ ៥០សេ ពីខេត្តកំពង់ឆ្នាំង ត្រង់ចំណុចកំពង់ លែង ឆ្ពោះទៅកាន់ខេត្តកំពង់ធំ ដែលមានចម្ងាយ ៣៨០០ម៉ែត្រ ដែលជាគម្រោងកសាងស្ពានវែងជាងគេនៅកម្ពុជា។ ទី៥ គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គលើ តភ្ជាប់ពីតំបន់ជ្រោយចង្វារ ឆ្ពោះទៅតំបន់ស្វាយជ្រុំ និងទី៦ គម្រោង កសាងស្ពានឆ្លងកាត់ ទន្លេមេគង្គក្រោម ពីចំណុចក្នុងសង្កាត់ព្រែកឯង ឆ្ពោះទៅកាន់ស្រុកល្វាឯម ក្នុងខេត្តកណ្តាល ដែលមានប្រវែងជាង ២០០០ម៉ែត្រ ។
លោក លឹម ស៊ីដេនីន បានឲ្យអ្នកកាសែតដឹងបន្តទៀតថា គម្រោងផ្លូវ និងស្ពានទាំងពីរចុងក្រោយនេះ រាជរដ្ឋាភិបាល កម្ពុជា បានប្រគល់ទៅឲ្យក្រុមហ៊ុនសាជីវកម្ម សំណង់ស្ពានថ្មចិន ជួយសិក្សាអំពីផលប្រយោជន៍សេដ្ឋកិច្ច នៃការសាង សង់នេះ ហើយប្រសិនបើវាមានអត្ថប្រយោជន៍ចំពោះសេដ្ឋកិច្ចនោះ រាជរដ្ឋាភិបាលនឹងធ្វើការសាងសង់ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៤កន្លងទៅនេះ ទីស្តីការគណៈរដ្ឋមន្រ្តីបានចេញលិខិតអនុញ្ញាត មួយ ហើយត្រូវបានផ្សព្វផ្សាយជាសាធារណៈ ដោយរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យក្រុមហ៊ុនសាជីវកម្មសំណង់ស្ពាន ថ្នល់ចិន សាងសង់ស្ពានទន្លេមេគង្គចំនួន ២ ដែល១ធ្វើនៅតំបន់ជ្រោយចង្វារ រាជធានីភ្នំពេញ ឆ្ពោះទៅតំបន់ស្វាយជ្រុំ ខេត្តកណ្តាល និង១ទៀត ធ្វើនៅតំបន់ក្តីតាកុយ សង្កាត់វាលស្បូវ រាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកណ្តាលក្នុងឃុំអរិយ ក្សត្រ ស្រុកល្វាឯម ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល