នាយករដ្ឋមន្ត្រីកម្ពុជា បំបែកឯកត្តកម្ម ក្នុងចំណោម មេដឹកនាំអាស៊ាន ដែលមានចៅ ច្រើនជាងគេ
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃចន្ទ ទី០៥ ខែមករា ឆ្នាំ២០១៥ នេះ បានអះអាងដោយខ្លួនឯងថា បានបំបែកឯកត្តកម្ម ក្នុងចំណោមមេដឹកនាំអាស៊ាន ដែលមាន ចៅប្រុស ចៅស្រីច្រើន ជាងគេរហូតដល់ទៅ១៧នាក់ និងមានកូនប្រុស ស្រីចំនួន៥នាក់ ។
ថ្លែងក្នុងពិធី បើកការដ្ឋានសាងសង់ អគាររដ្ឋបាលសាលាខេត្តត្បូងឃ្មុំ នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥ សម្ដេច ហ៊ុន សែន បន្តថា " ពិតមែនតែកូនមួយបានស្លាប់ ប៉ុន្តែនៅសល់កូនប្រាំទៀត បូកជាមួយចៅ ១៧នាក់។ ដែលបានបំបែកឯកត្ត កម្ម ក្នុងមេដឹកនាំអាស៊ានតែម្ដង គឺអ្នកដែលមានចៅច្រើន ។ ប៉ុន្តែមិនដឹងថា មានអ្នកណាទេ ដែលមានចៅច្រើនជាង ខ្ញុំទៀតនោះ"។
សម្ដេច ហ៊ុន សែន ក៏បានរំលឹកអនុស្សាវរីយ៍ នៃជីវិតអាពាហ៍ពិពាហ៍ ជាមួយភរិយា សម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលមានរយៈពេល ៣៩ឆ្នាំ ចាប់តាំងពីថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៩ ។ លោកថា "៣៩ឆ្នាំហើយ ដែលបាន រៀបការ ហើយកូនៗ គេប្រុងធ្វើពិធីអីមួយ គឺជួបជុំហូបបាយ តែខ្ញុំថា កូនកុំអាលសិន ចាំខួបទី៤០ តែម្ដងទៅ"។
យ៉ាងណាក៏ដោយ សម្តេចតេជោ ក៏បានយកឱកាសនោះ ស្នើដោយត្រង់ៗ ទៅកាន់កូនទាំង៥ របស់សម្តេច អ្នកណា មួយក៏បានឱ្យបង្កើតកូនប្រុសម្នាក់ ដើម្បីបង្កើតក្រុមអេគីបបាល់ទាត់ ដែលត្រូវការសមាជិកក្រុម១១នាក់ ។
ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាល ក៏បានបញ្ជាក់ពីអត្ថន័យ ថ្ងៃទី៥ មករា ថា ជាថ្ងៃដែលខេត្តត្បូងឃ្មុំ និងខេត្ត កំពង់ ចាម ពីមុនជាខេត្តតែមួយ ត្រូវបានរំដោះ ចំថ្ងៃទី៥ មករា នេះតែម្ដង ។ សម្ដេចបន្ថែមថា " ហេតុអ្វីបានជាត្រូវជ្រើសរើស ថ្ងៃ៥ មករា ដើម្បីបើកការដ្ឋាននៅទីនេះ បន្ទាប់ពីឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស ខេង បានបើកការដ្ឋាន សាងសង សកលវិទ្យាល័យ ហេង សំរិន នៅថ្ងៃទី២ ធ្នូ ឆ្នាំ២០១៤ កន្លងផុតទៅនេះ ។ វាពិតជាមានអត្ថន័យ សម្រាប់ប្រជាជន នៅទូទាំងប្រទេស ជាពិសេសនៅក្នុងក្របខណ្ឌខេត្តកំពង់ចាម និងបច្ចុប្បន្នបានបំបែកជាខេត្តពីរ គឺកំពង់ចាម និងត្បូង ឃ្មុំ ដែលយើងកំពុងឈរ"។
បើតាមប្រសាសន៍ សម្ដេច ហ៊ុន សែន ថ្ងៃទី៥ មករា ជាដំណើរការ រំដោះប្រទេសបណ្ដើរៗ ពីសំណាក់ប៉ុល ពត ដើម្បី ឈានទៅរំដោះប្រទេសក្នុងថ្ងៃ ៧ មករា ក្នុងនោះខេត្តដែលត្រូវរំដោះបាន ចេញពីដៃប៉ុល ពត ក្នុងថ្ងៃទី៥ មករា រួមមាន ខេត្តកំពង់ចាម ក្រចេះ មណ្ឌលគិរី រតនៈគិរី ស្ទឹងត្រែង និង ស្វាយរៀង ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល