មន្ត្រីរាជការ​កម្ពុជា​នឹង​ទទួលបាន​ប្រាក់បៀវត្ស​រិ៍​ទាប​បំផុត ១ លាន​រៀល នៅ​ឆ្នាំ​២០១៨

1/20/2015 0 Comments A+ a-

ភ្នំពេញ: សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​មានប្រសាសន៍ថា នៅ​ឆ្នាំ​២០១៨ ប្រាក់ខែ​មន្ត្រីរាជការ កងកម្លាំង​ប្រដាប់​អាវុធ​ទាំងអស់ ទាប​បំផុត ១ លាន​រៀល​។​ ​    ​    ​

ថ្លែង​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ បរិញ្ញាបត្រ និង ថ្នាក់​បរិញ្ញាបត្ររង​នៃ សាកលវិទ្យាល័យ​ស្វាយរៀង​ចំនួន ១.០២៦ នាក់ នា​ព្រឹក​ថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០១៥ នៅ​ខេត្តស្វាយរៀង ។     ​    ​
​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា កាសែត​រស្មី​កម្ពុជា បានធ្វើការ​ស្រង់​យោបល់​តាម​ហ្វេ​ស​បុក ពាក់ព័ន្ធ​ទៅ​ការឡើង​ប្រាក់ខែ អ្នកខ្លះ បាន​សួរថា​តើ​ការឡើង​នេះ ឡើង​រាល់​ឆ្នាំ​មែន​ទេ​?
​សម្តេច​បាន​លើកឡើងថា សម្តេច​បានបញ្ជាក់​រួច​ហើយ​ថា ប្រាក់បៀវត្ស​រិ៍​របស់​មន្ត្រីរាជការ និង​ត្រូវ​ឡើង តាមរបៀប​កាំជណ្តើរ ដូចនេះ មានន័យថា ឡើង​ពី​កាំ​ទីមួយ រហូតដល់​លើផ្ទះ​។ ហើយ​ឡើងជា​ពហុ​អត្រា ហើយ​ការឡើង​នៅ​ខែមេសា​នេះ គឺ​សម្រាប់​អ្នក​ប្រាក់ខែ​ទាប​បំផុត ៥៥ ម៉ឺន​រៀល សម្រាប់​មន្ត្រីរាជការ​ស៊ីវិល​។ សម្រាប់​គ្រូបង្រៀន និង​គ្រូពេទ្យ ៦៥ ម៉ឺន​រៀល​។​
​    ​
​សម្តេច​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា គោលដៅ​សម្រាប់​ឆ្នាំ​២០១៨ ប្រាក់ខែ​មន្ត្រីរាជការ​ទា​ប​បំផុត ១ លាន​រៀល​។
​សម្តេច​តេ​ជោ​បាន​បន្តថា សម្តេច​មិន​ខ្វល់​ជាមួយនឹង​អ្នកណា​និយាយ​អ្វី​នោះទេ សំខាន់​រាជរដ្ឋាភិបាល​មានលទ្ធភាព​តម្លើង​បៀវត្ស​រិ៍ ដល់​មន្ត្រីរាជការ​កម្រិត​ណា គឺ​ធ្វើ​ទៅតាម​លទ្ធភាព​។ ព្រោះ​បើ​ឡើង​ហើយ គ្មាន​លុយ​បើក​ឲ្យ វា​នឹង​ជា​បញ្ហា​។ អ្នក​ថា​ចេះតែ​ថា​ទៅ ព្រោះ​អត់​អស់​ថ្ម​ទេ​។ គោលដៅ​របស់​យើង ចង់អោយ​អ្នក​ប្រាក់ខែ​ទាប​បំផុត​ខិតជិត និង​ប្រាក់ខែ​អ្នកមាន​ប្រាក់ខែ​ខ្ពស់ ហើយ​គោលដៅ​ជា​អាទិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា គឺ​ផ្តោតទៅលើ​គ្រូ បង្រៀន និង​គ្រូពេទ្យ ដែល​គ្របដណ្តប់ រហូតដល់​ទៅ ១៣ ម៉ឺន​នាក់ ក្នុងចំណោម​មន្ត្រីរាជការ​ចំនួន ១៩ ម៉ឺន​នាក់​។     ​
​សម្តេច​តេ​ជោ​បាន​បន្តថា ការចំណាយ​ទៅលើ​ប្រាក់បៀវត្ស​រិ៍ម​ន្ត្រី​រាជការ នាពេល​បច្ចុប្បន្ននេះ បាន​លើស​ទៅនឹង​អ្វីដែល​គេ​បានកំណត់​នៅក្នុង​ច្បាប់​ថវិកាជាតិ​ហើយ ព្រោះ​ការចំណាយ​ទៅលើ​ប្រាក់បៀវត្ស​រិ៍ គេ​បាន​កំណត់ថា មិន​ឲ្យ​លើសពី ៥ ភាគរយ​នៃ GDP  និង ៤០ ភាគរយ​នៃ​ចំណាយ​ចរន្ត​តែប៉ុណ្ណោះ តែ​ប​ច្ចប្ប​ន្ន បាន​ចាយ​ដល់​ទៅ ៤៩​ភាគរយ នៃ​ចំណាយ​ចរន្ត​ហើយ​។
​    ​
​នៅក្នុង​ឱកាស​នោះដែរ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ធ្វើការ​ក្រើនរំលឹក​ដល់​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ ឲ្យ យកចិត្តទុកដាក់​ទៅលើ​ការចុះផ្សាយ​របស់​បណ្តាញ​សារព័ត៌មាន ដែល​បាន​ចុះផ្សាយ​ព័ត៌មាន​អនុវិទ្យាល័យ​មួយកន្លែង ដែល​កូនសិស្ស​អង្គុយ​រៀន​នៅក្រោម​ដើមឈើ ឲ្យ​ចុះទៅពិនិត្យ និង​ដោះស្រាយ​ជាបន្ទាន់ ព្រោះ​យើង​មិនត្រូវ ឲ្យ​មាន​ស្ថានភាព​បែបនេះ កើតឡើង​នៅក្នុងពេល​បច្ចុប្បន្ននេះ​ទេ​។
​សម្តេច ក៏បាន​ដាក់​តឿន​ឲ្យ​លោក​រដ្ឋមន្ត្រី តាមដាន​នៅលើ​ទំព័រ​កាសែត​ជាប្រចាំ ព្រោះ​ព័ត៌មាន​មាន​សារៈ​សំ​ឃាន់​ណាស់ សម្រាប់​យើង ក្នុងការ​ទទួលបាន​ព័ត៌មាន ដែល​យើង​ខ្វះចន្លោះ តែ​ក៏​ជា​ព័ត៌មាន ដែលជា​ក់លាក់​ផងដែរ​។
​ជាមួយនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានលើកឡើង​សម្រាប់​អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook ត្រូវ​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់ ខ្លួន​ឲ្យ​មាន​ទិសដៅ​វិជ្ជមាន បំរើ​សង្គម​ជៀសវាង​ការ​បំភ្លៃ​ការពិត និង​ការប្រើប្រាស់ ដែលមាន​គោលដៅ​បំផ្លាញ​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។​
​    ​
​ជាមួយគ្នានេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន ក៏បាន​មានប្រសាសន៍ថា នៅ​ខែមករា ឆ្នាំ​២០១៥​នេះ សម្តេច​បានធ្វើ​នូវ​ការងារ​ជាច្រើន ដែល​បំរើ​ឲ្យ​សេចក្តីត្រូវការ​របស់​ប្រទេស និង​ប្រជាជន​កម្ពុជា​។​
​ជាមួយនឹង​ការ​ថ្លែង​នោះដែរ សម្តេច​ក៏បាន​សំដែង​នូវ​ការកោតសរសើរ និង​វាយ​តំលៃ​ខ្ពស់ និង​សូម​ចូលរួម​នូវ​ការអបអរសាទរ​ជាមួយ​សាស្ត្រ​ចា​រ្យ​លោកគ្រូ​អ្នកគ្រូ និង​មាតាបិតា​សិស្ស ពិសេស​និស្សិត​ទាំងអស់ ដែល​បានសំរេច​នូវ​ស្នាដៃ​ដ៏​ធំធេង​ពី​ការសិក្សា ដែល​ទទួលបាន​សញ្ញាបត្រ នៅថ្ងៃនេះ​។​    ​
​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​ក្រើនរំលឹក​ដល់​គ្រប់ផ្នែក​និង​គ្រប់​ស្ថាប័ន​ទាំងអស់ ត្រូវ​ចូលរួម​សហការគ្នា​ឲ្យ​កាន់តែ​ជិតស្និត​ទ្វេ​ឡើង​ថែមទៀត ក្នុងការ​ជំរុញ​លើកកម្ពស់​គុណភាព​វិស័យ​អប់រំ​របស់​ប្រទេស​កម្ពុជា​ឲ្យ​កាន់​តែមាន​គុណភាព និង​រីកចំរើន​ទ្វេ​ឡើង​ថែមទៀត ចាប់តាំងពី​ពេលនេះ រហូតដល់​យើង​ចូលក្នុង​សមាគម​អាស៊ាន​។​ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី មានប្រសាសន៍​សង្កត់ធ្ងន់​ថា យើង​មិនអាច​ចូល​សមាគម​អាស៊ាន ក្នុងស្ថានភាព​អន់​ជាងគេ​នោះទេ ផ្ទុយទៅវិញ​យើង​ចូលក្នុង​សហគមន៍​អាស៊ាន​ក្នុងស្ថានភាព​ឈ្នះ ស្ថានភាព​មានប្រៀប និង​ការចូល​ដោយ​មោទនភាព និង​ការប្រកួតប្រជែង​បំផុត​។​
​​    ​    ​    ​    ​    ​
​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​ឲ្យ​ដឹងថា សាកលវិទ្យាល័យ ស្វាយរៀង គឺជា​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​សាធារណៈ មាន​តួនាទី​ជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​និស្សិត រួមទាំង​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកទេស​ការស្រាវជ្រាវ ចាប់តាំងពី​ដាក់​ឲ្យ​ដំណើរការ កាលពី​ឆ្នាំ​២០០៥-២០០៦​។ ក្នុង​ឆ្នាំ​២០១៤-២០១៥ នេះ សាកលវិទ្យាល័យ មាន​គណៈ​គ្រប់គ្រង​សាស្ត្រាចារ្យ និង​បុគ្គលិក​ចំនួន ១៧៣ នាក់ ធ្វើការ​បណ្តុះបណ្តាល​លើ ១២ មុខជំនាញ និង​មាន​និស្សិត កំពុង​សិក្សា​ចំនួន ៣​ពាន់ ១៣៥​នាក់​។​
​លោក​រដ្ឋមន្ត្រី​មានប្រសាសន៍​បន្តថា និស្សិត​ជ័យលាភី ដែល​ទទួល​សញ្ញាបត្រ​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៅពេលនេះ មាន​ចំនួន ១.០២៦ នាក់ ក្នុងនោះ និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ចំនួន ៧៣ នាក់ និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ចំនួន ៨២៤ នាក់ និង​និស្សិត​ថ្នាក់​បរិញ្ញាបត្ររង​ចំនួន ១២៩ នាក់ ក្នុងនោះ និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​មានការ​ងារ​ធ្វើ ចំនួន ១០០ ភាគរយ និស្សិត​បរិញ្ញាបត្រ មានការ​ងារ​ធ្វើ ៩៣,៥៧ ភាគរយ និង​និស្សិត​បរិញ្ញាបត្ររង មានការ​ងារ​ធ្វើ​ចំនួន ៨០,៩៥ ភាគរយ​៕ប្រភពៈ CEN
214