លោក ហ៊ុន សែន ហាម​បរទេសលូក​ដៃ​ក្នុង​ចំណាត់​ការ​របស់​តុលាការ​កម្ពុជា​

1/20/2015 0 Comments A+ a-

លោកនាយក​ រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទ​នេះ ប្រ​កាស​កុំ​ឲ្យ​បរទេសនានា​លូក​ដៃ​ប្រឆាំង​នឹង​​ចំណាត់​ការ​របស់​តុលា​ការ​ កម្ពុជា​ទៅ​លើ​តំណាងរាស្រ្ត​របស់​គណបក្ស​សង្រ្គោះជាតិ​៧​រូប និង​សកម្មជន​ផ្សេង​ៗ​ទៀត។​
លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​លើកឡើង​បែប​នេះ ពេល​លោក​​​ប្រតិកម្ម​ខ្លាំង​នឹង​ការវាយ​ប្រហារ​របស់​អនុ​ប្រធាន​​គណបក្ស​ សង្រ្គោះជាតិ ​លោក​ កឹម សុខា នា​ពេល​ថ្មីៗនេះ នៅតាម​បណ្តា​ខេត្ត​មួយ​ចំនួន។​
hunsen_140909_-vichet--2015-01-19-2015-01-19លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​កន្លង​ទៅ
ក្នុងពិធី​ចែក​សញ្ញា​បត្រ​ដល់​និស្សិត​នៅខេត្ត​ស្វាយ​រៀង លោកនាយក​រដ្ឋមន្រ្តីមាន​ប្រសាសន៍ថាលោក​មិន​​អាច​​ទ្រាំ​បាន​នឹង​ការ​រិះគន់​ និងការ​​វាយ​ប្រហារ​ជាប​ន្ត​បន្ទាប់​របស់​លោក​ កឹម សុខា ​​នោះទេ។ លោកបន្ត​​​ដោយ​សម្តី​ខ្លាំងៗ​ថា​​តុលាការនឹង​​​ធ្វើ​កិច្ច​ការ​របស់​គេ ហើយ​តំណាង​រាស្រ្ត​​​​គណបក្ស​សង្រ្គោះជាតិ​ទាំង​៥៥រូប មិន​អាច​រក​សំឡេង​៣​ភាគ​៤​ពីសភា​បាន​នោះទេ ដើម្បី​គាំទ្រ​កុំ​ឲ្យ​មាន​ការ​ដកអភ័យ​ឯកសិទ្ធិយក​ទៅ​កាត់​ទោស។​ លោក​នាយក​រដ្ឋមន្រ្តីឲ្យ​ដឹង​ទៀត​ថា​អភ័យ​ឯកសិទ្ធិរបស់​តំណាង​រាស្រ្ត​ទាំង​ ៧នោះ ទទួល​បាន​ក្រោយពេល​តុលា​ការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅឃុំ​បណ្តោះ​អាសន្ន​។ លោកបន្ត​ថា​តុលា​ការ​នឹ​ង​ចាត់​​វិធាន​ការ​អ្នក​ដែលកំពុង​ជាប់​ឃុំ​ឃាំងមុន​ និង​បន្ទាប់​មក ​គឺ​អ្នក​​នៅ​ក្រៅឃុំ។
​លោកនាយក​រដ្ឋមន្រ្តី​​ហាម​កុំ​ឲ្យ​មាន​ការ​លូក​ដៃ​ពី​បរទេស​ក្នុង​ករណីនេះ ដោយ​​គោរព​តាម​តុលាការ​របស់​កម្ពុជា។ ​លោក​បញ្ជាក់​​​ថា​ «ហើយ​សុំ​បរទេសនានា​ កុំ​លូក​ដៃ​ កុំ​លូ​ក​លាន់​​ចូល​កិច្ច​ការ​របស់​​តុលា​ការ​កម្ពុជា។ អ្នក​ឯង​ធ្លាប់​តែ​និយាយ​ពី​បញ្ហា​ ទុក​ឲ្យ​តុលា​ការ​ឯក​រាជ្យ​។ ខ្ញុំ​គោរ​ព​តុលាការ»
លោក​នាយក​រដ្ឋមន្រ្តី​ឲ្យ​ដឹង​ទៀត​​ថា​លោក​និយាយ​បែបនេះ​ឲ្យ​ហើយ ​ស្រប​ពេល​អ្នក​រាយការណ៍ពិសេស​អង្គ​ការ​សហ​ប្រជា​ជាតិ ​លោក សុរិយា ស៊ូ​ប៊ែ​ឌី​ កំពុង​តែ​បំពេញ​ទសន្សកិច្ច​នៅ​កម្ពុជា។
​គួរ​រំឮក​ថា ​តំណាងរាស្ត្រគណបក្ស​សង្រ្គោះជាតិ​ទាំង​​៧រូប​នោះ រួមមាន លោកស្រី មូរ សុខ​ហួរ បេក្ខជន​តំណារាស្ត្រ​ជា​ប់ឆ្នោត​ខេត្ត​បាត់ដំបង លោក ម៉ែន សុថា​វ​រិន្ទ្រ បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោត​ខេត្តកំពង់ធំ លោក ហូរ វ៉ាន់ បេក្ខជន​តំណាងរាស្ត្រ​នៅ​ភ្នំពេញ លោក លោក រៀល ខេ​មរិ​ន្ទ្រ បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង និង​លោក កែវ ភីរម្យ បេក្ខជន​តំណារាស្ត្រ​ជា​ប់ឆ្នោត​ខេត្ត​ក្រចេះ លោក ឡុង រី បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​ខេត្ត​បន្ទាយមានជ័យ និង លោក នុត រំដួល បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោត​ខេត្តកំពង់ស្ពឺ​។
អ្នក​ទាំង​៧រូប​ ត្រូវបាន​ចោទប្រកាន់​ពី​បទ​ដឹកនាំ​ធ្វើ​កុបកម្ម យោងតាម​មាត្រា ៤៥៩​នៃ​ក្រម​ព្រហ្មទណ្ឌ និង​ពី​បទ​ផ្តើមគំនិត​បង្ក​ហិង្សា និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ យោងតាម​មាត្រា ២៨, ២១៨ និង ៤៩៥​នៃ​ក្រម​ព្រហ្មទណ្ឌ​។
គួរ​បញ្ជាក់ថា លោក សុរិយា ស៊ូ​ប៊ែឌី នឹង​ជួប​ជាមួយ​លោក​ សម រង្ស៊ី និង​លោក កឹម សុខា នៅវិមាន​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​អង្គារ​ស្អែក​នេះ។
គួរ​រំឮក​ថា ​កន្លង​ទៅ ​សហគមន៍​ជាតិ និង​អន្តរ​ជាតិ រួម​ទាំ​ង​សហរដ្ឋអាមេរិកផង​ដែរ​ ធ្លាប់​បាន​អំពាវនាវ​ឲ្យ​ដោះ​លែង​តំណាង​រាស្រ្ត​សង្រ្គោះជាតិ លោកស្រី​ មូរ សុខហួរ  ពេល​លោក​ស្រី​ជាប់​ពន្ធ​នាគារ​៕ ប្រភពៈ VOD