លេចធ្លាយដំណឹង មកថា យន្តហោះ AirAsia ឥណ្ឌូនេស៊ី QZ8501 មិនត្រូវបានអនុញ្ញាត ឲ្យហោះហើរ ក្នុងថ្ងៃដែល បានធ្លាក់នោះទេ!
ឥណ្ឌូនេស៊ី៖ យោងតាមប្រភពព័ត៌មាន CNN បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ AirAsia មិនត្រូវ បានផ្តល់ការអនុញ្ញាត ឲ្យ មានជើងហើរហោះ ក្នុងថ្ងៃអាទិត្យ លើផ្លូវអាកាស ពីទីក្រុង Surabaya ទៅកាន់ទីក្រុង សាំងហ្គារពួរ នោះទេ ហើយចុងក្រោយ យន្តហោះ Airasia QZ8501 ក៏បានជួបឧបទ្ទវហេតុធ្លាក់ ចូលសមុទ្រជ្វា ផ្ទុកមនុស្ស ១៦២នាក់។
តាមប្រភពដដែលបាន លើកឡើងថា ក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ី បានអនុញ្ញាតឲ្យ ក្រុមហ៊ុនអាកាសចរណ៍ AirAsia ឥណ្ឌូនេស៊ី នេះ អាចមានជើងហើរហោះ តែបួនថ្ងៃក្នុងមួយសប្តាហ៍ ដែលមិនរួមបញ្ចូល ថ្ងៃអាទិត្យនោះទេ លើ ផ្លូវអាកាស ពីទីក្រុង Surabaya ទៅកាន់ទីក្រុង សាំងហ្គារពួរ ។ លើសពីនេះ ក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ី បានប្រកាសឲ្យមានការស៊ើបអង្កេត ឲ្យបានម៉ត់ចត់ និងពេញលេញមួយ លើគ្រោះឧបទ្ទវហេតុនេះ ហើយក្រសួងក៏បាន ប្រកាសឲ្យផ្អាក ជើងហោះហើរ AirAsia ឥណ្ឌូនេស៊ី រវាងទីក្រុង Surabaya ទៅកាន់ទីក្រុង សាំងហ្គាពួរ ផងដែរ។ លើសពីនេះ ក្រសួងដដែល ក៏បានធ្វើការត្រួតពិនិត្យលើ ក្រុមហ៊ុនអាកាសចរណ៍ ទាំងអស់ ក្នុងប្រទេស ដើម្បីធ្វើឲ្យប្រាកដថា ក្រុមហ៊ុនទាំងអស់បាន គោរពតាម ច្បាប់ និង អាជ្ញាប័ណ្ណ។
សម្រាប់ ការស៊ើបអង្កេតនេះ នឹងផ្តោតសំខាន់លើ ដំណើរការ របស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia ក្នុងប្រទេសឥណ្ឌូនេស៊ី និង អ្នកគ្រប់គ្រង ព្រលានយន្តហោះ ដែលស្ថិតក្រោមការ គ្រប់គ្រងរបស់រដ្ឋ នៃនាយកដ្ឋាន ដឹកជញ្ជូនឥណ្ឌូនេស៊ី (Angkasa Pura1) ដែលមានតួនាទីគ្រប់គ្រង លើព្រលានយន្តហោះ Surabaya នេះ។
លើសពីនេះ លោក រដ្ឋមន្ត្រី ក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ី Ignatious Jonan បានពិពណ៌នា អំពី ការប្រព្រឹត្ត របស់អាកាសចរណ៍នេះ ជាការបំពាន ដ៏ធ្ងន់ធ្ងរមួយ។ លោកក៏បានបន្តថា ការស៊ើបអង្កេតនេះ នឹងរំពឹងទុក ធ្វើឡើងក្នុងរយៈពេល មួយសប្តាហ៍។
បន្ថែមពីនេះ ក្នុងសេចក្តីថ្លែងការ ដែលចេញដោយ ក្រសួងដឹកជញ្ជូន បានលើកឡើងថា៖ «យន្តហោះ AirAsia ឥណ្ឌូនេស៊ី ដែលហោះលើ ផ្លូវអាកាស ពី Surabaya-Singapore គឺបានដំណើរការ លើសពីអាជ្ញាប័ណ្ណ ដែលបានអនុញ្ញាត ដោយក្នុងនោះ ក៏មានការហោះហើរ ក្នុងថ្ងៃ អាទិត្យ ។ ហើយ AirAsia ឥណ្ឌូនេស៊ី មិនបាន ដាក់ការស្នើសុំ ចំពោះការកែប្រែ ថ្ងៃដំណើរការ ទៅកាន់ អ្នកគ្រប់គ្រងទូទៅ ខាងផ្នែកដឹកជញ្ជូន ផ្លូវអាកាស ទៀតផង។ ទាំងនេះ ជាការ បំពានទៅលើ កិច្ចព្រមព្រៀង នៃផ្លូវអាកាសដែលផ្តល់ឲ្យ ដំណើរការ»។
ប្រភពព័ត៌មាន CNN បានស្រង់ សំដីរបស់ លោក Sunu Widyatmoko នាយកប្រតិបត្តិ ក្រុមហ៊ុនអាកាសចរណ៍ AirAsia នៅឥណ្ឌូនេស៊ី ដែលត្រូវបាន គេដកស្រង់ពី ទូរទស្សន៍ក្នុងស្រុក ដោយបាននិយាយថា ក្រុមហ៊ុន អាកាសចរណ៍របស់លោក នឹងសហការយ៉ាងពេញលេញ ជាមួយការស៊ើបអង្កេតនេះ ហើយមិនចេញសេចក្តី ថ្លែងការណ៍អ្វីនោះទេ លុះត្រាតែ ការស៊ើបអង្កេត ចេញជាលទ្ធផលសិន។
គួរបញ្ជាក់បន្ថែម ដែរថា ប្រភពព័ត៌មាន ក៏បានលើកឡើងថា អាជ្ញាធរឥណ្ឌូនេស៊ី បានឲ្យដឹងពី ក្រុមការងារស្វែងរក និងសង្គ្រោះ បានរកឃើញ បំណែក ធំៗចំនួន ៤ នៃយន្តហោះ AirAsia QZ8501 ដែលបាន ធ្លាក់ចូលក្នុងសមុទ្រ និង សាកសព ជនរងគ្រោះ ចំនួន ៣០នាក់ ខណៈ សាកសព ជនរងគ្រោះ ១៣២ ផ្សេងទៀត មិនទាន់រកឃើញ នៅឡើយទេ។ ចំណែកឯ ប្រអប់ខ្មៅ ដែលផ្ទុកព័ត៌មាន សំខាន់ នៅក្នុងយន្ត ហោះនេះ ក៏មិនបានរកឃើញនៅ ឡើយដែរ៕
រូបភាពៈ ក្រុមការងារស្វែងរកនិង សង្គ្រោះ កំពុងប្រតិបត្តិការរកបំណែកយន្តហោះនិងសាកសពជនរងគ្រោះ
រូបភាពៈ ក្រុមការងារស្វែងរកនិង សង្គ្រោះ កំពុងប្រតិបត្តិការរកបំណែកយន្តហោះនិងសាកសពជនរងគ្រោះ
សាកសព ជនគ្រោះដែល បានត្រូវបញ្ជូនពី កោះប័រណេអូ ទៅកាន់ទីក្រុង Surabaya
ប្រភព CNN
ដោយ៖ ទីន