ជនភៀសខ្លួន​ម៉ុងតាញ៉ា​១៣​នាក់​កំពុង​លាក់ខ្លួន​ក្នុង​ព្រៃ​ប្រឈមមុខ​នឹង​ជំងឺ​និង​អត់​អាហារ

12/19/2014 0 Comments A+ a-


image (1)
ក្រុម​ជនភៀសខ្លួន​មួយ​ក្រុម​ក្នុង​ចំណោម​បី​ក្រុម​អះអាង​ថា ពួកគេ​កំពុង​មាន​ជំងឺ និង​ដាច់​អាហារ។ ការ​អះអាង​នេះ​ធ្វើ​ឡើង​ខណៈ​ក្រុម​ការងារ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ពីរ​ក្រុម គឺ​ក្រុម​ទទួល​បន្ទុក​សិទ្ធិមនុស្ស និង​ក្រុម​ទទួល​បន្ទុក​ជនភៀសខ្លួន កំពុង​ស្វែងរក​កិច្ចសហការ​ពី​អាជ្ញាធរ​ខេត្ត​ដើម្បី​សង្គ្រោះ​ជនភៀសខ្លួន​វៀតណាម លាក់​ខ្លួន​ក្នុង​ព្រៃ​ក្នុង​ខេត្ត​រតនគិរី។
ក្រុម​ម៉ុងតាញ៉ា មួយ​ក្រុម​មាន​គ្នា ៤​នាក់ នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ អំពាវនាវ​ឲ្យ​ក្រុមការងារ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​រួសរាន់​សង្គ្រោះ​ពួកគេ​ចេញពី​ព្រៃ បើ​ពុំ​នោះ​ទេ ពួកគេ​នឹង​ប្រឈម​មុខ​ទៅ​នឹង​គ្រោះថ្នាក់​ដោយ​ជំងឺ​យាយី និង​ដាច់​ស្បៀងអាហារ។
​ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ពួកគេ​ទាំង ៤​នាក់ ឋិត​ក្នុង​ចំណោម​អ្នក​ភៀសខ្លួន​វៀតណាម ពីរ​ក្រុម​ទៀត​មាន​គ្នា​សរុប ១៣​នាក់ បាន​ភៀសខ្លួន​ចេញពី​ខេត្ត​យ៉ាឡាយ ភាគ​កណ្ដាល​ប្រទេស​​​វៀតណាម ជិត​ពីរ​ខែ​កន្លង​ទៅ​នេះ។ ពួកគេ​សម្ងំ​លាក់ខ្លួន​ក្នុង​ព្រៃ​មិន​ហ៊ាន​បង្ហាញ​ខ្លួន​ឲ្យ​អាជ្ញាធរ​ខេត្ត​រតនគិរី ឃើញ​ដោយសារ​ខ្លាច​សមត្ថកិច្ច​ចាប់​បញ្ជូន​ពួកគេ​ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម​វិញ។
​បុរស​ម្នាក់​ក្នុង​ចំណោម​គ្នា​ ៤​នាក់​រៀប​រាប់​ថា អ្នកភូមិ​ខ្មែរ​ដែល​ទំនុកបម្រុង​ស្បៀង​សម្រាប់​ពួកគេ​មិន​បាន​ផ្ដល់​បាយ​ច្រើន​ថ្ងៃ​មក​ហើយ ដូច្នេះ​ពួកគេ​គ្មាន​បាយ​ហូប និង​ទឹក​ផឹក​គ្រប់គ្រាន់។ ដោយ​ឡែក​ទៀត ការ​​លាក់​ខ្លួន​ក្នុង​ព្រៃ​គ្មាន​មុង​កន្ទេល​ធ្វើ​ឲ្យ​ពួកគេ​កើត​មាន​ជំងឺ​រាក​មួល និង​ជំងឺ​គ្រុន​ចាញ់​បន្ត​បន្ទាប់​គ្នា៖ «ពួក​ខ្ញុំ​ត្រូវការ​អង្គការ​សហប្រជាជាតិ ខ្ញុំ​នៅ​ទី​នេះ​យូរ​ហើយ ជិត​ពីរ​ខែ​ហើយ ឈឺ​គ្រុនចាញ់​ក៏​មាន ឈឺ​ពោះ​ក៏​មាន។ ខ្លាច​ប៉ូលិស​ឈឺ។ ច្រើន​ណាស់​ក្នុង​ព្រៃ»
ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ បាន​ចុះទៅ​ខេត្ត​រតនគិរី លើក​ទី​២ កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ដើម្បី​ស្វែង​ក្រុម​ម៉ុងតាញ៉ា ទាំង ១៣​នាក់​នោះ​ហើយ​គ្រោង​នាំ​យក​ទៅ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​កិច្ច​​សម្ភាសន៍​ផ្តល់​ឋានៈ​ជា​ជនភៀសខ្លួន។ ក្រុម​នេះ​បាន​ពន្យារ​ពេល​ចុះ​ទៅ​ជួប​ក្រុម​ម៉ុងតាញ៉ា ដោយសារ​​មាន​សំណើ​ពី​អាជ្ញាធរ​ខេត្ត​ឲ្យ​រក​លិខិតអនុញ្ញាត​ពី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​​អន្តរជាតិ។ រហូត​មក​ទល់​នឹង​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ​មិន​ទាន់​មាន​​លទ្ធភាព​ចុះ​ទៅ​សង្គ្រោះ​ជនភៀសខ្លួន​ទាំង​នោះ​នៅ​ឡើយ។
មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​សមាគម​អាដហុក (Adhoc) ខេត្ត​រតនគិរី លោក ឆាយធី កត់សំគាល់​ថា នេះ​គឺ​ជា​​ការ​ទទួល​ខុស​ត្រូវ​របស់​ស្ថាប័ន​អន្តរជាតិ​ទាំង​ពីរ រួម​ទាំង​ស្ថាប័ន​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ជា​ម្ចាស់​​ហត្ថលេខី​លើ​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​ជនភៀសខ្លួន។
លោក​បន្ត​ថា សុវត្ថិភាព​ជនភៀសខ្លួន​​វៀតណាម ទាំង​នោះ​ឋិត​ក្នុង​ការ​គំរាមកំហែង​ប្រសិន​ពួកគេ​បន្ត​រស់​នៅ​កន្លែង​លាក់ខ្លួន​យូរ​ថ្ងៃ​ទៀត៖ «ឥឡូវ​គាត់​សម្រេច​ចិត្ត​មួយ​ប្រសិនបើ​មាន​វត្តមាន​អង្គការ យូ.អិន និង​មន្ត្រី​អាជ្ញាធរ​គាត់​នឹង​ចេញពី​ព្រៃ​មក​ជួប​គឺ​គាត់​មិន​ទ្រាំ​នៅ​ព្រៃ​ត​ទៅ​ទៀត​ទេ»
អ្នក​ភូមិ​ខ្មែរ​មួយ​រូប​ដែល​បាន​ទំនុក​បម្រុង​ជនភៀសខ្លួន​វៀតណាម កំពុង​មាន​ក្តី​បារម្ភ ខណៈ​ដែល​ក្រុម​​​អង្គការ​សហប្រជាជាតិ មិន​មាន​លទ្ធភាព​សង្គ្រោះ​ជនភៀសខ្លួន​បាន។ អ្នក​ភូមិ​រូប​នេះ​បន្ត​ថា ប៉ូលិស​​នៅ​តែ​បន្ត​ស្វែង​រក​ជម្រក​លាក់​ខ្លួន​ពួក​ម៉ុងតាញ៉ា រាល់​ថ្ងៃ៖«គេ​ចេះតែ​ទៅ​រក​ប៉ូលិស​ប៉េអឹម​គេ។ ខ្ញុំ​ចេះ​តែ​អំពាវនាវ​ឲ្យ​អន្តរជាតិ​ជួយ​ពួកគាត់​ចេញ​ពី​ព្រៃ​ផង នៅ​ក្នុង​ព្រៃ​គ្រុន​ចាញ់ ផ្ដាសាយ​ខែ​រងា»
នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ប្រជាពលរដ្ឋ​សហគមន៍​ឲ្យ​ដឹង​ថា គេ​ឃើញ​រថយន្ត​ក្រុម​ការងារ​អង្គការ​សហ​ប្រជាជាតិ​ធ្វើ​ដំណើរ​ទៅ​ឃុំ​សេដា ក៏ប៉ុន្តែ​មិន​មាន​ជនភៀសខ្លួន​ណា​ម្នាក់​បង្ហាញ​ខ្លួន​នោះ​​ឡើយ។ អ្នក​ភូមិ​និយាយ​ថា កង​ប៉ូលិស​មូលដ្ឋាន​បាន​តាម​ឃ្លាំមើល​សកម្មភាព​ក្រុម​ការងារ​អង្គការ​​សហប្រជាជាតិ​ដែល​បាន​ទៅ​ដល់​តំបន់​នោះ។
​យ៉ាង​នេះ​ក្តី​អ្នក​នាំ​ពាក្យ​និង​ជា​អភិបាលរង​ខេត្ត​រតនគិរី លោក លី វិន នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ មាន​ប្រសាសន៍​បញ្ជាក់​ថា រហូត​មក​ទល់​ពេលនេះ​អាជ្ញាធរ​ខេត្ត​មិន​ទាន់​ដឹង​វត្តមាន និង​កន្លែង​លាក់​ខ្លួន​ជនជាតិ​វៀតណាម ទាំង​នោះ​នៅ​ឯ​ណា​ទេ៕
ប្រភពពី វិទ្យុអាស៊ីសេរី