ពលរដ្ឋ​ចោទ​មន្ត្រី​នៅ​ខេត្ត​ព្រះសីហនុ​ថា​ឃុបឃិត​ធ្វើ​ប្លង់​កម្មសិទ្ធិ​ជាន់​លើ​ដី​លំនៅឋាន

12/19/2014 0 Comments A+ a-

imageប្រជាពលរដ្ឋ ១៥​គ្រួសារ នា​ខេត្ត​ព្រះសីហនុ ចោទ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​នេះ ថា​ឃុបឃិត​ជាមួយ​ឈ្មួញ​លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​ដីធ្លី រំលោភ​យក​ដី​លំនៅឋាន​ដែល​កំពុង​រស់នៅ និង​អាស្រ័យ​ផល​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ។
មន្ត្រី​សិទ្ធិ​មនុស្ស និង​ពលរដ្ឋ​រងគ្រោះ បាន​ចាត់​ទុក​សកម្មភាព​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​រំលោភ​ដី​លំនៅឋាន ផ្ដើម​ដោយ​មន្ត្រី​ក្រសួង និង​មន្ទីរ​ពាក់ព័ន្ធ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ ថា​អាច​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ និង​ស្នើ​ដល់​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល ជួយ​មាន​វិធានការ​ជា​បន្ទាន់។
ក្នុង​ទឹក​មុខ​ក្រៀមក្រំ និង​ផ្ទៃ​មុខ​ជ្រីវជ្រួញ ស្ត្រី ប៉ាក់ ស៊ីណា តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី ១៥​គ្រួសារ នៅ​ក្នុង​ភូមិ​៥ សង្កាត់​៤ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ បាន​លើក​ដៃ​សំពះ​អំពាវនាវ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​បញ្ជូន​មន្ត្រី​ឯករាជ្យ​ចុះ​ស៊ើប​អង្កេត ផ្តល់​យុត្តិធម៌​ចំពោះ​សកម្មភាព​ឃុបឃិត​គ្នា​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី រំលោភ​យក​ដី​លំនៅឋាន​កំពុង​រស់នៅ​សព្វថ្ងៃ។ ពលរដ្ឋ​ចោទ​ប្រកាន់​ថា ក្រុម​អ្នក​ដែល​ឃុបឃិត​គ្នា​នោះ គឺ​ផ្ដើម​ដោយ​មន្ត្រី​ក្រសួង​សុរិយោដី និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ។
លោកស្រី​បន្ត​ថា ក្នុង​ចំណោម​ពលរដ្ឋ​ទាំង ១៥​គ្រួសារ ដែល​មក​រស់នៅ​ក្បែរ​តំបន់​អាង​ចម្រោះ​ទឹក​ស្អាត​នា​ខេត្ត​ព្រះសីហនុ គឺ​មាន​ពលរដ្ឋ​ខ្លះ​បាន​មក​តាំង​ទី​លំនៅ​លើ​ដី​នេះ តាំង​ពី​ឆ្នាំ​១៩៨៧ មក​ម្ល៉េះ ហើយ​អាជ្ញាធរ​មូលដ្ឋាន​ដឹង​ឮ ឬ​ទទួល​ស្គាល់​ជា​បន្តបន្ទាប់ រហូត​ដល់​មាន​សកម្មភាព​ចុះ​វាស់វែង​ដីធ្លី​ត្រៀម​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ថែម​ទៀត​កន្លង​មក។ ប៉ុន្តែ នៅ​ពេល​តម្លៃ​ដីធ្លី​កើន​ខ្ពស់ និង​មាន​ការ​ប្ដឹង​ទាស់​ពី​ឈ្មួញ​មាន​ទ្រព្យ​ធន ហើយ​ជាប់​សែស្រឡាយ​មន្ត្រី​មាន​អំណាច ទំនាស់​ដីធ្លី​នេះ​ក៏​បាន​កើត​មាន​ជា​បន្តបន្ទាប់ ដោយ​ឈ្មួញ​បាន​ប្រើ​គ្រប់​រូបភាព ដើម្បី​រំលោភ​យក​ដីធ្លី​ពួក​គាត់​បន្ត​រហូត​មក​ដល់​ពេល​នេះ៖ «ខ្ញុំ​ចង់​ជម្រាប​ទៅ លោក ង៉ាន់ វណ្ណា និង​ឯកឧត្តម ទេព ធន នៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ព្រម​ទាំង​ឯកឧត្តម សេង ថានី សូម​ជម្រាប​ជូន​គាត់​ថា នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា យើង​នេះ មិន​មែន​មាន​តែ​អស់​លោក​ប៉ុន្មាន​នាក់ ឬ​ក្រសួង​ដែនដី ហ្នឹង​ទេ គឺ​នៅ​មាន​ក្រសួង​នានា​ទៀត​នៅ​ជុំវិញ​រាជ​រដ្ឋាភិបាល​លោក។ ដូច្នេះ ស្នើ​ឲ្យ​ក្រុម​ការងារ លោក ង៉ាន់ វណ្ណា ផ្អាក​ការងារ​លុប​ប្លង់​លេខ ៣២២៨ ទុក​សិន ដើម្បី​បើក​ការ​ស៊ើប​អង្កេត និង​រក​ដំណោះស្រាយ​ពី​ក្រសួង​ពាក់ព័ន្ធ​ជា​មុន»
តំណាង​ពលរដ្ឋ​រូប​នេះ​បន្ត​ថា បុគ្គល​ឈ្មោះ ង៉ាន់ វណ្ណា ដែល​ក្រសួង ឬ​មន្ត្រី​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ រួម​គ្នា​ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ជូន​ដោយ​រំលោភ​ដី​លំនៅឋាន​ពួក​គាត់​កំពុង​រស់នៅ នា​ភូមិ​៥ សង្កាត់​៤ នា​ខេត្ត​ព្រះសីហនុ នេះ គឺ​ទីតាំង​ដី​របស់​គាត់​ស្ថិត​នៅ​ជាប់​ខាង​ក្រោយ។ ចំណែក​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ពួក​គាត់​ទាំង ១៥​គ្រួសារ មាន​ព្រំ ឬ​ទីតាំង​ជាប់​ថ្នល់​ក្រាល​កៅស៊ូ។ ប៉ុន្តែ​ចំណែក​ដី លោក ង៉ាន់ វណ្ណា មិន​ជាប់​ថ្នល់​កៅស៊ូ​ទេ។
បន្ថែម​លើ​នេះ លោកស្រី លី គីមហ្គេច ជា​ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ទាំង ១៥​គ្រួសារ នា​ខេត្ត​ព្រះសីហនុ ក៏​បាន​សំណូមពរ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​លើក​ឡើង​ពី​ការ​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​នៅ​ក្នុង​រដ្ឋាភិបាល​អាណត្តិ​ទី​៥ ស្នើ​ឲ្យ​ជួយ​បញ្ឈប់​រាល់​សកម្មភាព​ឃុបឃិត​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​ត​ទៅ​ទៀត។
ជាង​នេះ លោកស្រី​ស្នើ​ឲ្យ​ប្រមុខ​ដឹក​នាំ​បញ្ជូន​មន្ត្រី​ចុះ​ស៊ើប​អង្កេត​លើ​ករណី​មន្ត្រី​ក្រសួង ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ឃុបឃិត​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​បុគ្គល​ឈ្មោះ ង៉ាន់ វណ្ណា ដែល​គ្មាន​វត្តមាន​ក្នុង​មូលដ្ឋាន រំលោភ​យក​ដី​លំនៅឋាន​ពលរដ្ឋ​ចំនួន ១៥​គ្រួសារ​ដោយ​អនុគ្រោះ៖ «ខ្ញុំ​ទាមទារ​យក​ដី​ខ្ញុំ​វិញ ព្រោះ​ដី​ខ្ញុំ គឺ​មិន​បាន​រក​របស់​គេ ឬ​លួច​គេ​ទេ។ ខែ​មុន​នេះ​អាជ្ញាធរ​បាន​កោះ​ហៅ​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ទាំង ១៥​គ្រួសារ ទៅ​ប្រជុំ​នៅ​សាលា​ក្រុង​ព្រះសីហនុ ដោយ​អាជ្ញាធរ​លើក​ឡើង​ពី​ការ​ដោះស្រាយ​គោល​នយោបាយ​ជូន​ពលរដ្ឋ។ ប៉ុន្តែ​ពលរដ្ឋ​ប្រតិកម្ម​តប​ថា ដោះស្រាយ​គោល​នយោបាយ​អ្វី? ហើយ​អាជ្ញាធរ​ថា បើ​គេ​ឲ្យ​ប៉ុន្មាន​ក៏​យក​ទៅ។ ប៉ុន្តែ​ពលរដ្ឋ​ថា ខ្ញុំ​អត់​ឲ្យ​អ្នក​ណា​មក​ដោះស្រាយ​គោល​នយោបាយ​លើ​ដី​ខ្ញុំ​ទេ ហើយ​ខ្ញុំ​ក៏​មិន​សម្របសម្រួល​ជាមួយ​បងប្អូន​ណា​ទេ ហើយ​ដី​នេះ​ក៏​មិន​លក់​ដែរ គឺ​ទុក​សង់​លំនៅឋាន​រស់នៅ។ ហើយ​ពលរដ្ឋ​ក៏​មិន​បាន​ទៅ​យក​ដី​អ្នក​ណា​ដែរ»
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក ង៉ាន់ វណ្ណា ដែល​ពលរដ្ឋ​ចោទ​ថា បាន​ធ្វើ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​រំលោភ​យក​ដី​លំនៅឋាន​ចំនួន ១៥​គ្រួសារ​បាន​ទេ​នៅ​ថ្ងៃ​ពុធ ទី​១៧ ខែ​ធ្នូ។ ប៉ុន្តែ លោក ហ៊ុន ភី ប្រធាន​មន្ត្រី​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី បាន​ទទួល​ស្គាល់​ថា ពិត​ជា​បាន​ចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ឬ​កម្មសិទ្ធិ​ដីធ្លី​ជូន លោក ង៉ាន់ វណ្ណា មាន​ទីតាំង​នៅ​ភូមិ​៥ សង្កាត់​៤ ខេត្ត​ព្រះសីហនុ និង​មាន​ផ្ទៃដី​សរុប​ជាង ៦​ម៉ឺន ៤​ពាន់​ម៉ែត្រ​ការ៉េ កាល​ពី​ខែ​សីហា ឆ្នាំ​២០១៤។ ប៉ុន្តែ​លោក​ថា ការ​ចេញ​ប័ណ្ណ​នេះ គឺ​មន្ទីរ​អនុវត្ត​ទៅ​តាម​សេចក្តី​សម្រេច​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី បង្គាប់​បញ្ជា​តែ​ប៉ុណ្ណោះ។
លោក​ត្អូញត្អែរ​ថា ការ​ចេញ​វិញ្ញាបនបត្រ​កម្មសិទ្ធិ​ដីធ្លី​ជូន លោក ង៉ាន់ វណ្ណា ដែល​ពលរដ្ឋ​ទាំង ១៥​គ្រួសារ​ចោទ​ថា រំលោភ​លើ​ដី​ពួក​គាត់​កំពុង​រស់នៅ​នា​សង្កាត់​លេខ​៤ ខេត្ត​ព្រះសីហនុ នេះ បើ​មន្ទីរ​មិន​ចេញ​ប័ណ្ណ​ឲ្យ​ឈ្មោះ ង៉ាន់ វណ្ណា ក៏​ខុស និង​ចេញ​ប័ណ្ណ​ឲ្យ​ក៏​ខុស ព្រោះ​ករណី​នេះ​មាន​សេចក្តី​សម្រេច និង​កិច្ច​អន្តរាគមន៍​ពី​ថ្នាក់​ដឹក​នាំ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី៖ «ការងារ​នេះ​បើ​ចង់​ដឹង​ច្បាស់ ទាល់​តែ​ទំនាក់ទំនង​ទៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម ទើប​ដឹង​ច្បាស់ ព្រោះ​ក្រសួង​ជា​អ្នក​ចាត់​ចែង​រឿង​ហ្នឹង​ឲ្យ​មក​ថ្នាក់​ក្រោម​ចេញ ឬ​ធ្វើ​ប្លង់​នេះ។ ហើយ​ថា​ករណី​នេះ បើ​មន្ទីរ​មិន​ធ្វើ​ក៏​ខុស ឬ​ធ្វើ​ក៏​ខុស​ដែរ ព្រោះ​ក្រសួង​បាន​ចេញ​សេចក្តី​សម្រេច​មក​មន្ទីរ ឬ​ថ្នាក់​ក្រោម​ឲ្យ​អនុវត្ត​ការងារ​នេះ»
ទាក់ទិន​បញ្ហា​នេះ អភិបាល​ក្រុង​ព្រះសីហនុ លោក ជិន សារិន មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ទំនាស់​ដីធ្លី ឬ​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជាន់​លើ​ដី​សង់​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​នេះ​ទេ។ ប៉ុន្តែ​ស្នើ​ឲ្យ​វិទ្យុ​អាស៊ីសេរី សួរ​ទៅ លោក លី វណ្ណដា មាន​តួនាទី​ជា​អភិបាល​រង​ក្រុង​ជំនួស​វិញ ព្រោះ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​កិច្ច​ការងារ​នេះ៖ «សូម​ទូរស័ព្ទ​ទៅ​អភិបាល​រង​ខ្ញុំ ដែល​ទទួល​បន្ទុក​ការងារ​ហ្នឹង គឺ​លោក លី វណ្ណដា»
យ៉ាង​នេះ​ក្តី លោក លី វណ្ណដា អភិបាល​រង​ក្រុង​ព្រះសីហនុ ក៏​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បញ្ហា​ទំនាស់​ដីធ្លី ផ្ដើម​ពី​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​រំលោភ​លើ​ដី​លំនៅឋាន​ពលរដ្ឋ​ទាំង ១៥​គ្រួសារ​នេះ​ដែរ ដោយ​រុញ​ឲ្យ​សួរ​ទៅ លោក ជិន សារិន ជា​អភិបាល​ក្រុង​វិញ​ទើប​ដឹង​រឿង​នេះ​ជាង​លោក៖ «ដី​ទំនាស់ ១៥​គ្រួសារ​ហ្នឹង សូម​បង​ទូរស័ព្ទ​ទៅ​ឯកឧត្តម​អភិបាល​ក្រុង លោក ជិន សារិន ទើប​ដឹង​ច្បាស់»
ការ​ឆ្លើយ​បញ្ហា​ដាក់​គ្នា​រវាង​លោក​អភិបាល និង​អភិបាល​រង​ក្រុង​ព្រះសីហនុ ត្រូវ​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន ធ្វើ​ការងារ​ពាក់ព័ន្ធ​ដីធ្លី​ក្នុង​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ មាន​មន្ទិល​សង្ស័យ​ថា អាច​មាន​ភាព​មិន​ប្រក្រតី ឬ​អំពើ​ពុក​រលួយ​កើត​មាន​ក្នុង​សកម្មភាព​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​នា​មូលដ្ឋាន​នេះ។
ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ឬ​ហៅ​កាត់​ថា ស៊ីអិនរ៉ូ (CNRO) សាខា​ខេត្ត​ព្រះសីហនុ លោក សុខ សុខុម មាន​ប្រសាសន៍​ថា លោក​នឹង​អង្កេត ឬ​ក៏​ជួយ​ប្រឹក្សា​ផ្លូវ​ច្បាប់​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ពី​ការ​ឃុបឃិត​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី រំលោភ​ដី​លំនៅឋាន​ពលរដ្ឋ​ទាំង ១៥​គ្រួសារ​នោះ ក្រោយ​ពេល​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​ប្រជាពលរដ្ឋ​រងគ្រោះ។ លោក​រិះគន់​ថា សង្គម​កម្ពុជា បច្ចុប្បន្ន ដរាប​ណា​មាន​សកម្មភាព​ឃុបឃិត​ជា​លក្ខណៈ​ប្រព័ន្ធ​រវាង​មន្ត្រី​តាម​ក្រសួង ឬ​ស្ថាប័ន​មួយ​ចំនួន​ដូច​រាល់​ថ្ងៃ​នេះ គឺ​ទំនាស់​ដីធ្លី​នឹង​បន្ត​កើត​មាន​នៅ​ទូទាំង​ប្រទេស។ ហើយ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី មិន​អាច​ដោះស្រាយ​បញ្ចប់​ជម្លោះ​នេះ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​បាន​ទេ។
លោក សុខ សុខុម ដែល​បាន​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​ទីតាំង​លំនៅឋាន​ពលរដ្ឋ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​១៧ ខែ​ធ្នូ យល់​ថា ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​របស់​ក្រសួង ឬ​មន្ទីរ​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ជូន​បុគ្គល​ឈ្មោះ ង៉ាន់ វណ្ណា ជាន់​លើ​ដី​លំនៅឋាន​ប្រជាពលរដ្ឋ​ទាំង ១៥​គ្រួសារ គឺ​មាន​ភាព​មិន​ប្រក្រតី និង​អាច​មាន​បញ្ហា​ពុក​រលួយ​រវាង​ឈ្មួញ និង​មន្ត្រី​នៅ​តាម​ក្រសួង ឬ​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ៖«ករណី​ទំនាស់​ដីធ្លី​ទាំង ១៥​គ្រួសារ បើ​យោង​ទៅ​តាម​ឯកសារ​កាន់​កាប់​របស់​ប្រជាពលរដ្ឋ ឬ​សិទ្ធិ ៥​យ៉ាង​នៃ​ច្បាប់​ភូមិបាល គឺ​ពួក​គាត់​បាន​បំពេញ​ទាំង​ស្រុង​រួច​ហើយ ហើយ​យោង​ទៅ​លើ​ឯកសារ​កាន់​កាប់​របស់​ពួក​គាត់ គឺ​បាន​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ និង​ជំនាញ​ដែន​ដី​ទៀត​ផង។ ដូច្នេះ បញ្ហា​បច្ចុប្បន្ន​បើ​យោង​ទៅ​លើ​ឯកសារ​នានា ទំនាស់​នេះ គឺ​កើត​ឡើង​ដោយសារ​តែ​បុគ្គល​ម្នាក់​បាន​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ទៅ​លើ​ដី​ពួក​គាត់​ទាំង ១៥​គ្រួសារ»
លោក​ថា បញ្ហា​ឃុបឃិត​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​មិន​ប្រក្រតី ផ្ដើម​ដោយ​មន្ត្រី​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ​ខ្លះ​នា​ខេត្ត​ព្រះសីហនុ គឺ​មិន​មែន​ជា​រឿង​ថ្មី​ទេ។ បញ្ហា​នេះ​ធ្លាប់​កើត​មាន​ជា​ហូរហែ​នៅ​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ មាន​ដូចជា ករណី​ផ្តល់​ប្លង់​កម្មសិទ្ធិ​ដីធ្លី​នៅ​តំបន់​ដី​ចំណី​ផ្ទៃ​បឹង​ព្រែក​ទប់ ដែល​ជា​បឹង​ស្តុក​ទឹក​ស្អាត​សម្រាប់​ប្រើប្រាស់​ទូទាំង​ខេត្ត​ព្រះសីហនុ និង​ទីកន្លែង​ផ្សេងៗ​ទៀត។ ហើយ​ភាព​មិន​ប្រក្រតី​ទាំង​នេះ បាន​កើត​មាន​យូរ​ឆ្នាំ​មក​ហើយ ពិសេស​នៅ​ក្នុង​អាណត្តិ​អតីត​អភិបាល​ខេត្ត​ព្រះសីហនុ លោក ស្បោង សារ៉ាត ដឹក​នាំ​មក​ម្ល៉េះ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ លោក សុខ សុខុម មាន​ជំនឿ​ថា អភិបាល​ខេត្ត​ថ្មី លោក ឈិត សុខុន មិន​ដើរ​តាម​គន្លង​ចាស់​របស់ លោក ស្បោង សារ៉ាត ទៀត​ទេ។
យ៉ាង​នេះ​ក្តី លោក ឈិត សុខុន អភិបាល​ខេត្ត​ព្រះសីហនុ មិន​លើក​ទូរស័ព្ទ​ឆ្លើយ​បំភ្លឺ​ជុំវិញ​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជាន់​គ្នា​នេះ​ទេ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤ លោក ឈិត សុខុន បាន​ចុះ​ហត្ថលេខា​ឯកភាព​តាម​សំណើ​សុំ​គោលការណ៍​លុប​ក្បាល​ដី​លេខ​២៣១៩ ចោល និង​កែ​តម្រូវ​ក្បាល​ដី​លេខ​២៤០២ ឲ្យ​ជាប់​ផ្លូវ​ឡើង​វិញ ស្ថិត​នៅ​ភូមិ​៥ សង្កាត់​៤ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ តាម​សំណើ​របស់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ទៅ​តាម​ការ​សម្រេច​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម។
សេចក្តី​សម្រេច​នេះ ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង ១៥​គ្រួសារ ចាត់​ទុក​ថា​ជា​រឿង​អយុត្តិធម៌​ថ្មី​មួយ​ទៀត​សម្រាប់​ពួក​គាត់​នៅ​ក្នុង​អាណត្តិ​ដឹក​នាំ​របស់ លោក ឈិត សុខុន ជា​អភិបាល​ខេត្ត​ព្រះសីហនុ បន្ត​វេន​ពី លោក ស្បោង សារ៉ាត ជា​អតីត​ជា​អភិបាល​ខេត្ត​ដែល​រំលោភ​លើ​ដី​លំនៅឋាន​ពួក​គាត់​កំពុង​រស់នៅ។
ជាង​នេះ ក្រុម​ប្រជាពលរដ្ឋ​អះអាង​ថា កង្វល់​នៃ​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​រំលោភ​យក​ដី​លំនៅឋាន ផ្ដើម​ដោយ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ ពួក​គាត់​ធ្លាប់​បាន​ដាក់​ពាក្យ​បណ្ដឹង​ជូន​ស្ថាប័ន​កំពូលៗ​នៃ​រាជ​រដ្ឋាភិបាល មាន​រដ្ឋសភា និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ជាដើម ដើម្បី​ស្នើ​ជួយ​រក​ដំណោះស្រាយ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ចម្លើយ​ឆ្លើយ​តប​បែប​ណា​នៅ​ឡើយ​ទេ។
ទាក់ទិន​បញ្ហា​ទំនាស់​ដីធ្លី​នេះ​ដែរ លោក កឹម សុខា អនុប្រធាន​ទី​១​រដ្ឋសភា និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​បាន​អះអាង​ថា ចាប់​ពី​ដើម​ឆ្នាំ​២០១៥ ត​ទៅ លោក​នឹង​ជំរុញ​ឲ្យ​គណៈកម្មការ​ជំនាញ​ក្នុង​រដ្ឋសភា លើក​យក​បញ្ហា​ទំនាស់​ដីធ្លី​នៅ​តាម​សហគមន៍​នានា​ទូទាំង​ប្រទេស ក្នុង​នោះ​ក៏​មាន​ខេត្ត​ព្រះសីហនុ មួយ​ដែរ យក​មក​ដោះស្រាយ​ស្វែងរក​យុត្តិធម៌​ជូន​ពលរដ្ឋ។ ក្នុង​នោះ​ក៏​មាន​គម្រោង​កោះ​ហៅ​មន្ត្រី​ពាក់ព័ន្ធ​នៅ​តាម​ក្រសួង ឬ​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន មក​ឆ្លើយ​បំភ្លឺ​ជុំវិញ​បញ្ហា​ទំនាស់​ដីធ្លី​នៅ​តាម​សហគមន៍​នីមួយៗ ដើម្បី​រក​ឲ្យ​ឃើញ​ការ​ពិត និង​ឈាន​ដល់​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ចំពោះ​អ្នក​ប្រព្រឹត្តិ​កំហុស​ឆ្គង​នា​ថ្ងៃ​អនាគត៕