មន្រ្តី​បក្ស​ប្រឆាំង​​រក​ឃើញ​​ដី​២កន្លែង​ទៀត​នៅ​​សៀមរាបត្រូវ​បាន​ជួល​តម្លៃ​ថោក និង​មិន​មាន​តម្លាភាព​

12/24/2014 0 Comments A+ a-

តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង នៅ​ថ្ងៃ​អង្គារ​នេះ ​អះអាង​ថា​លោក​បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​នៃ​ការ​ជួល​ដី​២កន្លែងទៀតទំហំ​​ ប្រហែល​១០​ហិកតា ទៅ​ឲ្យ​ក្រុម​ហ៊ុន ដែល​​ការ​ជួលនេះ​មាន​​តម្លៃ​ថោក​ និង​មិន​មាន​តម្លាភាព។
អនុប្រធានគណៈកម្មការហិរញ្ញវត្ថុ​ ធនាគារ ​និងសវនកម្ម​នៃរដ្ឋសភា មកពី​គណ​បក្ស​សង្រ្គោះជាតិ លោក សុន ឆ័យ បានដឹក​នាំមន្រ្តី​ជំនាញ​របស់​ខ្លួនជួប​ជាមួយ​ក្រុម​ការងារ​អាជ្ញាធរ​ជាតិ​ អប្សរា​ ដែល​ដឹក​នាំ​ដោយ​អគ្គនាយក​អាជ្ញា​ធរ​ជាតិ​អប្សរា លោក ប៊ុន ណា​រិទ្ធ  ដើម្បី​សិក្សា​ពី​ចំណូល​អង្គរ​វត្ត និង​ភាព​មិន​ប្រក្រតី​មួយចំនួន​ក្នុង​ការ​អភិវឌ្ឍ​ខេត្ត​ទេសចរណ៍​មួយ​នេះ​។​
angkorwat-tourist-140206--bo-savy--2014-02-07-2014-12-23កាល​ពី​ថ្ងៃ​ចន្ទ លោក សុន ឆ័យ លើក​ឡើង​ថា​​ថវិកា​រដ្ឋ​យ៉ាង​តិច​​៤០០​លាន​ដុល្លារ​អាមេរិក ត្រូវបាន​​បាត់បង់​ក្នុងរយៈ​ពេល៧០ឆ្នាំ ដោយ​សារអាជ្ញា​​ធរ​​ជាតិ​អប្សរាជួលដីតំបន់​​​បុរី​សណ្ឋាគារ​សុខា ឲ្យទៅក្រុមហ៊ុន​វៀតណាម សុខ គង់ ក្នុង​តម្លៃ​ថោក និង​មិន​មាន​​តម្លា​​ភាព​។​
លោក សុន​ ឆ័យ ប្រាប់​VODបន្ទាប់ពីជួបប្រជុំជាមួយមន្ដ្រីអាជ្ញាធរជាតិអប្សរាថា​លោក​បាន​រក​ ឃើញ​ដី​ចំនួន​២​កន្លែង​ទៀត ​ដែល​លោក​រកឃើញថា​ត្រូវ​បាន​ជួល​ឲ្យ​ក្រុម​ហ៊ុន គឺ​មួយ​កន្លែង​ទំហំ​២​ហិកតា និង​មួយ​កន្លែង​​ទៀត ទំហំ​​១០​ហិកតា។ លោក​មិន​បាន​ដឹង​ពី​ទី​តាំង​ជាក់​លាក់ និង​ឈ្មោះ​ក្រុម​ហ៊ុន​ដែល​ត្រូវបាន​ជួល​ឲ្យ​នោះ​ទេ ដោ​យ​សារ​អាជ្ញាធរ​ជាតិ​អប្សរា​បដិសេធ​ផ្តល់​ឯកសារ​​ពាក់​ព័ន្ធ។ លោក​បាន​ស្នើ​សុំឯក​សារ​ និង​កុងតា​នានា​។ លោក​មាន​ប្រសាសន៍ថា​«យើង​សួរ​ថា​ក្រុម​ហ៊ុន​នោះ​ឈ្មោះ​អី ជួល​ប៉ុន្មាន​ឆ្នាំ អត់​បាន​ឆ្លើយ​ទេ»
លោក សុន ឆ័យ​ បន្ត​ថា​រដ្ឋា​ភិបាល​​គួរ​តែ​មាន​ឯក​សារ​ជាក់លាក់​​បង្ហាញ​ពី​ទ្រព្យ​ សម្បត្តិ​របស់​ជាតិ។ លោក​ថា​​បើសិនជាសមាជិករបស់​គណៈកម្មការហិរញ្ញវត្ថុ​ ធនាគារ ​និង ​សវនកម្ម​នៃរដ្ឋសភា មិនចូលរួម​ការ​ស៊ើប​អង្កេត​នេះ​ លោក​នឹង​​ធ្វើ​ការស្រាវជ្រាវ និង​រៀបចំឯកសារតាមនី​តិវិធីច្បាប់។ ​បន្ទាប់​ពី​ការ​សិក្សា​នេះ លោក​សុន ឆ័យ​នឹង​ស្នើ​ទៅ​ប្រធាន​រដ្ឋសភា លោក ហេង​ សំរិន​​ ឲ្យ​​ត្រួត​ពិនិត្យ​លើ​ភាព​មិន​ប្រក្រតី​ទាំង​នេះ។​
ទាក់​ទង​នឹង​ការ​សុំឯក​សារនេះ​​ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា លោក ប៊ុន ណា​រិទ្ធ មានប្រសាសន៍លោក​មិន​អាច​ប្រគល់​ឯកសារលម្អិត​ទៅ​គណៈកម្មការ​សភានោះទេ ដោយ​លោក​ចាត់​ទុក​ថា​ខុសតួនាទី​របស់​សភា ប៉ុន្តែ​លោក​ថា​លោក​មិន​បដិសេធនោះទេចំពោះ​ឯក​សារ​មួយ​ចំនួន​ដែល​អាច​ផ្តល់​ ឲ្យ។​ ​លោក​មាន​ប្រសាសន៍ថា​លោក​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញា​ធរសវនកម្មជាតិ និងក្រសួង​សេដ្ឋកិច្ច  និង​ហិរញ្ញវត្ថុ ជា​មុន​សិន​មុន​នឹង​ផ្តល់​ឯក​សារ​ឲ្យ​បាន​។​លោក​បញ្ជាក់ថា​«ប្រធាន​គណៈ​ កម្មការ​​ គាត់​មក​តែ​សមាជិក​សភាមក​ហ្នឹង ត្រូវ​ធ្វើ​តាម​តួនាទី​សភា។ តើ​កន្លង​មក​សមត្ថកិច្ច​គេ​មក​ធ្វើ​បញ្ជី​លម្អិត​ចំណូល​ចំណាយ កិច្ច​សន្យា​អី​ហ្នឹង គឺ​ខាង​ស្ថា​ប័នហិរញ្ញវត្ថុ មាន​ច្រើន​មន្ទីរ មាន​ខាង​អា​ជ្ញា​ធរ​សវនា​កម្មជាតិ គេ​អ្នក​មើល​លម្អិត។… មាន​ចំណុច​​ខ្លះ​វា​ហាក់​ដូច​ជា​ជាន់​សមត្ថកិច្ច​របស់​អាជ្ញាធរ​អស់​នោះ។ ​អញ្ចឹង​ហើយ​បាន​ជា​ខ្ញុំ​សុំ​​សួរ​យោបល់​ខាងអាជ្ញា​ធរ​សវនកម្មជាតិ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។​ គេ​បាន​ផ្តល់​យោបល់​ថា​គួរ​តែ​ចង់​ដឹង​អីសួរខាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ និង​សវនកម្មជាតិ»៕ ប្រភពៈ VOD