យុទ្ធនាការ​បោសសម្អាត​អំពើ​ពុករលួយចូល​លុកលុយ​ដល់​​​ក្រុមហ៊ុន​ផលិតរថយន្ត​ធំ​ទីពីរ​របស់​ចិន

12/24/2014 0 Comments A+ a-

ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ម្នាក់​របស់​​ក្រុមហ៊ុន​ផលិត ​រថយន្ត​ ដុងហ្វេង ដែល​ជា​ក្រុមហ៊ុន​ធំទី​ពីរ របស់​ប្រទេស​ចិន​ ត្រូវ​បាន​អាជ្ញាធរ​ចិន ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការស៊ើបអង្កេត​មួយ​ទាក់ទង​នឹង​រឿង​ពុករលួយ។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​ចិន ដែល​គេ​ឃើញ​ចេញផ្សាយ នៅថ្ងៃ​ចុង​សប្តាហ៍នេះ។
ក្នុង​បទ​ជាប់សង្ស័យ ប្រព្រឹត្ត​កំហុស​ដែល​ល្មើស​នឹង​វិន័យ លោក​រេន យ៉ុង អគ្គនាយករង​របស់​ក្រុមហ៊ុន​ដុងហ្វេង និង​ជា​អនុប្រធាន​ក្រុមហ៊ុន​ដុងហ្វេង ជាមួយ​ក្រុមហ៊ុន​នីសាន់​របស់​ជប៉ុន ​កំពុង​ស្ថិតនៅក្រោម​ការតាមដាន​ស៊ើបអង្កេត​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច។ ជា​លទ្ធផល ក្រុមហ៊ុន​បាន​សម្រេច​ដក​តួនាទី​រដ្ឋបាល និង​តំណែង​ទទួល​ខុសត្រូវ​ទាំងអស់​ពី​លោក​រេន យ៉ុង។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រុមហ៊ុន​ដុងហ្វេង ដែល​ត្រូវ​បាន​គេ​ចេញផ្សាយ​នៅទីផ្សារ​ភាគហ៊ុន​ក្នុង​ទីក្រុង​ហុងកុង កាលពី​ល្ងាច​ថ្ងៃ​សុក្រ។
2014-02-14T_PEUGEOT-SANTANDER-DEALដុងហ្វេង (Dongfeng) ក្រុមហ៊ុន​ផលិត​រថយន្តធំ​ទីពីរ​របស់ចិន បាន​ចូល​ដាក់​ទុន​ក្នុង​ក្រុមហ៊ុន​ផលិត​រថយន្ត​បារាំង PSA Peugeot Citroën
នៅ​ចុងសប្តាហ៍នេះ គណៈកម្មការ​មជ្ឈិមដើម្បី​ត្រួតពិនិត្យ​វិន័យ​របស់​បក្ស​កុម្មុយនិស្ត​ចិន បាន​បញ្ជាក់​ដំណើរការ​ស៊ើបអង្កេត​ទៅលើ​លោក​រេន យ៉ុង។ នៅក្នុង​សេចក្តី​ថ្លែងការណ៍​ដាច់ដោយ​ឡែក​មួយ​របស់ខ្លួន គណៈកម្មការ​មជ្ឈិម​ដើម្បី ត្រួតពិនិត្យ​វិន័យ ដែល​ជាទាហាន​អាវុធហត្ថ ផ្ទៃក្នុង​របស់​បក្ស​កុម្មុយនិស្ត​ចិន បាន​អះអាងថា លោក​រេន យ៉ុង​កំពុង​ត្រូវ​គេ​សង្ស័យថា បានប្រព្រឹត្ត​បទ​ល្មើស​នឹង​វិន័យ​ និង​ច្បាប់​យ៉ាងធ្ងន់ធ្ងរ។
ពាក្យ​ល្មើស​នឹង​វិន័យ​របស់​បក្សត្រូវ​អាជ្ញាធរ​ចិន​ប្រើ​សម្រាប់សំដៅ​ សកម្មភាព​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​ការសូកប៉ាន់ទាំងឡាយ។ នៅប្រទេស​ចិន ក្រុមហ៊ុន​ផលិត​រថយន្ត​ធំៗ​ទាំងអស់ ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋ​ មិន​បាន​រួចខ្លួន​ពី​យុទ្ធនាការ​បោសសំអាត​អំពើ​ពុករលួយ​របស់​បក្ស​ កុម្មុយនិស្តចិន។ កាលពី​ខែ​សីហា​កន្លងទៅ មន្រ្តីជាន់ខ្ពស់​ប៉ុន្មាន​នាក់​របស់​ក្រុមចិនFAW ​ដែល​សហការ​ចូលហ៊ុន​ជាមួយ​​ក្រុមហ៊ុន​ផលិត​រថយន្ត​អាល្លឺម៉ង់ Volkswagen ក៏ត្រូវ​ជាប់​សង្ស័យ​ក្នុងរឿង​ពុករលួយ​ ដូចគ្នានេះដែរ។
សូមបញ្ជាក់ថា ក្រៅតែ​ពី​ចងដៃគូ​ធ្វើជំនួញ​​ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំៗ​របស់​បារាំង ដូចជា​Renault និង​Peugeot PSA Citroën ក្រុមហ៊ុន​ដុងហ្វេង បានរួម​គ្នា​ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន នីសាន់។ កាលពី​ឆ្នាំ ២០១៣ ក្រុមហ៊ុន​ដុងហ្វេង នីសាន់​ត្រូវ​បាន​ចាត់​ចូល​ក្នុង​ចំណោម​ក្រុមហ៊ុន​ផលិត​រថយន្ត​ចំនួន​១០​ដែល ​លក់​ដាច់​ជាងគេ​នៅក្នុង​ទីផ្សារ​ប្រទេស​ចិន៕ប្រភពៈ RFI