ក្រុមហ៊ុន​ Toll Group របស់​អូស្រ្ដាលី​ដក​ខ្លួន​ចេញ​ពី​ការ​រក​ស៊ី​ជា​មួយ​ក្រុម​ហ៊ុន​ Royal Group របស់​កម្ពុជា

12/24/2014 0 Comments A+ a-

ក្រុមហ៊ុន​ Toll Group ដែល​ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​របស់​អូស្រ្ដាលី​បាន​សម្រេច​ចិត្ដ​លក់​ភាគហ៊ុន ​ដែល​ខ្លួន​មាន​ទាំង​ប៉ុន្មាន​ចំនួន​៥៥% ទៅ​ឲ្យ​ក្រុមហ៊ុន Royal Group របស់​លោក​ឧកញ៉ា​ គិត​ ម៉េង ដោយ​ធ្វើ​ឲ្យ​ក្រុមហ៊ុន Royal Group ឥឡូវ​គ្រប់​គ្រង​ក្រុមហ៊ុន Toll Royal Railway ទាំង​ស្រុង។
ការ​លក់​ភាគ​ហ៊ុន​នេះ​បាន​ចូល​ជា​ធរមាន​តាំងពី​ថ្ងៃ​ទី​សុក្រ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៤ សប្ដាហ៍​មុន។ ប៉ុន្ដែ​ក្រុមហ៊ុន​ Toll Group ទើប​បាន​ប្រកាស​ព័ត៌មាន​សាធារណៈ​នៅ​ថ្ងៃ​ចន្ទ​ទី​២២​ធ្នូ​ម្សិល​មិញ។
5249118-3x2-700x467ពល​រដ្ឋ​ក្រី​ក្រ​​ខ្មែរ​រស់​នៅ​តាម​ផ្លូវ​ដែក​នៅ​កម្ពុជា​ (Credit: ABC licensed)
លោក ​ Brian Kruger អគ្គ​នាយក​គ្រប់​គ្រង​ក្រុមហ៊ុន Toll Group របស់​អូស្រ្ដាលី​បាន​ផ្ដល់​មូល​ហេតុ​ថា ការ​សម្រេច​លក់​ភាគ​ហ៊ុន​ទាំង​អស់​នេះ​ចោល គឺ​ដោយ​សារ​តែ​ការ​រក​ស៊ី​មិន​សូវ​បាន​កាក់​កប​នៅ​ក្នុង​អំឡុង​ពេល​ដែល​ ក្រុមហ៊ុន​បាន​ដំណើរ​ការ​កន្លង​ទៅ​នេះ។
ក្រុមហ៊ុន​ Toll Royal Railway គឺជា​ការ​បណ្ដាក់​ទុន​រវាង​ក្រុមហ៊ុន Toll Group របស់​អូស្រ្ដាលី និង​ក្រុមហ៊ុន Royal Group របស់​កម្ពុជា​ដែល​បាន​ស្ដារ និង​ដំណើរ​ការ​ប្រព័ន្ធ​ផ្លូវ​ដែក​កម្ពុជា​ឡើង​វិញ​តាំង​ពី​ខែ​តុលា​ឆ្នាំ​ ២០០៩ ហើយ​ក្រុមហ៊ុន​រួម​នេះ​បាន​ទទួល​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋ​រយៈ​ពេល​៣០​ ឆ្នាំ​ដើម្បី​ជួយ​អភិវឌ្ឍ​ផ្លូវ​ដែក​នៅ​កម្ពុជា​។
លោក Brian Kruger បន្ដ​ឲ្យ​ដឹង​ទៀត​ថា ឧបសគ្គ​ និង​ការ​ពន្យារ​ពេល​ជា​ច្រើន​ក្នុង​ការ​ស្ដារ​ផ្លូវ​ដែក​ពី​សំណាក់​អ្នក​ ទទួល​ការ​ងារ​កុង​ត្រា​ពី​ខាង​ក្រៅ​អស់​ពេល​២​ឆ្នាំ​កន្លង​ទៅ​នេះ បាន​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ប្រសិទ្ធ​ភាព​ការ​ងារ ហើយ​ជា​លទ្ធផល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រយោជន៍​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន។
កន្លង ​ទៅ​នេះ ក្រុម​ហ៊ុន​នេះ​បាន​ទទួល​ថវិកា​ជំនួយ​អភិវឌ្ឍន៍​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) និង​ទីភ្នាក់ងារ​ជំនួយ​អន្ដរជាតិ​របស់​អូស្រ្ដាលី (AusAID) ដើម្បី​ជួយ​ស្ដារ​ប្រព័ន្ធ​ដឹក​ជញ្ជូន​ផ្លូវ​ដែក​នៅ​កម្ពុជា​។ ប៉ុន្ដែ​ក្រុម​ហ៊ុន​បាន​ជួប​ប្រទះ​រឿង​ឈឺក្បាល​ស្មុគ្រ​ស្មាញ​ជា​ច្រើន​ ជុំវិញ​បញ្ហា​​ជម្លោះ​ដីធី និង​ការ​ទាម​ទារ​សង​ជំងឺ​ចិត្ដ​របស់​ពល​រដ្ឋ​ដែល​រស់​នៅ​តាម​ដង​ផ្លូវ​ដែក​។
តាំង ​ពី​ចាប់​ផ្ដើម​ធ្វើ​ប្រតិបត្ដិការ​មក កំណាត់​ផ្លូវ​ដែក​ប្រវែង​២៦៤​គីឡូម៉ែត្រ​ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះ​សីហនុ​ បាន​ចាប់​ដំណើរ​ការ​ដោយ​ផ្ដល់​លទ្ធភាព​ឲ្យ​មាន​ការ​ដឹក​ជញ្ជូន​ទំនិញ​ជា​ ច្រើន​ដូច​ជា​ឥន្ធនៈ, ធ្យូងថ្ម និង​ស៊ីម៉ង់ត៍​ជា​ដើម​ពី​កំពង់​ផែ​មក​ភ្នំពេញ​។
ថ្វីត្បិត​តែ​លក់​ ភាគហ៊ុន​ទាំង​អស់​នេះ​ចោល​ពិត​មែន ក៏​ក្រុមហ៊ុន Toll Group របស់​អូស្រ្ដាលី​ឲ្យ​ដឹង​ថា ខ្លួន​នឹង​នៅ​តែ​បន្ដ​មាន​វត្ដមាន​ធ្វើ​ប្រតិបត្ដិការ​ផ្នែក​ភស្ដុភា និង​ដឹក​ជញ្ជូន​អីវ៉ាន់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដដែល។
ក្រុមហ៊ុន Toll Group មាន​បុគ្គលិក​ជាង​៤ម៉ឺន​នាក់​នៅ​ក្នុង​ជាង​៥០​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ដោយ​ផ្ដល់​សេវាកម្ម​ដឹក​ជញ្ជូន និង​ភស្ដុភា​ដល់​​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ឯកជន​នានា​៕ ប្រភពៈ Radioaustralia