ស្នងការរងនគរបាលរាជធានីភ្នំពេញច្រានចោលព័ត៌មានពីការឃាត់ខ្លួនលោកឧកញ្ញ៉ា ថោង សារ៉ាត់
រាជធានីភ្នំពេញ៖ លោក ជួន ណារិន ស្នងការនគរបាលរាជធានីភ្នំពេញ បានបដិសេធច្រានចោល នូវព័ត៌មានដែលថានគរបាលបានធ្វើការឃាត់ខ្លួនលោកឧកញ្ញ៉ា ថោង សារ៉ាត់។
ការច្រានចោលនេះ បានធ្វើឡើងនៅប៉ុនា្មននាទីមុននេះ បន្ទាប់ពីមានសេចក្តីរាយការណ៍មកថា លោកឧកញ្ញ៉ា ថោង សារ៉ាត់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅម៉ោងជាង១១ថ្ងៃត្រង់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៤ នៅចំណុចស្ពានទី២ ក្នុងភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ យ៉ាងណាក៍ដោយ ក៍មិនមានប្រភពច្បាស់លាស់ណាមួយបញ្ជាក់ពីមូលហេតុពិតប្រាកដនៃការឃាត់ខ្លួនលោកឧកញ្ញ៉ា ថោង សារ៉ាត់ ដែលជាថៅកែសាច់ប៉ាតេ 999នោះដែរ។
ចំណែកលោកឧកញ្ញ៉ាខ្លួនឯង ក៍បានបា្រប់តាមទូរស័ព្ទនៅថ្ងៃនេះថា ពុំមានសមត្ថកិច្ចឃាត់ខ្លួនលោកនោះទេ។
សូមរម្លឹកផងដែរថា កន្លងមក ប្រធានតុលាការទីក្រុងភ្នំពេញលោកអាំង មាលតី និងភរិយា បានដាក់ពាក្យប្ដឹងលោកឧកញ៉ា ថោង សារ៉ាត់ ដោយចោទប្រកាន់ពីបទ ឆបោកពាក់ព័ន្ធទៅនឹងករណីទិញលក់ផ្ទះតម្លៃជាង២២ម៉ឺនដុល្លារអាមេរិក ដោយក្រោយពីបង់ប្រាកគ្រប់ចំនួនហើយបែរជាឯកសារផ្ទេរសិទ្ធិកាន់កាប់ គ្មានឈ្មោះលោក អាំង មាលតី និងភរិយាជាម្ចាស់លំនៅដ្ឋាននោះទៅវិញ។ ពាក្យបណ្តឹងរឿងព្រហ្មទណ្ឌនោះ បានដាក់ចូលស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៤កន្លងមកនេះ។
លោកឧកញ្ញ៉ា ថោង សារ៉ាត់(រូបថតឯកសារ)។
ប្រភពពី Free Press Magazine