ខេម​ ជិតផុត​កុងត្រា​នៅ​ថោន ធ្លាយ​ដំណឹង​ ត្រៀម​រក​ទ្រនំថ្មី

12/30/2014 0 Comments A+ a-

លោក ខេម បាន​ប្រតិកម្ម​ឆ្លើយ​តប​ទៅ​នឹង​ព័ត៌មាន​ថា ខ្លួន​ត្រៀម​ចាកចេញ​ពី​ផលិត​កម្ម​ថោន​ ព្រោះ​តែ​មាន​ទ្រនំថ្មី។ ប្រតិកម្ម​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ពាក្យ​ចចាមអារ៉ាម​ថ្មីៗ​នេះ​ថា តារា​ចម្រៀង​មក​ពី​​ខេត្ត​កំពង់​ឆ្នាំង​ គ្រោង​ផ្លាស់ប្ដូរ​ទ្រនំ ខណៈ​ លោក ខេម ជិត​​ផុត​កុង​ត្រា​ ក្នុង​ផលិត​កម្ម​ថោន។

ប៉ុន្ដែ ម្ចាស់​បទ “ខ្ញុំ​ខ្លាច​ហើយ​លុយ” លោក ​ខេម តារា​ចម្រៀង​ល្បី​មួយ​រូប​​នៅក្នុង​ផលិត​កម្ម​ថោន បាន​ប្រាប់​ Sabay តាម​ទូរសព្ទ​ ​កាល​ពីពេល​ថ្មីៗ​នេះ​ថា  រូប​លោក​មិន​មាន​គម្រោង​ណា​មួយ​ចាកចេញ​ពី​ផលិតកម្ម​ថោន​ដែល​ជា​ទី ធ្វើ​ឲ្យ​លោក​មាន​មុខ​មាត់​ដល់​បច្ចុប្បន្ន​នោះ​​ឡើយ។

លោក​បាន​​​ចាត់​ទុក​ថា ការ​លើក​ឡើង​​ខាង​លើ​នោះ គ្រាន់តែ​​ជា​ពាក្យ​ចចាមអារ៉ាម តែ​ប៉ុណ្ណោះ។ ចំពោះ​ដំណឹង​ថា លោក​ជិត​ផុត​កុងត្រា​នៅ​ផលិតកម្ម​ថោន​នោះ លោក​ខេម​ទទួល​ស្គាល់​ថា លោក​បាន​ចុះ​កុង​ត្រា​ជាមួយ​ផលិត​កម្ម​ថោន​រយៈពេល​ ៥ ឆ្នាំ ឥឡូវ​ជិត​ចប់​ហើយ​ គឺ​នៅ​សល់​ពេល​​ ១ ឆ្នាំ​ទៀត។

លោក ខេម ​បាន​និយាយ​​ថា ចំពោះ​ការ​បន្ត​កុងត្រា​ទៀត​ឬ​យ៉ាង​ណា​នោះ លោក​មិន​ទាន់​ហ៊ាន​និយាយ​ឡើយ តែ​បែប​ណា​ក្ដី​ប្រសិន​បើ​​ផុត​កុងត្រា​ហើយ ផលិតកម្ម​ថោន​នៅ​តែ​ត្រូវ​ការ លោក​នៅ​តែ​ស្វាគមន៍​ជា​និច្ច។

4126

កាល​ពីពេល​ថ្មីៗ​នេះ ប្រភព​មួយ​​បាន​បង្ហើប​ប្រាប់​ Sabay ដែរ​ថា លោក​ ខេម ត្រៀម​ចេញ​ពី​ផលិត​កម្ម​ថោន ហើយ​ទៅ​ជ្រក​នឹង​ទ្រនំ​ថ្មី ដែល​ប្រភព​​មួយ​​នេះ សុំ​មិន​បញ្ចេញ​ឈ្មោះ​​ផលិតកម្ម​​ព្រោះ​​ថា ពួកគេ​កុំ​ពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ចរចា ហើយ​ប្រសិន​បើ​​ការ​ចរចា​ត្រូវគ្នា​ ១០០%  ហើយ​គម្រោង​​មិន​មាន​ការ​ប្រែប្រួល​គឺ​ លោក ខេម​ នឹង​ទៅ​ច្រៀង​ឲ្យ​ផលិត​កម្ម​ថ្មី នៅ​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ នា​ឆ្នាំ​ក្រោយ​នេះ៕
 អត្ថបទ៖ ខុត សីហា