កូនស្រីទាំងពីរ របស់លោក អូបាម៉ា ទទួលការរិះគន់ ពីអាកប្បកិរិយា មិនសមរម្យ

12/02/2014 0 Comments A+ a-

វ៉ាស៊ីនតោន ៖ កូនស្រីទាំងពីររូប របស់លោកប្រធានាធិបតី អាម៉េរិក បារ៉ាក់ អូបាម៉ា គឺនាង សាស្សា និង ម៉ាលៀ កំពុងទទួលរង ការរិះគន់ធ្ងន់ៗ ពីមន្ត្រីរដ្ឋាភិបាលមកពី គណបក្ស សាធារណរដ្ឋថា ពួកនាង បានបង្ហាញ អាកប្បកិរិយា មិនសមរម្យ ឬ ខ្វះរបៀបរបប នៅអំឡុង ពិធីបុណ្យ Thanksgiving តាមបែប តួកគី កាលពីសប្តាហ៍មុន។
សារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃអង្គារ ទី០២ ខែធ្នូ ឆ្នាំ ២០១៤ នេះទៀតថា លោកស្រី អេលីហ្សាប៊ែត ឡូធិន នាយកផ្នែកទំនាក់ទំនងសម្រាប់សមាជិកព្រឹទ្ធសភា ស្ទេហ្វិន ហ្វីងឈើ បានសរសេរជា ចំណាប់អារម្មណ៍របស់ខ្លួន បង្ហោះលើបណ្តាញព័ត៌មានសង្គម ហ្វេសប៊ុក រួច ហើយក៏លុបចោលវិញ។
ការបង្ហោះខាងលើនេះ មានអត្ថន័យរិះគន់ទៅលើ ការស្លៀកពាក់សំពត់ខើចខ្លីរបស់កូនៗ លោក អូបាម៉ា ហើយជាពិសេសនោះ លោកស្រី ឡូធិន បានអះអាងថែមទៀតថា យុវតីទាំង ពីររូបនេះមើលទៅ គួរឲ្យធុញទ្រាន់ នៅពេលពួកនាងឈរអមជាមួយឪពុក ក្នុងពិធីនៅឯ សេវិមាន ហើយគ្រានោះលោក អូបាម៉ា បានលែងសត្វមាន់ធំៗពីរក្បាលពីលើតុសម្រាប់ទទួល ទានអាហារពេលល្ងាចនោះ។
អត្ថន័យនៃចំណាប់អារម្មណ៍របស់លោកស្រី ឡូធិន ដែលត្រូវបានលុបចោលវិញក្នុង ហ្វេសប៊ុក នោះ គឺ “ជូនចំពោះសាស្សា និង ម៉ាលៀ៖ ខ្ញុំដឹងថាអ្នកទាំងពីរកំពុងស្ថិតនៅក្នុងភាព ជាយុវវ័យដ៏ភ្លើតភ្លើន ប៉ុន្តែអ្នកជាផ្នែកមួយនៃគ្រួសារលំដាប់ទីមួយនៃប្រទេស គួរតែព្យាយាម បង្ហាញពីកម្រិតខ្ពស់បន្តិច។ យ៉ាងហោចណាស់គួរតែគោរពដល់កម្មវិធីដែលអ្នកកំពុងចូល រួម។ វាគ្មានអ្វីថ្មីទេ ព្រោះឪពុកម្តាយរបស់អ្នក មិនសូវគោរពតួនាទីរបស់ពួកគេ ឬមួយក៏ជាតិ សាសន៍ និង អ្វីផ្សេងទៀតនោះ។ ដូច្នេះខ្ញុំ អាចស្មានដឹងថា អ្នកនឹងបង្ហាញចេញមក ជាមួយនឹង សម្លៀកបំពាក់ខើចខ្លីដូចតារាម៉ូដែល នៅក្នុងស្ថាប័នរដ្ឋ។”
គួរបញ្ជាក់ថា ក្រោយពីការរិះគន់យ៉ាងគ្រោតគ្រាតលើ ម៉ាលៀ វ័យ ១៦ឆ្នាំ និង សាស្សា វ័យ ១៣ឆ្នាំ លោកស្រី ឡូធិន បានចេញមុខសុំទោសចំពោះពាក្យរបស់ខ្លួន ដែលបង្កក្តីឈឺចាប់ ដល់យុវតីទាំងពីររូប។ លោកស្រី ឡូធិន បានបង្ហាញក្តីសោកស្តាយ ដែលធ្វើការកាត់សេចក្តី លើក្មេងស្រីទាំងពីរតែ តាមរយៈការស្លៀកពាក់ ហើយលោកស្រីបញ្ជាក់ទៀតលោកស្រីគួរតែ មានការយល់ដឹងឲ្យជ្រៅជ្រះជាងនេះ ថាខ្លួនក៏ធ្លាប់ស្ថិត នៅក្នុងភាពជាយុវវ័យដែរ៕
_______________
ផ្តល់សិទ្ទិដោយ៖dap-news