ទូតខ្មែរនៅកូរ៉េខាងត្បូងស្នើបញ្ជូនធាតុរបស់ស្រ្តីខ្មែរត្រូវប្តីសម្លាប់ដើម្បីបានលុយធានារាប់រង ៩លានដុល្លារ និងកូនស្រីមកមាតុប្រទេសវិញ
ស្ថានទូតខ្មែរបានធ្វើកំណត់ទូតមួយ ទៅក្រសួងការបរទេសនៃសាធារណៈរដ្ឋកូរ៉េ ដើម្បីឲ្យអន្តរាគមន៍ យកធាតុរបស់សពអ្នកស្រី អ៊ី ស៊ីឡែន ទៅជូនក្រុមគ្រួសារសពមកកាន់ប្រទេសកម្ពុជា។ អ្នកស្រី ត្រូវបានបុរសជាប្តីជនជាតិកូរ៉េខាងត្បូង ប្រើល្បិចឲ្យលេបថ្នាំងងុយគេងរួច បើកឡានទៅបំបុកឡានដឹកទំនិញទម្ងន់៨តោនបណ្តាលឲ្យ ប្រពន្ធស្លាប់កាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៤ ដើម្បីទទួលលុយធនារ៉ាប់រងជិត ៩ លានដុល្លារ បាននាំឲ្យមានការភ្ញាក់ផ្អើលពីសាធារណៈជន ពិសេសបណ្តាញផ្សព្វផ្សាយធំៗ នៅកូរ៉េខាងត្បូង។
ក្នុងកំណត់ទូតក៏បានស្នើសុំយកកូនស្រី ដែលមានអាយុ ៥ ឆ្នាំទៅជូនយាយ តានៅស្រុកខ្មែរបីបាច់ថែររក្សា ពីព្រោះឪពុកក្មេងបានក្លាយជាឃាតករ និងឧក្រិដ្ឋជន។ ចំណុចចុងក្រោយ ដើម្បីទាមទារប្រាក់សំណងក្នុងការជួសជុល ការខូចខាត ឬក៏ប្រាក់បែងចែកទ្រព្យសម្បត្តិពីក្រុមគ្រួសារ ដើម្បីយកទៅជូនកូនស្រី ដែលមានអាយុ៥ ឆ្នាំ ឬ ក៏អាណាព្យាបាលបណ្តោះអាសន្ន ដើម្បីមើលថែររក្សា។
ស្រ្តីរងគ្រោះមានឈ្មោះ អ៊ី ស៊ីឡែន មានស្រុកកំណើតភូមិក្តល់លើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានរៀបការជាមួយបុរសជនជាតិកូរ៉េ កាលពីឆ្នាំ២០០៨ មានកូនស្រីមួយអាយុ៥ ឆ្នាំ និងមានកូនក្នុងផ្ទៃ៧ ខែ។ នៅថ្ងៃកើតហេតុកូនស្រីអាយុ៥ ឆ្នាំមិនស្ថិតក្នុងហេតុការណ៍នោះទេ។
ជនសង្ស័យជាប្តី ធ្លាប់បានរៀបការជាមួយនឹងស្រ្តីកូរ៉េ មានកូនស្រីអាយុ១៦ ឆ្នាំម្នាក់ បន្ទាប់មកធ្លាប់រៀបការជាមួយនឹងស្រ្តីជនជាតិចិន និងឆ្នាំ២០០៨ បានរៀបការជាមួយនឹងស្រ្តីខ្មែរជាជនរងគ្រោះ។ ចំពោះករណីឃាតកម្មនេះ លោកជំទាវប្រធានាធិបតី នៃសាធារណៈរដ្ឋកូរ៉េ មានការចាប់អារម្មណ៍យ៉ាងខ្លាំង៕
អត្ថបទ៖មៃ សុខលីម