Apple ប្ដូរយុទ្ធសាស្ត្រចេញ iPhone ២ ដង ក្នុងមួយឆ្នាំ
កន្លងមក Apple បញ្ចេញ Smartphone របស់ខ្លួនមួយឆ្នាំម្ដងប៉ុណ្ណោះគឺអំឡុងខែកញ្ញា។ តែបើតាមប្រភពពីរោងចក្រផ្គត់ផ្គង់ឲ្យ Apple បង្ហើបឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាល្បីរបស់អាមេរិកមួយនេះទំនងចង់ប្ដូរយុទ្ធសាស្ត្រថ្មីដោយបញ្ចេញមួយឆ្នាំពីរម៉ូដែលតែម្ដង។
ប្រភពដែលបញ្ជាក់អត្តសញ្ញាណត្រឹមជាក្រុមហ៊ុនផ្គត់ផ្គង់ឲ្យ Apple បានប្រាប់គេហទំព័រ Stabley Times ថា ក្រុមហ៊ុន Apple ទំនងអាចនឹងបញ្ចេញ iPhone 6s ដំណាលគ្នានឹង Apple Watch នៅដើមឆ្នាំ ២០១៥ ខាងមុខ។
ដោយឡែក iPhone មួយម៉ូដែលទៀតគឺ iPhone 7 អាចនឹងចេញនៅខែកញ្ញា ២០១៥ ដូចរាល់ឆ្នាំដដែល។ ទោះជាយ៉ាងណា ប្រភពដដែលមិនបានបញ្ជាក់មូលហេតុនៅពីក្រោយការផ្លាស់ប្តូរយុទ្ធសាស្ត្រនេះទេ។ តែអ្វីដែលគេអាចមើលឃើញច្បាស់នោះ ជំហានថ្មីនេះគឺដើម្បីវាតទីយកចំណែកទីផ្សារកាន់តែច្រើនឡើងក៏ដូចជាប្រជែងនឹងក្រុមហ៊ុនទូរសព្ទធំៗដទៃទៀតដែលចេញច្រើនម៉ូដែលក្នុងមួយឆ្នាំៗ។
ចុះអ្នកគិតថា Apple អាចនឹងផ្លាស់ប្ដូរយុទ្ធសាស្ត្រថ្មីដូចប្រភពខាងបញ្ជាក់ឬទេ? បើផ្លាស់ប្តូរមែន តើអ្នកពេញចិត្តឬអត់?