ជំនុំជម្រះសំណុំរឿង មន្ត្រីនគរបាលសក្តិ៥ ឡើងវិញ ពីបទ​ «ឆបោកប្រាក់» តាមរូបភាពរត់ការ ចូលជាសញ្ញាតិ

11/29/2014 0 Comments A+ a-

ភ្នំពេញ ៖ សាលាដំបូង រាជធានីភ្នំពេញ កាលថ្ងៃសុក្រ ទី ២៨ ខែ វិច្ឆិកា បានបើក សវនាការជំនុំជម្រះឡើងវិញ នូវ សំណុំរឿងក្តី របស់ បុរសជនជាប់ចោទម្នាក់ ដែលអះអាងថា ជាមន្ត្រីនគរបាលសក្តិ៥ បម្រើការ នៅអគ្គលេខាធិការដ្ឋាន និង ជាមន្ត្រីខុទ្ទកាល័យ នៃ ក្រសួងមហាផ្ទៃ និង ជាជំនួយការរបស់លោកគៀង វ៉ាង អតីរដ្ឋលេខាធិការ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌទី១ របស់គាត់ ដែលជាប់ចោទពីបទ«ឆបោកប្រាក់» ចំនួន ៣៨០០០ដុល្លារអាមេរិក ពីបុរសជនជាតិម្នាក់ ក្នុងការរត់ការដើម្បីចូលជាសញ្ញាតិខ្មែរ ប្រព្រឹត្តកាលពីឆ្នាំ ២០១២។
លោកកោ វណ្ឌី ចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ បានមាន ប្រសាសន៍ នៅក្នុងសវនាការថា៖ «មូលហេតុដែលតុលាការបានសម្រេចលើកយកសំណុំរឿងនេះ មកធ្វើការជំនុំជម្រះឡើងវិញ គឺដោយាសារតែ មានបណ្តឹងជំនាស់ ដែលបានធ្វើឡើងដោយភាគី ដើមបណ្តឹង កើតទុកមិនសុខចិត្ត និង បានប្តឹងខ្ទាស់ នូវសេចក្តីសម្រេច របស់តុលាការ ដែលបានកាត់ទោស ជនជាប់ចោទឈ្មោះ សួង វាសនា កាលពីខែ កក្កដា ២០១៤នោះ និង បានសើ្នរសុំឲ្យតុលាការ ធ្វើការ ជំនុំជម្រះសំណុំរឿងក្តី ឡើងវិញ»។
លោកចៅក្រម កោ វណ្ឌី បានឲ្យដឹងថា៖ ជនជាប់ចោទរូបនេះ មានឈ្មោះ សួង វាសនា ភេទប្រុស អាយុ ៥៤ឆ្នាំ មានស្នាក់នៅផ្ទះលេខ៧១ ផ្លូវលេខ១២២ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ។ ចំពោះ សំណុំរឿងក្តី របស់គាត់ខាងលើនេះ  កាល ថ្ងៃ ទី ១ ខែ កក្កដា ឆ្នាំ ២០១៤ កន្លងទៅនេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស និង កាត់ដាក់គុកគាត់ រយៈ ពេល១ឆ្នំា ពិន័យជាប្រាក់ចំនួន៤លានរៀល សម្រាប់ដាក់ចូលថវិកាជាតិ និង បង្គាប់ឲ្យសងថ្លៃការខូចខាត ចំនួន៣៨០០០ដុល្លារអាមេរិក និង សងជម្ងឺចិត្តចំនួន ២០លានរៀល ទៅឈ្មោះ តាំង ថេងសៀរ ជាភាគីដើមបណ្តឹង ជាប់ពាក់ព័ន្ឋនឹងករណីឆបោកប្រាក់ ពីភាគី ដើមបណ្តឹង ដើម្បីរត់ការ និង ធានាឲ្យបានចូលជាសញ្ជាតិខ្មែរ ប្រព្រឹត្តកាល ពីអំឡុង ឆ្នាំ ២០១២។
លោកទូច ធីរិទ្ធ មេធាវីការពារក្តី ឲ្យជនរងគ្រោះ ឈ្មោះ តាំង ថេងសៀរ បានថ្លែង ថា មូលហេតុដែលកូនក្តី កើតទុក មិនសុខចិត្ត និង បានប្តឹងខ្ទាស់ប្រឆាំង នឹងសាលក្រមរបស់តុលាការ និង សើ្នរសុំឲ្យតុលាការ បើកសវនាការ ជំនុំជម្រះ លើសំណុំរឿងក្តីនេះឡើងវិញនោះ  គឺដោយសារតែ ការផ្តន្ទាទោសចំពោះ ឈ្មោះ សួង វាសនានេះ  និង ប្រាក់សំណងជម្ងឺចិត្ត ដែលតុលាការបានបង្គាប់ឲ្យឈ្មោះ សួង វាសនា បង់មកកូនក្តីរបស់លោកនោះ មានចំនួនស្រាលពេក និង តិចតូច ណាស់ មិនសមល្មមនឹងការទំហំ នៃ បទល្មើសរបស់ជនជាប់ចោទ និង ការខូចខាតរបស់កូនក្តីរបស់លោកនោះឡើយ»។
លោកមេធាវី ទូច ធីរិទ្ធ បានបន្ថែមថា «នៅក្នុងសំណុំរឿងក្តីនេះ កូនក្តីរបស់ខ្ញុំ បានស្នើរសុំឲ្យតុលាការសម្រេច ផ្តន្ទាទោស ជនជាប់ចោទឈ្មោះ សួង វាសនា ដាក់គុកចំនួន ២ឆ្នាំ ៦ខែ និង ទាមទារសំណងជម្ងឺចិត្ត ចំនួន ៤០ ម៉ឺនដុល្លារអាមេរិក»។
តុលាការនឹងប្រកាសសាលក្រម នៃ សំណុំរឿងក្តីនេះ នៅថ្ងៃ ទី ១៦ ខែ ធ្នូ ២០១៤ ខាងមុខនេះ។
យោងតាមឯកសារងតុលាការ បានឲ្យដឹងថា  ជនជាប់ចោទឈ្មោះ សួង វាសនា ត្រូវបានចោទប្រកាន់ពីតំណាង អយ្យការ ពីបទ«ឆបោក» តាមមាត្រា ៣៧៧-៣៧៨ នៃក្រមព្រហ្មទណ្ឌ និង ត្រូវបានឃាត់ខ្លួន ដោយនគរបាលនៃ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ តាមពាក្យបណ្តឹងរបស់ជនរង កាលពីថ្ងៃ ទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៣។
នៅក្នុងអំឡុង ខែធ្នូ ឆ្នាំ២០១១ បុរសជនជាតិតៃវ៉ាន់ឈ្មោះ ហ៊ុយ យាន ប្រធានក្រុមហ៊ុនមួយនៅក្នុង ប្រទេសកម្ពុជា បានឲ្យឈ្មោះ តាំង ហេងសៀរ ជាបុគ្គលិកក្រុមហ៊ុនជាតិខ្មែររត់ការចូលសញ្ជាតិកម្ពុជា ហើយគេក៏ទៅទាក់ទងជនជាប់ចោទ សួង វាសនា ដោយជននេះធានាថា អាចរត់ការឲ្យបាន។ ក្រោយពីជួបចរចាត្រូវរ៉ូវគ្នាជនជាប់ចោទដែលប្រើឋានៈខ្លួនជា វរសេនីយ៍ឯកនគរបាលជាតិ និងជាជំនួយការផ្ទាល់លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង បានទារប្រាក់ថ្លៃរត់ការចំនួន ៤៨ ០០០ ដុល្លារអាមេរិក ប៉ុន្តែ ដើមចោទជាជនរងគ្រោះបានកក់ប្រាក់មុន ២៦ ០០០ ដុល្លារតែដោយជនជាប់ចោទថា ប្រាក់នោះរត់ការមិនគ្រាន់ក៏មកទារពីជនរងគ្រោះបង្គ្រប់ ៤៨ ០០០ ដុល្លារមានទាំងលិខិតប្រគល់លុយផងដែរ។ ចាប់តាំងពីទទួលប្រាក់គ្រប់ចំនួន ឈ្មោះ សួង វាសនា បានគេចខ្លួនរហូតមានបណ្តឹងត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃ ទី ២៤ ខែធ្នូ ឆ្នាំ២០១៣។
ក្រៅពីសំណុំរឿងខាងលើនេះ ឈ្មោះ សួង វាសនា ក៏ត្រូវបានជនជាតិ២នាក់ទៀត បានប្តឹងគាត់ពីបទ«ឆបោកប្រាក់» ចំនួន២ម៉ឺនដុល្លារ តាមរូបភាព យកលុយ ដើម្បីរត់ការបានចូលជាសញ្ជាតិខ្មែរ ប្រព្រឹត្តកាលពីអំឡុង ឆ្នាំ ២០១២ ដូចករណីខាងលើនេះដែរ។ ហើយចំពោះសំណុំរឿងព្រហ្មទណ្ឌទី២របស់គាត់នេះ តុលាការ ក៏បានសម្រច ផ្តន្ទាទោសរូបគាត់ដាក់គុករយៈពេល១ឆ្នាំបន្ថែមទៀត ពិន័យជាប្រាក់ចំនួន៤ លានរៀល និង បង្គាប់ឲ្យសងប្រាក់ចំនួន១២០០០ ដុល្លារអាមេរិក ទៅជនរងគ្រោះ ដែលជាភាគីដើមបណ្តឹង៕
ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល