ស្ត្រីនៅប្រទេសចិនដែលរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារអាចប្តឹងទៅតុលាការ
នៅប្រទេសចិន អំពើហិង្សាទៅលើស្ត្រីនៅក្នុងគ្រួសារគឺជាបញ្ហាមួយ ដែលគេមិនហ៊ាននិយាយប៉ះពាល់សោះឡើយ។ យ៉ាងណាក៏ដោយ អំពីហិង្សានេះ គឺជារឿងមួួយដែលគេពុំអាចប្រកែកបានឡើយ ពីព្រោះបើតាមតួលេខផ្លូវការរបស់អាជ្ញាធរចិន ស្រ្តីចំនួន៤០% ទាំងអ្នករៀបការនិងអ្នករស់នៅជាមួយគ្នាត្រូវបាន គូស្រករខ្លួនធ្វើបាបដោយប្រើអំពើហិង្សា។
ប៉ុន្តែបច្ចុប្បន្ននេះ អាជ្ញាធរចិនបានយល់ដឹងពីទំហំបញ្ហាសង្គមមួយនេះដោយ បានចេញច្បាប់ថ្មីមួយអនុញ្ញាតឲ្យស្រ្តីរងគ្រោះដោយ អំពើហិង្សា អាចការពារខ្លួនតាមផ្លូវច្បាប់និងមានការជួយជ្រោមជ្រែង ពីសមាគមន៍នានាដែរ។
ស្ត្រីចិនពីអំណេះទៅអាចនឹងប្តឹងទៅប៉ូលីសប្រសិនបើនាងជាអ្នករងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ
ចាប់តាំងពីឆ្នាំ២០០១មក ស្ត្រីដែលត្រូវរងគ្រោះដោយអំពើហិង្សា ក្នុងគ្រួសារ មានសិទ្ធិប្តឹងតវ៉ាសុំលះលែងប្តីបាន។ ប៉ុន្តែ បុរសដែលជាប្តីប្រព្រឹត្តអំពើហិង្សាលើភរិយា ពុំដែលត្រូវបានគេចាប់ទោសពៃរ៍អ្វីទេពីបទបង្កហិង្សានេះ។
នៅក្នុងពង្រាងច្បាប់ថ្មីនេះ នារីរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ គឺជាលើកទីមួយដែរ អាចធ្វើការប្តឹងទៅតុលាការដើម្បីសុំរស់នៅបែកឆ្ងាយពីគូរស្រករ ខ្លួន។ ពង្រាងច្បាប់ថ្មីនេះ ត្រូវបានទទួលការអបអរសាទរពីសំណាក់អង្គការ ការពារសិទ្ធិនារីដែលរហូតមកទល់ពេលនេះ ពុំមានឥទ្ធិពលអ្វីបន្តិចសោះនៅក្នុងសកម្មភាពជួយការពារនារី រងគ្រោះ។
លោកស្រី Qiong Jing ដែលជាសកម្មជនការពារសិទ្ធនារី បានថ្លែងថា ច្បាប់ថ្មីនេះសំខាន់ខ្លាំង ពីព្រោះជាច្បាប់មួយដែលត្រូវបានគេអនុវត្តជាលើកទីមួយនៅទូ ទាំងប្រទេស ។ លោកស្រី Jing បានបញ្ជាក់ទៀតថា អត្ថបទច្បាប់ដែលផ្សព្វផ្សាយដោយរដ្ឋាភិបាល ក៏នៅមានចំណុចខ្វះខាតដែរ។ ឧទាហរណ៍ដូចជា និយមន័យ អំពើហិង្សាក្នុងគ្រួសារនៅពុំទាន់មានភាពទូលំទូលាយ មិនតែប៉ុណ្ណោះ នៅខ្វះខាតចំណុចមួយទៀត គឺការអត់ឧនសណ្តោសក្នុងករណីស្ត្រីរងគ្រោះប្រឈមមុខនឹងការ ប្តឹងប្តល់ពីបទឧក្រិដ្ឋ បន្ទាប់ពីត្រូវរងដោយអំពើហិង្សានៅក្នុងគ្រួសាររួច។
សមាគមន៍ការពារសិទ្ធនារី បានសម្តែងការសោកស្តាយដែរ ចំពោះពង្រាងច្បាប់ថ្មី ដែលពុំបានលើកនិយាយដល់បញ្ហាគូស្រករដែលពុំរៀបការ។ ទោះជាយ៉ាណាក្តី ច្បាប់ថ្មីនេះ ក៏ជាដំណឹងល្អមួយដែរសំរាប់សង្គមចិន។ ប្រសិនបើច្បាប់នេះ ត្រូវបានអនុម័តហើយ ប៉ូលិសត្រូវអនុវត្តភ្លាមដោយចាប់ទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ។ ចំណែកខាងមន្ទីរពេទ្យវិញក៏ត្រូវមានភារៈកិច្ច ជូនដំណឹងដល់អាជ្ញាធរភ្លាមដែរ ក្នុងករណីយ មានជនរងគ្រោះដោយអំពើហិង្សានៅក្នុងគ្រួសារ បើពុំនោះសោតទេ អាចនឹងទទួលផលវិបាកយ៉ាងធ្ងន់ធ្ងរដែរ៕ ប្រភពៈ RFI