EUជំរុញក្រុមហ៊ុនដីសម្បទានឲ្យវិនិយោគបានត្រឹមត្រូវនិងដាំដើមឈើឡើងវិញ
លោកហ្សង់ ហ្វ្រង់ស័រ កូតាំង (Jean-François CAUTAIN) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានទៅទស្សនកិច្ចចម្ការម៉ៃសាក់កាលពីថ្ងៃសុក្រ ទី២៨វិច្ឆិកានៅតាមជើងភ្នំគិរីរម្យ ខេត្តកំពង់ស្ពឺ។ នេះគឺជាលើកដំបូងដែលឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានទៅទស្សនកិច្ចលើដី សម្បទានសេដ្ឋកិច្ច ដែលមានកុងត្រារយៈពេល៧០ឆ្នាំ និងជាក្រុមហ៊ុនមកពីអឺរ៉ុប។ លោកអះអាងថា ជម្លោះដីធ្លីដោយសារសម្បទានសេដ្ឋកិច្ចគឺជាបញ្ហាធំ ហើយលោកបានលើកទឹកចិត្តឲ្យមានការវិនិយោគឲ្យបានត្រឹមត្រូវលើដី សម្បទានសេដ្ឋកិច្ច ពិសេសជំរុញឲ្យមានការវិនិយោគលើការដាំដើមឈើឡើងវិញ។
លោកJean-François CAUTAIN(ពាក់មួកស ដៃកាន់កូនសៀវភៅពណ៌ខៀវ) កំពុងស្តាប់ការពន្យល់របស់អ្នកជំនាញដាំដើមឈើ ម៉ៃសាក់
ក្រុមហ៊ុន Grandis TIMBER Limited ដែលធ្វើពាណិជ្ជកម្ម ដាំដើមឈើ លើផ្ទៃដីជិត១ម៉ឺនហិតា នៅជាប់ជើងភ្នំគិរីរម្យ ក្នុងខេត្តកំពង់ស្ពឺជាជម្រើសសម្រាប់ទស្សនកិច្ចលើកដំបូងរបស់លោកឯក អគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា។ ក្រុមហ៊ុននេះ បានទទួលអាជ្ញាប័ណ្ណដីសម្បទានសេដ្ឋកិច្ចសម្រាប់ធ្វើការវិនិយោគ ពីរដ្ឋាភិបាល ជាង៥ឆ្នាំមកហើយ។
លោក វ៉េនេ ប៊ឺតុង (Wayne Burton) ជានាយកប្រតិបត្តិ បានប្រាប់ថា ក្រុមហ៊ុននេះ បានដាំដើមឈើម៉ៃសាក់បានជាង៥ពាន់ហិកតាហើយ នៅឆ្នាំ២០១៤នេះ។ ជាគម្រោងដែលចំណាយអស់ប្រាក់ជាង១លានដុល្លារសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំៗ ខណៈដែលការប្រមូលផលមកវិញ គឺស្ថិតក្នុងរយៈពេលដ៏យូរ ពោលគឺជាង៣០ឆ្នាំក្រោយឯណោះ ទើបគេអាចកាប់ដើមម៉ៃសាក់ទៅលក់បាន។
លោកនាយកប្រតិបត្តិរបស់ក្រុមហ៊ុនមកពីប្រទេសដាណឺម៉ាក់រូបនេះ ពន្យល់បន្តថា មានមូលហេតុបីដែលលោកសម្រេចមកបោះទុននៅកម្ពុជា គឺទីនេះ នៅមានដីទំនេរច្រើន ប្រាក់ឈ្នួលកម្មករថោក ហើយលោកអាចងាយស្រួលសុំសិទ្ធិទទួលបានដីសម្បទានសេដ្ឋកិច្ចដើម្បី អភិវឌ្ឍន៍។ ក្រុមហ៊ុន Grandis TIMBER Limited មានបុគ្គលិកនិងកម្មករជាង៧០០នាក់ និងមានកន្លែងមើលថែកុមារ និងបង្រៀនដល់ក្មេងៗ ដែលជាកូនចៅរបស់កម្មករទៀតផង។
លោក Jean-François CAUTAIN ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានជំរុញឲ្យមានការគាំទ្រការវិនិយោគដូចក្រុមហ៊ុន Grandis Timber Limited ដើម្បីដាំដើមឈើឡើងវិញ ឲ្យបានត្រឹមត្រូវ លើដីសម្បទានសេដ្ឋកិច្ច។ ការយកដីសម្បទាន ទៅអភិវឌ្ឍមិនបានល្អ និងយកជាលេសអភិវឌ្ឍដើម្បីកាប់ឈើ ត្រូវបានលោក Jean-François CAUTAIN រិះគន់យ៉ាងខ្លាំង។ លោកថ្លែងថា វិបត្តិដីសម្បទានសេដ្ឋកិច្ច ដែលបានបង្កផលលំបាកដល់ប្រជាជននិងបណ្តាលឲ្យមានការបណ្តេញចេញទាំង បង្ខំ គឺជារឿងធំ។ រឿងធំតាំងពីមុនពេលលោកមកជាន់ដីកម្ពុជាមកម្ល៉េះ ហើយបន្តជាបញ្ហាសង្គម ដោះស្រាយមិនទាន់ចប់រហូតដល់សព្វថ្ងៃ។
យ៉ាងណាក៏ដោយ កន្លងមក រដ្ឋាភិបាលធ្លាប់បានសម្រេចដកហូតនិងកែសម្រួលផ្ទៃដីក្រុមហ៊ុនសម្បទាន សេដ្ឋកិច្ចចំនួនជាង២០ក្រុមហ៊ុនហើយ ក្នុងនោះមានក្រុមហ៊ុនមួយចំនួនមានកិច្ចសន្យារយៈពេល៩៩ឆ្នាំដោយសារ ក្រុមហ៊ុនទាំងនោះ មិនបានគោរពកិច្ចសន្យា។ ក្រុមហ៊ុនទាំងនោះ មួយចំនួនត្រូវគេរាយការណ៍ថាបានកាប់ព្រៃឈើអស់ទៅហើយ។ ទោះយ៉ាងនេះក្តី លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ព្រៃឈើនៅកម្ពុជា នៅសល់ជាង៦០ភាគរយឯណោះ៕ ប្រភពៈ RFI