ប៉ា សុជាតិវង្ស៖ ការដោះស្រាយជម្លោះដីធ្លីប្រើយន្តការបី
ភ្នំពេញៈ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ កាលពីម្សិលមិញនេះ បានថ្លែងឲ្យដឹងថា បច្ចុប្បន្ននេះអាជ្ញាធរបានកំពុងប្រើប្រាស់យន្តការបីផ្សេងគ្នាដើម្បីដោះស្រាយជម្លោះដីធ្លីនៅក្នុងរាជធានីភ្នំពេញ។
ក្នុងសន្និសីទសារព័ត៌មាន ក្រោយជំនួបឆ្លើយបំភ្លឺទៅកាន់គណៈកម្មការ ទី១ នៃរដ្ឋសភា អស់រយៈពេលជាង ៣ ម៉ោងអភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅរដ្ឋសភាថា ការឆ្លើយបំភ្លឺជុំវិញអង្គទំនាស់ពាក់ព័ន្ធនឹងបញ្ហាដីធ្លី រួមនឹងការតវ៉ារបស់ពលរដ្ឋក្នុងរាជធានីភ្នំពេញ គឺអាជ្ញាធរមូលដ្ឋានបាននិងកំពុងប្រឹងប្រែងដោះស្រាយ តាមរយៈយន្តការបី គឺយន្តការដោះស្រាយតាមប្រព័ន្ធតុលាការ យន្តការរដ្ឋបាលនៅនឹងកន្លែង និងយន្តការដោះស្រាយដោយគណៈកម្មការសុរិយោដីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ។
លោកបន្តថា៖ «មានករណីទំនាស់ដីធ្លីខ្លះ បានរំលងពីការដោះស្រាយពីអាជ្ញាធរដែនដីរហូតទៅដល់តុលាការ ហើយករណីនោះ អាជ្ញាធរបានព្យាយាមចូលរួមសម្របសម្រួលហើយ ហើយក៏មានករណីខ្លះទៀតត្រូវតែបញ្ចូនទៅតុលាការតែម្តងដើម្បីដោះស្រាយ»។
លោក ប៉ា សុជាតិវង្ស បានឲ្យដឹងទៀតថា អាជ្ញាធរពាក់ព័ន្ធបាននិងកំពុងពន្លឿនដំណោះស្រាយលើជម្លោះដីធ្លីក្នុងរាជធានីដែលនៅសេសសល់ តាមរយៈការសម្របសម្រួល និងការផ្សះផ្សា។
លោក ប៉ា សុជាតិវង្ស ថ្លែងបន្តថា៖ «ជាក់ស្តែងនៅសល់តែ ១០០ គ្រួសារតែប៉ុណ្ណោះ ក្នុងសហគមន៍បុរីកីឡាដែលយើងកំពុងពិនិត្យលក្ខណសម្បត្តិដើម្បីផ្តល់ដំណោះស្រាយ បឹងកក់សល់តែ ២៦ គ្រួសារដែលយើងនឹងបន្តដោះស្រាយដោយការផ្តល់ដីឡូត៍នៅក្នុងតំបន់បឹងកក់សម្រាប់សាងសង់លំនៅឋាន និងនៅតំបន់ជម្លោះផ្សេងៗទៀត»។
កាលពីថ្ងៃ ទី១០ និង ទី១១ ខែវិច្ឆិកា សកម្មជនស្រ្តីមានជម្លោះដីធ្លី ១០ នាក់ដែលជាញឹកញាប់បានចេញមុខតវ៉ាទាមទារដំណោះស្រាយបញ្ហាដីធ្លី ត្រូវបានតុលាការកាត់ទោសជាប់ពន្ធនាគារម្នាក់ៗ ១ឆ្នាំ និងពិន័យជាប្រាក់ម្នាក់ ២ លានរៀល បន្ទាប់ពីពួកគេបានតវ៉ាបិទមហាវិថីព្រះមុនីវង្ស រកអន្តរាគមន៍រំដោះទឹកស្អុយ ដែលជន់លិចផ្ទះនៅបឹងកក់។ ចំណែកព្រះសង្ឃ ១ អង្គក៏ត្រូវបានផ្សឹកនិងកាត់ទោសដូចគ្នា ខណៈនិមន្តមកមើលការតវ៉ានៅមុខតុលាការរាជធានី។
ទាក់ទិននឹងសំណុំរឿងនេះ លោក អេង ឆៃអ៊ាង ប្រធានគណៈកម្មការ ទី១ នៃរដ្ឋសភា ទទួលបន្ទុកសិទ្ធិមនុស្សទទួលពាក្យបណ្តឹងអង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា បានឲ្យដឹងថា លោកបានស្នើឲ្យលោកអភិបាលរាជធានីភ្នំពេញ ពិនិត្យលទ្ធភាពនិងរកមធ្យោបាយបន្ធូរបន្ថយឲ្យអ្នកជាប់ឃុំទាំងនោះនិងផ្តល់សេរីភាពឲ្យពួកគេឆាប់ៗនេះ។ ប៉ុន្តែ លោក ប៉ា សុជាតិវង្ស បានឲ្យដឹងថា រឿងនេះជាកិច្ចការរបស់តុលាការ ហើយលោកមិនអាចលូកលាន់បានឡើយ។
តបទៅនឹងការលើកឡើងនេះ អ្នកស្រី ប៉ូវ សោភា ពលរដ្ឋមានទំនាស់ដីធ្លីតំបន់បឹងកក់ យល់ឃើញថា នេះជាការសន្យាដដែលៗរបស់លោក ប៉ា សុជាតិវង្ស ដែលមិនមានការអនុវត្តនោះឡើយ។
អ្នកស្រីនិយាយថា៖ «យន្តការដែលឈានដល់ការចាប់ខ្លួនឃុំខ្លួន គឺសុទ្ធតែជាការបញ្ជាពីអាជ្ញាធរ ខណៈដែលតុលាការដូចជា តេឡេបញ្ជារបស់ពួកគេ។ ក្នុងតំបន់បឹងកក់ ករណីដីធ្លីមាន ៣ ៨ គ្រួសារមិនមែន ២៦ ទេតួលេខដែលគាត់លើកក៏ខុសពីការពិតដែរ»។
ទោះជាយ៉ាងណាក៏ដោយ ប្រធានគណៈកម្មការ ទី១ នៃ រដ្ឋសភា លោក អេង ឆៃអ៊ាង បានឲ្យដឹងដែរថា សភានឹងបន្តឃ្លាំមើលស្ថាប័ននីតិប្រតិបត្តិមួយនេះរួមនឹងដំណោះស្រាយដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីក្នុងរាជធានីភ្នំពេញ។
លោកបានមានប្រសាសន៍ថា៖ «យើងក៏បានស្នើឲ្យលោក ប៉ា សុជាតិវង្ស ធ្វើការដោះស្រាយបញ្ហាដោយការជជែក ចៀសវាងការបណ្តេញចេញ យើងនឹងកោះហៅលោកមកបំភ្លឺនៅថ្ងៃក្រោយទៀតបើបញ្ហានៅតែបន្តកើតមាន»។
តាមរយៈស្ថិតិវិភាគរបស់អង្គការក្រៅរដ្ឋាភិបាលដែលចេញផ្សាយនៅដើម ខែវិច្ឆិកា នេះឲ្យដឹងថា ក្នុង ឆ្នាំ២០១៣ អត្រាវិវាទដីធ្លីខ្ពស់ជាងគេគឺមាននៅក្នុងរាជធានីភ្នំពេញ មានរហូតដល់ទៅ ២៩ ករណីដែលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ១៥២៤៦ គ្រួសារខណៈ ខេត្តរតនគិរី ឈរនៅលំដាប់លេខ ២ មានវិវាទដីធ្លីចំនួន ២៦ ករណីប៉ះពាល់ទៅដល់ប្រជាពលរដ្ឋ ២៦៦២ គ្រួសារហើយនិងនៅ ខេត្តកំពង់ចាម មានចំនួន ២១ ករណី ប៉ះពាល់ដល់ពលរដ្ឋ ៥៩៥៣ គ្រួសារ។ មានកត្តាជាច្រើនដែលបណ្តាលឲ្យមានវិវាទដីធ្លី រួមមាន គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ទីប្រជុំជននិងជនបទ សម្បទានសេដ្ឋកិច្ច និងសម្បទានផ្សេងៗទៀតដែលដំណើរការដោយក្រុមហ៊ុនវិនិយោគជាតិនិងអន្តរជាតិ៕
ប្រភពពី ភ្នំពេញប៉ុស្តិ៍