ប៉ូលិស​ប៉ុស្តិ៍​នៅ​រតនគិរី​រង​ ការ​ចោទ​ថា​ប្រើ​ហិង្សា​ធ្វើ​ ទារុណកម្ម​ពលរដ្ឋ​៣​នាក់

2/13/2014 0 Comments A+ a-


image (1)មន្ត្រី ​សិទ្ធិ​មនុស្ស ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ថា ប្រជាពលរដ្ឋ​ចំនួន ៣​នាក់ ត្រូវ​បាន​ប៉ូលិស​ប៉ុស្តិ៍ និង​សន្តិសុខ​ភូមិ​ជាង ១០​នាក់ ចាប់​វាយ​ដំ​ដាក់​ខ្នោះ ចង​ដៃ​ចង​ជើង ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ កាល​ពី​វេលា​អធ្រាត្រ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៤ នៅ​ប៉ុស្តិ៍​ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី។
ពលរដ្ឋ​ទាំង ៣​នាក់​នោះ​មាន​ឈ្មោះ ឌួង ដេត អាយុ ២៨​ឆ្នាំ ឈ្មោះ ឃីម ឃឿន អាយុ ២៦​ឆ្នាំ និង​ឈ្មោះ ណុប រី អាយុ ២៣​ឆ្នាំ ជា​ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​បន្ទាត់ ឃុំ​សេដា ស្រុក​លំផាត់។
មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ខេត្ត​រតនគិរី លោក ឆាយ ធី មាន​ប្រសាសន៍​ថា ប៉ូលិស​ប៉ុស្តិ៍​ឃុំ​សេដា ឈ្មោះ នី រង​ការ​ចោទ​ប្រកាន់​ថា​បាន​ព្រួត​គ្នា​វាយ​ដំ​លើ​រាង​កាយ និង​ធ្វើ​ទារុណកម្ម​ដោយ​ដាក់​ច្រវាក់​ជើង ដាក់​ខ្នោះ​ដៃ ចង​ដៃ​នឹង​ខ្សែ​អង្រឹង ចាក់​ទឹក​ស្រាបៀ​លើ​ក្បាល និង​ទឹក​ធម្មតា​មួយ​ម៉ោង​ចាក់​ម្តង​រហូត​ដល់​ភ្លឺ ថែម​ទាំង​ប្រមាថ​ថា នឹង​នោម​ដាក់​ក្បាល​ទៀត៖ «តាម​ការ​បញ្ជាក់​របស់​ជន​រងគ្រោះ យើង​ឃើញ​ការ​ធ្វើ​បែប​នេះ គឺ​បង្ហាញ​ការ​ធ្វើ​ទារុណកម្ម​យ៉ាង​ឃោរឃៅ​ពី​សំណាក់​សមត្ថកិច្ច។ ទោះ​ជា​ករណី​ហ្នឹង​កើត​ឡើង​ប្រព្រឹត្ត​ខុស​ដោយ​ប្រជាពលរដ្ឋ​ក៏ដោយ រាល់​សមត្ថកិច្ច​មិន​អាច​ធ្វើ​ទារុណកម្ម»
វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​មន្ត្រី​ប៉ូលិស​ដែល​រង​ការ​ចោទ​នោះ​បាន​ទេ នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ។
ជម្លោះ​កើត​ឡើង​បន្ទាប់​ពី​មាន​ការ​ផឹក​ស៊ី​ក្នុង​កម្មវិធី​សែន​ព្រេន​ ប្ដី​ប្រពន្ធ ជនជាតិ​ដើម​ភាគ​តិច​ទំពួន នៅ​ភូមិ​នេះ។ មន្ត្រី​អាដហុក កំពុង​ស៊ើប​អង្កេត និង​អន្តរាគមន៍​បន្ទាន់​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​រតនគិរី នៅ​រសៀល​នេះ៕
ប្រភពពី វិទ្យុអាស៊ីសេរី