ឆ្មក់ចូល​បង្ក្រាប​ទីតាំង ចែកចាយ​គ្រឿងញៀន ឃាត់​ខ្លួន​ជន​សង្ស័យ៨នាក់

2/26/2014 0 Comments A+ a-

ភ្នំពេញ៖ ថ្នាំញៀនមួយចំនួនធំ លុយកាក់ កាំភ្លើងខ្លី ១ដើម និងរថយន្ដរ៉េហ្វ័រ ១គ្រឿង ត្រូវបានកម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរគ្រឿងញៀន រាជធានីភ្នំពេញ ដឹកនាំដោយព្រះរាជអាជ្ញារង ហោ លីនណា បានចុះទៅឡោមព័ទ្ធ និងបង្ក្រាប ព្រមទាំងរឹបអូសនៅផ្ទះជួលមួយកន្លែង ស្ថិតនៅផ្ទះលេខ ២៤បេ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ពោលនៅខាងក្រោយវិទ្យាល័យជា ស៊ីម សាមគ្គី នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤ នេះ ។
ប្រតិបត្ដិការចុះបង្ក្រាបទីតាំងចែកចាយ ជួញដូរគ្រឿងញៀនដ៏ធំខាងលើនេះ កម្លាំងនគរបាលដែលដឹកនាំបញ្ជាផ្ទាល់ពីលោកវរ សេនីយ៍ទោ ប៊ន សំអាត នាយការិយាល័យ ប្រឆាំងការជួញដូរគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យ ៨នាក់ ក្នុងនោះស្រី ៥នាក់។
លោក ប៊ន សំអាត បានឱ្យដឹងថា ក្រោយពីទទួលបានសេចក្ដីរាយការណ៍ និងព័ត៌មានសម្ងាត់ស្ដីពីទីតាំងខាងលើ លួចបើកកន្លែងជួញដូរ និងចែកចាយគ្រឿងញៀន កម្លាំងនគរបាលរបស់លោក ដែលទទួលបានបទបញ្ជាពីលោកឧត្ដមសេនីយ៍ ស្នងការនគរបាល រាជធានីភ្នំពេញ ជួន សុវណ្ណ ធ្វើការស្រាវជ្រាវ និងតាមដានតាមជំនាញរបស់ខ្លួន អស់រយៈពេលជាច្រើនថ្ងៃ ទើបនៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០១៤ នេះ កម្លាំងសមត្ថកិច្ចបានសម្រុកចូល និងឃាត់ខ្លួនអ្នកដែលពាក់ព័ន្ធតែម្ដង សរុប ៨នាក់ ស្រី ៣នាក់ ។
លោក ប៊ន សំអាត បានបញ្ជាក់ថា នៅក្នុងប្រតិបត្ដិការបង្ក្រាបកន្លែងជួញដូរគ្រឿងញៀនខាងលើនេះ កម្លាំងសមត្ថកិច្ចរបស់លោក បានដកហូតថ្នាំញៀនមួយចំនួនធំ លុយកាក់ផ្សេងទៀតផងដែរ ។
មន្ដ្រីនគរបាលមួយរូប ដែលចូលរួមក្នុងប្រតិបត្ដិការនេះបាននិយាយថា ជនសង្ស័យបានជួលទីតាំងខាងលើ ជាកន្លែងជួញដូរនិង ចែកចាយគ្រឿងញៀនដ៏ធំ ហើយក្រោយការសម្រុកចូលរបស់សមត្ថកិច្ច បានរកឃើញថង់ផ្លាស្ទិចជាច្រើន សម្រាប់ច្រក គ្រឿងញៀន យកទៅចែកចាយនៅកន្លែងផ្សេងទៀត ។ នៅកន្លែងកើតហេតុផ្ទាល់ គេសង្កេតឃើញថា ក្រៅពីការឃាត់ខ្លួនជនសង្ស័យទាំង ៨នាក់ ក្នុងនោះក៏មានស្ដ្រីចំណាស់ម្នាក់ ព្រមទាំងក្មេងស្រីតូចៗ ២នាក់ ម្នាក់អាយុជាង ១ឆ្នាំ និងម្នាក់ទៀតអាយុប្រមាណ ៣ទៅ៤ខែ ដែលជាកូនរបស់ជន សង្ស័យ ។
មន្ដ្រីនគរបាលមូលដ្ឋាន ដែលចូលរួមសហការចុះបង្ក្រាបទីតាំង ចែកចាយគ្រឿងញៀនខាងលើនេះ បាននិយាយថា កាលពីពេលកន្លងទៅ កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបរួចម្ដងហើយ ពីសកម្មភាពបើកល្បែងខុសច្បាប់ ហើយឥឡូវនេះទីតាំងខាងលើ ត្រូវបានជនសង្ស័យយកធ្វើជាកន្លែង ចែកចាយ និងជួញដូរគ្រឿងញៀន ។
នៅពេលដែលកម្លាំងសមត្ថកិច្ចកំពុងឆែកឆេរ និងធ្វើកំណត់ហេតុនោះ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ដែលជាអតីតប្ដីរបស់ស្ដ្រីម្នាក់ ជាជនសង្ស័យបានបើករថយន្ដម៉ាក រ៉េហ្វ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2B-3923 មកដល់ពេលនោះកម្លាំងសមត្ថកិច្ច ក៏បានឃាត់ខ្លួន និងដកហូតកាំភ្លើងខ្លី ១ ដើមផងដែរ ។
បើតាមមន្ដ្រីនគរបាល ការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀន បាននិយាយថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនក្រោយគេ នេះ ឈ្មោះ លីន និងជាមុខសញ្ញាជើងបាញ់បោះមួយរូបផងដែរ ហើយអាចជាប់ពាក់ព័ន្ធនឹងសកម្មភាព ចែកចាយគ្រឿងញៀននេះផងដែរ ។
បើតាមលោក ប៊ន សំអាត បានបញ្ជាក់ថា ជនសង្ស័យរូបនេះត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាតាមចាប់ខ្លួនចំនួន ២ដងរួចមកហើយ ពីបទបាញ់បោះដោយសេរី ហើយជនសង្ស័យរូបនេះ គឺជាមន្ដ្រីយោធាម្នាក់ផងដែរ ។
ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំង ផ្ទះជួលខាងលើនេះបាននិយាយថា ពួកគេមិនបានដឹងថា ជនសង្ស័យយកកន្លែងនេះជាទីតាំងចែកចាយ និងជួញដូរគ្រឿងញៀននោះឡើយ ប៉ុន្ដែពួកគេក៏ឆ្ងល់ផងដែរថា ឃើញតែមានមនុស្សបើករថយន្ដ និងម៉ូតូចេញ-ចូលមិនចេះដាច់ ទាំងយប់ទាំងថ្ងៃ ហើយបើពេលយប់វិញ ពេលខ្លះមនុស្សចេញ-ចូល រហូតដល់ម៉ោង ១២យប់ ទៅ ម៉ោង ៣ទៀបភ្លឺទៀតផង ។
យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ពី អត្ដសញ្ញាណជនសង្ស័យទាំង ៨នាក់ ដែលត្រូវចាប់ខ្លួនខាងលើនេះទេ ហើយក្រោយការឆែកឆេរ និងធ្វើកំណត់ហេតុរួច សមត្ថកិច្ចបាននាំខ្លួនពួកគេទៅសួរនាំបន្ដទៀត នៅការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀន ដើម្បីចាត់ការបន្ដតាមផ្លូវច្បាប់ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល