ក្រុមចោរ​ប្រដាប់អាវុធ​ បាញ់រះ​ប្លន់​អ្នកលក់​មាស ​ផ្សារ​ព្រែក​តា​មាក់ យក​មាស​ជាង​៣០​តម្លឹង​

2/26/2014 0 Comments A+ a-

កណ្តាល: អាជីវករ​លក់​មាស​នៅ​ផ្សារ​ព្រែ​កតា​មាក់​ចំនួន​ពីរ​នាក់ និង​អ្នកភូមិ​ម្នាក់​បាន​រងរបួស​ធ្ងន់​ដោយ​គ្រាប់កាំភ្លើង​អាកា ខណៈ​ក្រុមចោរប្លន់​បាញ់រះ​ប្លន់​យក​ថង់​មាស របស់​ជនរងគ្រោះ​បានសម្រេច ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង ជាង​៦ យប់​ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ​២០១៤ នៅមុខ​ផ្ទះ​ជនរងគ្រោះ ស្ថិតនៅ​ភូមិ​ក្នុង ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល  ។​
​ជនរងគ្រោះ​នៃ​អំពើ​ប្លន់​ទី​១ .​ឈ្មោះ ភឿន ស្រឿ​ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មាន​របរ​លក់​មាស ប្តូរប្រាក់​នៅ​ផ្សារ​ព្រែក​តា​មាក់ មាន​ទីលំនៅ​កន្លែងកើតហេតុ​។​បុរស​នេះ​ចោរ​បាញ់​ត្រូវ​មួយ​គ្រាប់​ចំ​ភ្លៅ​ ខាងស្តាំ ។ ទី​២ ឈ្មោះ​ឡាង ណារិន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ត្រូវជា​ប្អូនថ្លៃ​របស់​ឈ្មោះ ភឿន ស្រឿ​ន ត្រូវ​ចោរ​បាញ់ របួស​ត្រង់​កំភួនជើង​ឆ្វេង​ចំនួន​មួយ​គ្រាប់​។ ទី​៣ ឈ្មោះ​ប៉ោ សុគន្ធា​រី ភេទ​ស្រី អាយុ​២៧​ឆ្នាំ ប្រកប​របរ​អ៊ុតសក់ ជា​អ្នករស់នៅ​ក្បែរ​ផ្ទះកើតហេតុ បាន​រងរបួស​ត្រង់​ស្មា​ស្តាំ​មួយ​គ្រាប់ ធ្លាយ​ទៅ​បោះដៃផុត ។
​បើតាម​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​និយាយ​ឲ្យ​ដឹងថា អំពើ​ប្លន់​នេះ ពួកចោរ​មាន​គ្នា​៤​នាក់ ប្រដាប់​ដោយ​កាំភ្លើង​អាកា​ស្វ័យ​បត់​ពីរ​ដើម និង​កាំភ្លើងខ្លី​មួយ​ដើម ។​ពួកគេ​ធ្វើ​សកម្មភាព​សាហាវ​ណាស់ ដោយ​បាញ់រះ​គ្មាន​ញញើត​ដៃ​ជាច្រើន​គ្រាប់ ។​
​ឈ្មោះ ភឿន រ៉ានី ត្រូវជា​ប្អូន​ជនរងគ្រោះ​បាន​និយាយ​ឲ្យ​ដឹងថា ក្នុង​អំពើ​ប្លន់​នេះ ក្រុមចោរ​បាន​ប្រមូលយក​ស្បោង​មាស និង​លុយ​រួមមាន គ្រឿងអលង្ការ​ជា​មាស​ចំនួន​ជាង​២៣​តម្លឹង គ្រឿងអលង្ការ​ជា​ប្លា​ក់​ទីន​មាន​ចំនួន​ជាង​២៥​តម្លឹង គ្រឿងអលង្ការ​ធ្វើ​ពី​ប្រា​ក់ជាង​១០​តម្លឹង និង​ប្រាក់រៀល​ជាង​១០​លាន​រៀល ប្រាក់​ដុល្លា​ជាង​៦​ពាន់​ដុល្លារ​អាមេរិក​។​
​    ​ឈ្មោះ ឈុន វីរៈ រស់នៅ​ក្បែរ​កន្លែងកើតហេតុ​បាន​និយាយ​ឲ្យ​ដឹងថា នៅវេលា​ម៉ោងជាង​៦ ថ្ងៃកើតហេតុ ជនរងគ្រោះ ភឿន ស្រឿ​ន និង​ប្រពន្ធ​របស់គាត់​ឈ្មោះ ឡាង ម៉ា​លីន ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា  ត្រឡប់​មកពីផ្សារ​ព្រែក​តា​មាក់​វិញ ដល់​ចំណុច​មុខផ្ទះ​របស់គាត់ ឈ្មោះ​ឡាង ម៉ា​លីន ជា​ប្រពន្ធ បាន​ចុះ​ពីលើ​ម៉ូតូ​ស្ពាយ​កាបូប​ដាក់​មាស ដើរទៅ​បើក​ទ្វាររបង​ផ្ទះ ។ ពេលនោះ​ជនសង្ស័យ​២​នាក់​ដែល​ឈរ​នៅក្រោម​ដើម​ក្រខុប ពី​ចំហៀង​ផ្ទះ​បាន​ស្រែក​ឲ្យ​ជនរងគ្រោះ​ភឿន ស្រឿ​ន និង​ប្រពន្ធ ឈប់ ហើយ​ពួកវា​ស្ទុះ​ទៅ​ចាប់​ប្រតាយប្រតប់​ដណ្តើមយក​ស្បោង​ដាក់​មាស ប៉ុន្តែ​ក៏មាន​ការ​តតាំង​ពី​ជនរងគ្រោះ ឃើញ​ដូច្នេះ ឈ្មោះ ឡាង ណារិន ត្រូវជា​ប្អូន​ជនរងគ្រោះ បាន​ស្ទុះ​ចូលទៅ​ជួយ​ហើយ​ត្រូវ​ក្រុមចោរ​ដក​កាំភ្លើង​អាកា ស្វ័យ​បត់​ចេញពី​ក្នុង​បាវ បាញ់រះ​ជាច្រើន​គ្រាប់ បណ្តាល​ឲ្យ​ជនរងគ្រោះ​ជា​ប្តី​ត្រូវ​គ្រាប់​ចំ​ជើង​ដួល​នៅនឹងកន្លែង រីឯ​ឈ្មោះ ឡាង ណារិន ជា​ប្អូនថ្លៃ ក៏ត្រូវ​គ្រាប់កាំភ្លើង​ចំ​ជើង​រងរបួស​ដួល​នៅខាងមុខ​ផ្ទះ​ដែរ ។ គ្រា​ដែល​ជនរងគ្រោះ​កំពុង​ដេក​ដួល ក្រុម​ជល​ល្មើស​មិន​ឈប់​បាញ់​ទេ គឺ​ពួកវា​បាញ់រះ​បន្ថែម​ជាច្រើន​គ្រាប់​ទៀត       បណ្តាល​ឲ្យ​ខ្ទាត​គ្រាប់​ទៅ​ត្រូវ​នារី​ឈ្មោះ ប៉ោ សុគន្ធា​រី ដែល​កំពុង​ឈរ​នៅ​តូប​អ៊ុតសក់ ក្នុងផ្ទះ​របស់ខ្លួន​។​
​ឈុន​វីរៈ​បន្តថា​បន្ទាប់ពី​ជនរងគ្រោះ​ត្រូវរបួស​ដេក​ដួល​មុខផ្ទះ​ពួកចោរ ​បាន​ប្រមូលយក​ស្បោង​ដាក់​លុយ​និង​លើកយក​ម៉ូតូ​របស់​ជនរងគ្រោះ​ឈ្មោះ ឡាង ណារិន ម៉ាក​សេ​១២៥ មួយគ្រឿង​ចេញទៅ​បាត់ ដោយ​គ្មាន​ការជួយ​អន្តរាគមន៍​ពី​សមត្ថកិច្ច​ទេ​។ ទន្ទឹមនឹង​អំពើ​ប្លន់​ដ៏​ព្រ​ហើនមួយ​នេះ​ប្រជាពលរដ្ឋ​ក្នុងភូមិ​កើតហេតុ​ មានការ​ភិតភ័យ និង​ខ្លាចញញើត​បន្ទាប់​ក្រុមចោរ​បាញ់រះ​ប្លន់​ដ៏​គឃ្លើន​គ្មាន​ខ្លាចញញើត​ បន្តិច​ទាល់តែសោះ ។
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​រកឃើញ​ម៉ូតូ​ពណ៌​ក្រហម​មួយគ្រឿង ដែល​គេ​សង្ស័យថា ជា​របស់​ក្រុមចោ​ប្លន់​, សម្បក​កា​ទូ​ស​គ្រាប់​អាកា ចំនួន​១១​គ្រាប់​និង​បាវ​កា​រ៉ុង​ចំនួន​បី​ដែល​ពួកវា​ដាក់​កាំភ្លើង​អាកា​ ក្នុងនោះ​មុនពេល​ធ្វើ​សកម្មភាព​ប្លន់​ផងដែរ ។ រីឯ​ម៉ូតូ​ចំនួន​បី​គ្រឿង​ទៀត​គេ​បាន​ប្រទះឃើញ​នៅក្នុង​គំនរ​ចំបើង​ក្បែរ​ កន្លែងកើតហេតុ សមត្ថកិច្ច​នៅ​ពុំទាន់​ធ្វើការ​សន្និដ្ឋាន​ទេ រហូតដល់​រសៀល​ថ្ងៃទី ២៦ ខែកុម្ភៈ នេះ ប៉ុន្តែ​ប្រភព​មួយ​ជឿថា ការ​បន្សល់ទុក​នូវ​ម៉ូតូ​ទាំងបី​គ្រឿង គឺជា​របស់​ក្រុមចោរប្លន់ ហើយ​ប៉ូលិស​កំពុងធ្វើការ​ស្រាវជ្រាវ ៕M/L




ប្រភពពី CEN