សុំលុយប្រពន្ធ ៣០០ដុល្លារ មិនបាន ចាក់ សាំង ប៉ងដុតផ្ទះ

2/14/2014 0 Comments A+ a-

ភ្នំពេញ ៖ កម្លាំងនគរបាល ខណ្ឌសែនសុខ បានឃាត់ខ្លួន បុរសម្នាក់ ពីបទប៉ុនប៉ងដុតផ្ទះ សម្លាប់ប្រពន្ធរបស់ខ្លួន ដោយសារតែខឹងសុំ លុយ៣០០ដុល្លារ យកទៅសងគេ តែត្រូវប្រ ពន្ធឆ្លើយថាអត់មាន ។
ការចាប់ខ្លួនបុរសជាប្ដីខាងលើនេះ បានធ្វើឡើងកាលពីវេលា ម៉ោង២និង៣០នាទី រសៀលថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០១៤ ស្ថិត នៅផ្ទះលេខ១៥០ ផ្លូវលំ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
បើតាមសមត្ថកិច្ចជនបង្ករូបនេះ ឈ្មោះ ខ្លូត វណ្ណៈ អាយុ៤៦ឆ្នាំ មុខរបរមិនពិតប្រាកដ រីឯស្ដ្រីជាប្រពន្ធ ឈ្មោះអ៊ុក ថារី អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ លក់នៅផ្ទះកើតហេតុខាងលើ ។
សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុជនបង្ក បានអង្គុយហូបបាយ ជាមួយប្រពន្ធ ពេលនោះ បានសុំលុយប្រពន្ធ ៣០០ដុល្លារ យកទៅសងគេ ប៉ុន្ដែត្រូវប្រពន្ធឆ្លើយថា អត់មានលុយ បន្ទាប់មកជនបង្កបានឱ្យប្រពន្ធទៅខ្ចីគេ ក៏ប្រពន្ធនៅតែមិនព្រម ទើបពួកគេទាំងពីរនាក់ឈ្លោះគ្នាតែម្ដង ។
ពេលឈ្លោះគ្នានោះ ជនបង្កបានស្ទុះទៅ ទាញយកដបសាំង ចំណុះ៥លីត្រ និងដែកកេះមួយ មកស្រោចលើជនរងគ្រោះជាប្រពន្ធ រួចហើយស្រោចពេញផ្ទះ ប្រុងដុតសម្លាប់ចោល ប៉ុន្ដែសំណាងល្អ ត្រូវអ្នកជិតខាងឃើញទាន់ រាយការណ៍ជូនសមត្ថកិច្ច ចុះមកចាប់ខ្លួនតែម្ដង ។
សមត្ថកិច្ចបានឱ្យដឹងថា ជនបង្ករូបនេះ ធ្លាប់ជាប់ពន្ធនាគារម្ដងរួចមកហើយ ពីបទ ឃាតកម្ម ។
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល