សមាជិក​សភា​ អង់គ្លេស​ទាមទារ​ឲ្យ​ បក្ស​នយោបាយ​នៅ​ កម្ពុជា​បន្ត​ចរចា

2/23/2014 0 Comments A+ a-


image (18)
សមាជិក ​សភា​ចក្រភព​អង់គ្លេស ចង់​ឃើញ​គណបក្ស​នយោបាយ​នៅ​កម្ពុជា បន្ត​ការ​ចរចា​គ្នា ដើម្បី​ស្វែង​រក​ដំណោះស្រាយ​នយោបាយ។ ការ​លើក​ឡើង​បែប​នេះ កើត​ឡើង​ស្រប​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ទើប​បាន​ចាប់​ផ្ដើម​ចូល​តុ​ចរចា​ជា​ថ្មី និង​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ ព្រមាន​ថា​នឹង​ផ្អាក​ការ​ចរចា​វិញ ប្រសិន​បើ​គណបក្ស​កាន់​អំណាច​នៅ​តែ​បន្ត​បញ្ជូន​កម្លាំង​ទៅ​រំខាន​ការ​ជួប​ ជុំ​របស់​គណបក្ស​ប្រឆាំង​មួយ​នេះ។
00:00
នៅ​ថ្ងៃ​ទី​២១ កុម្ភៈ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​ក្រៅ​ផ្លូវ​ការ​មក​កម្ពុជា រយៈពេល ៥​ថ្ងៃ សមាជិក​សភា​ចក្រភព​អង់គ្លេស លោក ណីក ដេឃីន (Nic DaKin) ដែល​រួម​ដំណើរ​ជាមួយ​សមាជិក​សភា​អង់គ្លេស ៣​រូប​ផ្សេង​ទៀត។ លោក​បាន​មាន​ប្រសាសន៍​ថា កម្ពុជា កំពុង​មាន​ភាព​តានតឹង​នយោបាយ។ ហើយ​លោក​ថា បើ​តាម​បទ​ពិសោធន៍​របស់​លោក​ជា​អ្នក​នយោបាយ​នៅ​ចក្រភព​អង់គ្លេស លោក​យល់​ថា គណបក្ស​នយោបាយ​នឹង​ទទួល​បាន​លទ្ធផល​ប្រសើរ​ជាង​មុន នៅ​ពេល​ដែល​គណបក្ស​ទាំង​នោះ​ជួប​ចរចា​គ្នា ដើម្បី​ស្វែង​រក​ដំណោះស្រាយ។
លោក ណីក ដេឃីន៖ «យើង​ដឹង​ថា មាន​ភាព​តានតឹង​នៅ​កម្ពុជា និង​មាន​សម្ពាធ​ឲ្យ​មាន​ភាព​ប្រសើរ ហើយ​គណបក្ស​ទាំង​ពីរ គឺ​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង សុទ្ធតែ​បាន​ជំរុញ​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ ដែល​នេះ​ជា​រឿង​មួយ​ដ៏​ល្អ ហើយ​គេ​ត្រូវ​ធ្វើ​ការ​ជាមួយ​គ្នា ដើម្បី​នាំ​មក​នូវ​ភាព​ល្អ​ប្រសើរ​នោះ ទាំងអស់​នេះ​ជា​ការ​អង្កេត​របស់​យើង»
មន្ត្រី​បច្ចេកទេស​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​ចរចា​គ្នា​ជា​ថ្មី នៅ​ថ្ងៃ​ទី​១៨ កុម្ភៈ បន្ទាប់​ពី​បាន​ខកខាន​ជួប​គ្នា​ជាង​មួយ​ខែ​កន្លះ ដោយសារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​មិន​ត្រឡប់​ចូល​ចរចា​វិញ​ភ្លាមៗ ក្រោយ​ពី​កង​កម្លាំង​អាជ្ញាធរ​រដ្ឋាភិបាល​បាន​វាយ​បង្ក្រាប​ទៅ​លើ​ក្រុម​ កម្មករ និង​មន្ត្រី​សង្គម​ស៊ីវិល ដែល​បាន​បណ្ដាល​ឲ្យ​កម្មករ​បាត់​បង់​ជីវិត និង​រង​របួស ព្រម​ទាំង​មនុស្ស​ច្រើន​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​រហូត​ដល់​សព្វថ្ងៃ។
ប៉ុន្តែ មួយ​ថ្ងៃ​ក្រោយ​ការ​ចរចា​គ្នា លោក សម រង្ស៊ី បាន​ព្រមាន​ជា​ថ្មី​ថា ពួក​គេ​នឹង​ផ្អាក​ចូល​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ប្រសិន​បើ​គណបក្ស​កាន់​អំណាច​មួយ​នេះ មិន​ព្រម​បញ្ឈប់​បញ្ជូន​កម្លាំង​អាជ្ញាធរ​ទៅ​គំរាម​កំហែង ឬ​អុកឡុក​ការ​ប្រមូល​ផ្តុំ​អ្នក​គាំទ្រ​របស់​បក្ស​ប្រឆាំង។ ការ​ព្រមាន​ផ្អាក​ចូល​ចរចា​ជា​ថ្មី​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​បាន​បញ្ជូន​កម្លាំង​អាជ្ញាធរ ទៅ​ចាក់​ភ្លេង​រំខាន​ក្បែរ​កន្លែង​ប្រមូល​ផ្តុំ​របស់​អ្នក​គាំទ្រ​គណបក្ស​ សង្គ្រោះ​ជាតិ នៅ​ខេត្ត​ព្រៃវែង និង​មុន​ពេល លោក សម រង្ស៊ី និង​លោក កឹម សុខា ចេញ​ទៅ​ជួប​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​ខេត្ត​កំពង់ឆ្នាំង។
រដ្ឋាភិបាល​កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៤ បាន​ចេញ​បញ្ជា​ហាម​ប្រាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​ប្រមូល​ផ្តុំ​គ្នា​តាម​ទី​ សាធារណៈ លើស​ពី ១០​នាក់​ឡើង​ទៅ រហូត​ដល់​ពេល​មួយ​ដែល​សណ្ដាប់ធ្នាប់​សាធារណៈ​ត្រឡប់​មក​ភាព​ប្រក្រតី​វិញ។ តែ​បម្រាម​នេះ ត្រូវ​រង​ការ​រិះគន់​ជាច្រើន​ពី​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ដោយ​ពួក​គេ​លើក​ឡើង​ថា ជា​ការ​រំលោភ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី។
ទាក់ទង​នឹង​ការ​ហាម​ប្រាម​នេះ លោក ណីក ដេឃីន បាន​កត់​សម្គាល់​ថា នៅ​ចក្រភព​អង់គ្លេស ការ​ហាម​ឃាត់​មិន​ឲ្យ​មនុស្ស​ជួប​ប្រជុំ​គ្នា មិន​មែន​ជា​រឿង​ល្អ​ទេ។ លោក​ថា លោក​នឹង​ព្រួយ​បារម្ភ ប្រសិន​បើ​បញ្ហា​នេះ​កើត​ឡើង​នៅ​ក្នុង​ប្រទេស​របស់​លោក និង​នៅ​កន្លែង​ផ្សេងៗ​ទៀត។ លោក ដេឃីន ថា​រដ្ឋាភិបាល​ត្រូវ​ថ្លឹងថ្លែង​រវាង​សិទ្ធិ​នៃ​ការ​ជួប​ជុំ និង​បញ្ហា​សន្តិសុខ ហើយ​ដែល​នេះ​លោក​ថា ជា​រឿង​មួយ​ស្មុគស្មាញ។
កាល​ពី​ចុង​ខែ​មករា ឆ្នាំ​២០១៤ អនុរដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស ចក្រភព​អង់គ្លេស លោក ហ៊ូហ្គូ ស្វៃវអ៍ (Hugo Swire) ក៏​បាន​មក​ធ្វើ​ទស្សនកិច្ច​រយៈពេល ២​ថ្ងៃ​នៅ​កម្ពុជា។ ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ លោក ស្វៃវអ៍ បាន​ជំរុញ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង​ដោះស្រាយ​បញ្ហា​នយោបាយ​ដែល​កំពុង​ជាប់​ គាំង និង​ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ក្នុង​ពេល​នយោបាយ​ជាប់​គាំង​នេះ៕
ប្រភពពី វិទ្យុអាស៊ីសេរី