ពលរដ្ឋ​ដាក់​ពាក្យ​ប្ដឹង​​ ឲ្យ​តុលាការ​ផ្ដន្ទាទោស ​អ្នក​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​អភិរក្ស

2/18/2014 0 Comments A+ a-

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ការពារ​ព្រៃ​ឈើ​ខេត្ត​មណ្ឌលគិរី រាយការណ៍​ថា សកម្មភាព​លួច​កាប់​ឈើ​ប្រណិត​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​កើត​មាន​កាន់​តែ​ ច្រើន​នៅ​ក្នុង​ព្រៃ​សហគមន៍​អភិរក្ស។ ចំណែក​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ជួយ​ទប់ស្កាត់ ​ករណី​នេះ​ទេ ថែម​ទាំង​ដោះលែង​ជន​ពាក់ព័ន្ធ​ដែល​សហគមន៍​ចាប់​បញ្ជូន​ទៅ​ឲ្យ​មន្ត្រី​ជំនាញ ​កសាង​សំណុំ​រឿង​ទៅ​តុលាការ​ដើម្បី​ផ្ដន្ទាទោស​ទៀត​ផង។
ប្រជាពលរដ្ឋ​សមាជិក​សហគមន៍​ការពារ​ព្រៃ​ឈើ​ឡៅកា ខេត្ត​មណ្ឌលគិរី បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ខេត្ត​ឲ្យ​ផ្ដន្ទាទោស​អ្នក​កាប់​ឈើ​ក្នុង​ តំបន់​ព្រៃ​សហគមន៍​អភិរក្ស ក្រោយ​ពេល​អាជ្ញាធរ​ធ្វើ​មិន​ដឹង​មិន​ឮ​ក្នុង​ការ​បង្ក្រាប​បទល្មើស​កាប់​ ឈើ។
កាល​ពី​ថ្ងៃ​ទី​១៦ កុម្ភៈ កន្លង​ទៅ សមាជិក​ការពារ​ព្រៃ​សហគមន៍​បាន​នាំ​គ្នា​អម​ដំណើរ​រថយន្ត​មួយ​គ្រឿង​ផ្ទុក​ ដោយ​ឈើ​ប្រណិត​មាន​ឈើ​ធ្នង់ និង​បេង ចំនួន ៤៣​ដុំ មក​ប្រគល់​ជូន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី ដើម្បី​រក្សា​ទុក​ជា​វត្ថុតាង​នៃ​បទល្មើស​ព្រៃ​ឈើ​សហគមន៍​បង្ក្រាប​បាន។
ការ​ហែហម​រថយន្ត​និង​ឈើ​ជា​វត្ថុតាង​ល្មើស​នេះ បន្ទាប់​ពី​ក្រុម​ល្បាត​របស់​សហគមន៍​ការពារ​ព្រៃឈើ​ភូមិ​ឡៅកា សង្កាត់​សុខដុម ក្រុង​សែនមនោរម្យ ចំនួន ១៩​នាក់ រឹប​អូស​បាន​ពី​ក្រុម​អ្នក​ដឹក​ជញ្ជូន​ឈើ​ចំនួន ៤​នាក់​ដែល​កំពុង​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​សហគមន៍​កាល​ពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​មុន។
តំណាង​សហគមន៍​អ្នកស្រី ក្វើង ទុំ មាន​ប្រសាសន៍​បញ្ជាក់​ថា សហគមន៍​មាន​ការ​លំបាក​ណាស់ ក្រោយ​ការ​បង្ក្រាប​នេះ ពីព្រោះ​សមត្ថកិច្ច​ជំនាញ​ដែន​ជម្រក​សត្វ​ព្រៃ​នៅ​តំបន់​នោះ មិន​បាន​សហការ​ល្អ​ទាក់ទិន​ការ​បង្ក្រាប​នេះ​ទេ ថែម​ទាំង​បាន​ដោះលែង​ជន​ពាក់ព័ន្ធ​ដឹក​ជញ្ជូន​ឈើ និង​មិន​បាន​រក្សា​ទុក​វត្ថុតាង​បាន​ត្រឹមត្រូវ​ឡើយ។
អ្នកស្រី​បន្ត​ថា ក្រុម​សហគមន៍​បាន​លើក​គ្នា​ហែហម​រថយន្ត​និង​ឈើ​ចេញ​ពី​ព្រៃ​មក​ប្រគល់​ជូន​ មន្ត្រី​មន្ទីរ​បរិស្ថាន ប៉ុន្តែ​មិន​មាន​មន្ត្រី​ណា​យក​ចិត្ត​ទុកដាក់​ធ្វើ​កំណត់ហេតុ​ទទួល​វត្ថុតាង ​នោះ​​ទេ ហេតុ​នេះ សហគមន៍​សម្រេច​រៀបចំ​ពាក្យ​ប្ដឹង​តាម​ផ្លូវ​តុលាការ​ដោយ​ខ្លួន​ឯង ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​យុត្តិធម៌​នេះ​ស្វែង​រក​ជន​ពាក់ព័ន្ធ និង​អ្នក​ឃុបឃិត​មក​ផ្ដន្ទាទោស​តាម​ច្បាប់។
អ្នកស្រី ក្វើង ទុំ៖ «ទូរស័ព្ទ​ទៅ​កន្លែង​មេព្រៃ​ក៏​គេ​អត់​ទទួល ទូរស័ព្ទ​ទៅ​កន្លែង​តុលាការ ក៏​អត់​ទទួល ទម្រាំ​គេ​ទទួល​ថ្ងៃ ចាប់​បាន​ហ្នឹង​ពិបាក​ចង់​ងាប់ ទូរស័ព្ទ​ទៅ​គេ​បិទៗ។ ចង់​ឲ្យ​គេ​ជួយ​អត់​ឃើញ​គេ​ជួយ​សោះ យូរ​បាន​មក​ពួក​បរិស្ថាន​បី​នាក់ ពួក​ខ្ញុំ​អង្គុយ​ចាំ​ក្នុង​ព្រៃ​ហ្នឹង​យូរ​មែន​ទែន។ អ្នក​ប្រព្រឹត្ត​បទល្មើស​ឆ្លៀត​ទៀត គំរាម​ពួក​ខ្ញុំ​ទៀត»
ខ្លឹមសារ​ពាក្យ​បណ្ដឹង​របស់​សហគមន៍​ដាក់​ជូន​ស្ថាប័ន​អយ្យការ​តុលាការ​ ខេត្ត​នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ សហគមន៍​បាន​ប្ដឹង​ក្រុម​អ្នក​ដឹក​ជញ្ជូន​ឈើ​ចំនួន ៤​នាក់ រួម​មាន​ឈ្មោះ សុង វិបុល ឈ្មោះ តក់ ឌីណា ឈួន ចាន និង​ឈ្មោះ សាយ ធឿន។
វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី លោក ឈិត សុផល សុំ​អធិប្បាយ​បញ្ហា​នេះ​បាន​ទេ។ ក៏ប៉ុន្តែ​យោង​កំណត់​ហេតុ​ធ្វើ​ឡើង​ដោយ​ប្រធាន​សហគមន៍ លោក គិ ង៉េវ និង​មាន​មន្ត្រី​បរិស្ថាន​នុរក្ស លោក រ័ត្ន សារេត ចុះ​ហត្ថលេខា​ឲ្យ​ដឹង​កាល​ពី​វេលា​ម៉ោង ១០ និង ៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ នៅ​ចំណុច ឈីង សីអាង សហគមន៍​ឡៅកា ១៩​នាក់ បាន​ជួប​ជន់​ល្មើស​ចំនួន ៤​នាក់​កំពុង​ដឹក​ឈើ​ប្រណិត​មួយ​រថយន្ត​ចំណុះ ៤​ម៉ែត្រ​គូប។ ក្រុម​សហគមន៍​បាន​ឃាត់​រថយន្ត និង​ប្រគល់​ជូន​មន្ត្រី​បរិស្ថាន​នុរក្ស​បី​នាក់​រក្សា​ទុក​ជា​ បណ្ដោះអាសន្ន។
ទាក់ទិន​ករណី​នេះ​ដែរ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក សុខ រដ្ឋា កត់​សម្គាល់​ថា កន្លង​ទៅ​នេះ​សហគមន៍​ឡៅកា បាន​ផ្ដល់​ព័ត៌មាន​ជា​ច្រើន​មក​សមាគម​លោក​ទាក់ទិន​សកម្មភាព​លួច​កាប់​ឈើ​ ប្រណិត​ឈើ​មាន​តម្លៃ​ក្នុង​ព្រៃ​សហគមន៍។
លោក​បន្ត​ថា នេះ​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​មន្ត្រី​បរិស្ថាន​នុរក្ស​ដែល​បោះ​ទីតាំង ​អភិរក្ស​ព្រៃ​តំបន់​នោះ ប៉ុន្តែ​បែរ​ជា​មាន​បទល្មើស​ព្រៃឈើ​កាន់​តែ​ច្រើន​កើត​មាន​ឡើង​មិន​មាន​ការ​ ទប់​ស្កាត់៖ «ឡាន​ហ្នឹង​ប្រជាពលរដ្ឋ​បាន​ដង្ហែ​មក​ចូល​ក្នុង​មន្ទីរ​រួច​ ទៅ​ហើយ។ អ៊ីចឹង​ពួក​គាត់​ដាក់​ក្នុង​មន្ទីរ​បរិស្ថាន​ខេត្ត។ចំណុច​ដែល​ខ្វះខាត​ឃើញ​ ថា មន្ត្រី​បរិស្ថាន​មាន​គ្នា ៥​នាក់ គាត់​អត់​ធ្វើ​កំណត់​ហេតុ​ទទួល​វត្ថុតាង​បទល្មើស​ព្រៃ​ឈើ​ពី​ប្រជាពលរដ្ឋ​ ទេ។ គាត់​បែរ​ជា​យក​លេស​ថា ប្រធាន​និង​អនុ​ប្រធាន​មិន​នៅ​វិញ»
ក្រុម​សហគមន៍​ឡៅកា កាល​ពី​ខែ​មករា កន្លង​ទៅ​បាន​ដាក់​ពាក្យ​ប្ដឹង​ពីរ​ករណី​ទៅ​ស្ថាប័ន​តុលាការ ទី​១ ប្ដឹង​ម្ចាស់​កសិដ្ឋាន​ចម្ការ​កៅស៊ូ​មាន​ឋានៈ​ជា​អភិបាល​រង​ខេត្ត​មណ្ឌលគិរី ទៅ​ស្ថាប័ន​តុលាការ​ក្នុង​បទ​ចោទ​ថា ម្ចាស់​កសិដ្ឋាន​នេះ​បាន​ឈូស​ឆាយ​ព្រៃ​សហគមន៍​យក​ដី និង​កាប់​យក​ឈើ​ផលិត​ជ័រ​ទឹក​របស់​សហគមន៍​លក់​ទៅ​អ្នក​ជំនួញ​ឈើ គឺ​ឧកញ៉ា លឹម ប៊ុនណា និង​ទី​២ ប្ដឹង​ជន​ពាក់ព័ន្ធ​លួច​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍ ៤​នាក់​ទៀត ហើយ​រហូត​បច្ចុប្បន្ន​មិន​ទាន់​ឃើញ​មន្ត្រី​តុលាការ​ចាត់​វិធានការ​បែប​ណា​ នៅ​ឡើយ៕
ប្រភពពី វិទ្យុអាស៊ីសេរី