កំពុងអង្គុយលេង ជាមួយគូដណ្តឹង តាមមាត់ទន្លេ ត្រូវ ជនសង្ស័យ ចាប់ក្រៀក វាយយកកាបូប លុយតែចាប់បានម្នាក់

2/26/2014 0 Comments A+ a-

ភ្នំពេញ ៖ បុរសជាងបាញ់ថ្នាំរថយន្ដម្នាក់ ត្រូវជនសង្ស័យ៣នាក់ នាំគ្នាព្រួតចាប់ក្រៀក ហើយវាយប្លន់យកកាបូបលុយ ខណៈដែល ជនរងគ្រោះរូបនេះ កំពុងតែអង្គុយជជែក គ្នាលេង នៅលើបង់ថ្មសួនច្បារច្រាំងទន្លេ តាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ សង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ ប៉ុន្ដែ ជនសង្ស័យម្នាក់ត្រូវ បានកម្លាំងនគរបាលប៉ុស្ដិ៍វត្ដភ្នំ ពេលកំពុង ចុះល្បាត ដេញចាប់ រីឯជនសង្ស័យ២នាក់ ផ្សេងទៀត បាន និងកំពុងរត់គេចខ្លួន។
មន្ដ្រីនគរបាល ប៉ុស្ដិ៍វត្ដភ្នំខណ្ឌដូនពេញ បាននិយាយថា ករណីជនបង្កទាំង ៣ ចាប់ វាយជនរងគ្រោះ ប្លន់យកកាបូបលុយខាង លើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលកាល ពីវេលាម៉ោង ៩ និង៤៥នាទីយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅសួនច្បារច្រាំង ទន្លេ តាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ភូមិ៧ សង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ ។
មន្ដ្រីនគរបាលបានបញ្ជាក់ថា ជនសង្ស័យ ដែលត្រូវចាប់ខ្លួនខាងលើនេះឈ្មោះ ហាង ស្នា ហៅ ភ័ក្ដ្រ អាយុ ២៣ឆ្នាំ មុខរបរ  និង ទីលំនៅមិនពិតប្រាកដ រីឯបក្ខពួក ២នាក់ ផ្សេងទៀត ដែលបាន និងកំពុងរត់គេចខ្លួន មានឈ្មោះ ហូប អាយុប្រហែល ២៥ឆ្នាំនិង ម្នាក់ទៀត មិនស្គាល់ឈ្មោះអាយុប្រហែល ២៤ឆ្នាំ ។ ដោយឡែកជនរងគ្រោះឈ្មោះ ថាច ណូរ៉ា ហៅ ត្រា អាយុ ២៥ឆ្នាំ មុខរបរ ជាបាញ់ថ្នាំរថយន្ដ ស្នាក់នៅយាន្ដដ្ឋានសំអន  ផ្លូវលេខ ៥១៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួល គោក ។
បើតាមមន្ដ្រីនគរបាល ប៉ុស្ដិ៍វត្ដភ្នំបានឱ្យ ដឹងថា មុនពេលកើតហេតុជនរងគ្រោះ និង គូដណ្ដឹងរបស់ខ្លួន ឈ្មោះ សៀង ស៊ីណុច អាយុ ២៧ឆ្នាំ បាននាំគ្នាអង្គុយជជែកគ្នា លេងនៅលើបង់ថ្ម សួនច្បារច្រាំងទន្លេតាម បណ្ដោយផ្លូវស៊ីសុវត្ថិ ស្រាប់តែពេលកំពុង ជជែកគ្នានោះ ក៏លេចមុខជនសង្ស័យទាំង ៣នាក់ ដើរមកពីទិសខាងត្បូង ហើយពួក គេ បានចាប់ក្រៀកជនរងគ្រោះលូកយក កាបូបលុយពីក្នុងហោប៉ៅខាងក្រោយបាន សម្រេច រួចនាំគ្នារត់សំដៅទៅផ្សាររាត្រី។
ភ្លាមៗនោះជនរងគ្រោះទាំង ២នាក់ បាន ស្រែកថា ចោរៗ និងរត់ដេញតាមពីក្រោយ គាប់ជួននឹងកម្លាំងនគរបាល ប៉ុស្ដិ៍វត្ដភ្នំកំពុង ចុះល្បាតនៅក្បែរ កន្លែងកើតហេតុនោះ ចេញអន្ដរាគមន៍ ហើយឃាត់ខ្លួនជនសង្ស័យ ម្នាក់យកទៅសួរនាំ នៅប៉ុស្ដិ៍នគរបាលវត្ដភ្នំ រីឯបក្ខពួក២នាក់ផ្សេងទៀត បានយកកាបូប របស់ជនរងគ្រោះគេចខ្លួន។
បើតាមសមត្ថ កិច្ច ជនរងគ្រោះប្រាប់ថា នៅក្នុងកាបូប លុយរបស់គេ មានលុយ ៥ម៉ឺនរៀល និង អត្ដសញ្ញាណសញ្ជាតិខ្មែរមួយសន្លឹក ។បច្ចុប្បន្ន ជនសង្ស័យរូបនេះត្រូវបានឃុំខ្លួនជា បណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការ ។
គួរកត់សម្គាល់ថា ដោយសារតែមានបទ ល្មើសជាច្រើនបានកើតឡើង នៅក្នុងខណ្ឌ ដូនពេញនោះ អធិការនគរបាលខណ្ឌលោក ហ៊ុន សុធី និងអធិការរងទទួលផែនព្រហ្ម ទណ្ឌ លោក ញ៉ែម សៅណុល បានណែនាំឱ្យ មន្ដ្រីនគរបាលប៉ុស្ដិ៍ទាំងអស់ ត្រូវចុះល្បាត ទាំងយប់ទាំងថ្ងៃ ផ្លាស់វេនគ្នាក្នុងភូមិសាស្ដ្រ របស់ខ្លួន ដើម្បីទប់ស្កាត់បទល្មើសនានារក្សា សន្ដិសុខជូនប្រជាពលរដ្ឋ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល