បញ្ជូនក្មេង ទំនើងម្នាក់ ទៅតុលាការខេត្ត ពីបទ បង្កហិង្សា តាមដងផ្លូវ

2/25/2014 0 Comments A+ a-

បាត់ដំបងៈ កម្លាំងនគរបាល អន្តរាគមន៍ពិសេស សហការជាមួយ កម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាល បានចាប់បញ្ជូនក្មេងទំនើងម្នាក់ ទៅតុលាការខេត្ត នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤ ពី បទ បង្កហិង្សាតាមដងផ្លូវ ដែលជនសង្ស័យ និងបក្ខពួកបានបង្កហិង្សា យកកាំបិតសាម៉ូរៃ មកភ្ជង់ជនរង គ្រោះ ឲ្យជិះម៉ូតូទៅតាមបញ្ជារបស់ពួកគេ កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០១៤ នៅចំណុចមុខវិទ្យាល័យ ព្រះមុនីវង្ស ក្នុងភូមិព្រែក មហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
លោកវរសេនីយ៍ទោ មៀន ឡាយ នាយការិយាល័យ ព្រហម្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា នៅរសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤ មានករណីក្មេងទំនើង បានយកកាំបិតសាម៉ូរ៉ៃ ដេញកាប់សិស្សវិទ្យាល័យ ព្រះ មុនីវង្សភ្លាម កម្លាំងរបស់លោកបានសហការជាមួយ កម្លាំងនគរបាលអន្តរាគមន៍ពិសេស ចុះប្រតិបត្តិការ ដេញចាប់ ក្រុមក្មេងទំនើង នៅកន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខ ពួក ៣នាក់ ព្រមទាំងរឹបអូសបានវត្ថុតាងដាវសាម៉ូរ៉ៃ ចំនួន៣ដើម និងម៉ូតូ១គ្រឿង នាំយកមកការិយាល័យ ជំនាញ ធ្វើការសាកសួរ ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន មានឈ្មោះ ខឿន ចាន់ណាក់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មករ តាមរថយន្តតាក់ស៊ីបាត់ដំបង ប៉ោយប៉ែត ស្នាក់នៅភូមិ.សង្កាត់ រតនៈក្រុងបាត់ដំបង និងបក្ខពួក ២ នាក់ទៀតឈ្មោះ ទី និង ឈ្មោះ វី ភេទប្រុស អាយុជាង ២០ ឆ្នាំ បានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកដាវ សាម៉ូរ៉ៃចំនួន៣ដើម និងម៉ូតូ១គ្រឿង ។ ចំណែកជនរងគ្រោះ២នាក់ បងប្អូនមានទី១ ឈ្មោះ រ៉េត គារ៉ា ភេទ ប្រុស អាយុ១៤ឆ្នាំ សិស្សថ្នាក់ទី១០ វិទ្យាល័យព្រះមុនីវង្ស និងបងប្រុសឈ្មោះ រ៉េត វីយ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ សិស្សថ្នាក់ទី១២ មានទីលំនៅ ភូមិអង្គ សង្កាត់អូរចារ ក្រុងបាត់ដំបង ដែលត្រូវជនសង្ស័យ យក កាំបិតសាម៉ូរ៉ៃ មកភ្ជង់កឲ្យជិះតាមពួកគេបញ្ជា ។
ជនសង្ស័យបាននិយាយ ប្រាប់សមត្ថកិច្ចថា ខ្លួនបានខ្ចីម៉ូតូបងប្អូន ជិះមកមើលប្អូនឈ្មោះ ធិ ភេទប្រុស អាយុ ១៨ឆ្នាំ លេងបាល់នៅវិទ្យាល័យព្រះមុនីវង្ស រួចខ្លួន ក៏បានចេញទៅតាមបក្ខពួក២នាក់ទៀត តាម ទូរស័ព្ទ ឲ្យទៅយកខ្លួននៅមាត់ស្ទឹងត្រើយម្ខាង និងបានឌុបបន្តដើរលេង ឆ្លងមកតាមផ្លូវលេខ ១ មុខអនុ វិទ្យាល័យ សោហឺ រួចចូលទៅវិទ្យាល័យព្រះមុនីវង្ស ក៏ស្រាប់តែមានសមត្ថកិច្ច ដេញចាប់ខ្លួនបានតែម្តង ឯ ២នាក់ទៀតបានរត់គេចខ្លួនបាត់ ។
បច្ចុប្បន្ន សមត្ថកិច្ចការិយាល័យជំនាញ បានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាងទៅ តុលាការខេត្ត នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤នេះ ដើម្បីចាត់ការបន្តតាមច្បាប់ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល