តុកាហ្វេ Android តំលៃ ៧០០០ ដុល្លារ (មានវីដេអូ)

2/17/2014 0 Comments A+ a-


ក្រុមហ៊ុន Ideum និង 3M បានធ្វើការសហការគ្នា ដើម្បីបង្កើត និងនាំមកជូនដល់អ្នកប្រើប្រាស់នូវ បទពិសោធន៍ថ្មី ជាមួយនឹងរបស់ប្រើប្រាស់ ដាក់ក្នុងផ្ទះ។ បើសិនជាអ្នកគិតថា Galaxy TabPRO និង NotePRO 12.2 inch របស់ Samsung វាធំខ្លាំងហើយនោះ ចូរអ្នកគិតម្តងទៀតជាមួយនឹង តុកាហ្វេ ប្រើ Android ដែលបានបង្កើតឡើងដោយ ក្រុមទាំងពីរខាងលើនេះ។
Platform 46 បំពាក់នូវអេក្រង់ទំហំ 46 inch រីសូលុយហ្សិន 1080p អនុវត្តបច្ចេកវិទ្យា Multi-touch របស់ 3M។ គុណភាពនៃការបង្ហាញពន្លឺ ត្រូវបានគេផ្សព្វផ្សាយពាណិជ្ជកម្មឲ្យដឹងថា វាមិនទទួលរង នូវឥទ្ធិពលផ្សេងៗ ពីមជ្ឈដ្ឋាននៅជុំវិញឡើយ។ តុនេះបំពាក់នូវលក្ខណៈសម្បត្តិល្អគួរសមជាមួយ នឹង Intel x86, 16GB RAM និងមេម៉ូរីក្នុង 500GB។ ជាក់ស្តែង អ្នកដែលស្រលាញ់បច្ចេកវិទ្យា និង  Android នឹងមានអារម្មណ៍មិនសូវសប្បាយចិត្តបន្តិច ដោយសារតែ Platform 46 ប្រើប្រព័ន្ធប្រតិបត្តិ ការតែវើហ្សិន Android 4.1 ប៉ុណ្ណោះ។ ទន្ទឹមនឹងនោះ ក្រៅពី Android ក្រុមហ៊ុន Ideum និង 3M ក៏ នៅមានវើហ្សិនប្រើ Windows 8 សម្រាប់អតិថិជន ធ្វើការជ្រើសរើសផងដែរ។

ដើម្បីអាចធានាបានថា ផលិតផលរបស់ខ្លួន អាចប្រើប្រាស់ដូចជាតុធម្មតាមួយបាន Ideum បានប្រើ ប្រាស់កញ្ចក់ដែលអាចទ្រាំទ្របានជាមួយនឹងកំលាំងទង្គិច តាមរយះសារធាតុគីមី និងមានបំពាក់ បច្ចេកវិទ្យាការពារជម្រាបទឹក IP54។ ក្រៅពីនេះ ជើងទម្ររបស់វា ត្រូវបានធ្វើពីធាតុអាលុយមីញ៉ូម ដែលអាចធ្វើឲ្យអ្នក លែងព្រួយបារម្ភពីការរចនាម៉ូត របស់វាផងដែរ។
Ideum និង 3M បានឲ្យដឹងថា ផលិតផលរបស់ពួកគេ ពិតជាអាចប្រើប្រាស់ បណ្តា Applications  Android សម្រាប់ Tablet និងស្មាតហ្វូន។ ក្រៅពី Google Maps បណ្តា Applications ផ្សេងទៀត ដែលអ្នកនឹងចូលចិត្ត ពេលប្រើនៅលើ Platform 46 មានជាហ្គេមផ្សេងៗ ដូចជា Clash of Clans ឬ ក៏ Flappy Bird ជាដើម។
ក្រៅពីវើហ្សិនទំហំ 46 inch ដែលមានតំលៃលក់ ៧០០០ ដុល្លារ នៅអាមេរិច Ideum និង 3M នៅមានផ្គត់ផ្គង់ វើហ្សិនទំហំតូចជាងនេះមួយទៀត គឺទំហំ 32 inch សម្រាប់អតិថិជនជ្រើសរើស ផងដែរ៕