UN ទទួល​ញាត្តិ​និង​ស្នាម​មេ ដៃ​របស់​គណបក្ស​សង្គ្រោះ​ជាតិ

10/24/2013 0 Comments A+ a-

ភ្នំពេញៈ តំណាង​នៃ​ការិយា​ល័យ​ឧត្តម​ស្នង​ការ​នៃ​អង្គការ​សហប្រជា​ជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស (OHCHR) បាន​ចេញ​មក​ទទួល​ញាត្តិ និង​ស្នាម​មេដៃ​ពី​លោក សម រង្ស៊ី និង​លោក កឹម សុខា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ដឹក​នាំ​បាតុករ​ជា​ច្រើន​រយ​នាក់ ដង្ហែរ​ក្បួន​ពី​ទីលាន​ប្រជាធិប​តេយ្យ​ឆ្ពោះ​មក​ស្នាក់​ការ​អង្គការ​សហ​ប្រជាជាតិ​​ស្ថិតនៅផ្លូវលេខ ៣០២។
ការ​ដង្ហែរ​ក្បួន​ចេញ​ពី​កន្លែង​ធ្វើ​មហាបាតុកម្ម គឺ​ត្រូវ​បាន​អនុញ្ញាត​ពី​សាលា​រាជធានី​ភ្នំពេញ និង​ក្រសួង​មហា​ផ្ទៃ ដែល​ការ​ដង្ហែរ​ក្បួន​យក​មក​ដាក់​ញាត្តិ​នៅ​ UN-OHCHR នេះ​ត្រូវ​បាន​ហែហម យាម​ការពារ សុវត្ថិភាព និង​បើក​ផ្លូវ​សម្រួល​ចរាចរណ៍​ដោយ​សមត្ថកិច្ច​ចម្រុះ ជាច្រើន​រយ​នាក់​ផង​ដែរ​។
ការ​ដាក់​ញាត្តិ និង​ស្នាម​មេដៃ​នៅ​អង្គការ​សហ​ប្រជា​ជាតិ​ថ្ងៃ​នេះ និង​តាម​ស្ថាន​ទូត​នានា​នៅ​ថ្ងៃ​ស្អែក​បន្ត​ទៀត គឺ​ គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឲ្យ​សហគមន៍​អន្តរជាតិ អន្តរាគមន៍ និង​ដាក់​សម្ពាធ​ទៅ​លើ​រាជ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​កើត​ចេញ​ពី​សភា​ឯកបក្ស ដែល​គណបក្ស​ប្រឆាំង​នេះ បដិសេធ​មិន​ទទួល​ស្គាល់ រាប់​ទាំង​លទ្ធផល​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី ២៨ កក្កដា និង​ទាម​ទារ រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ ដែល​ជា​ម្ចាស់​ឆ្នោត​ដោយ​ជំរុញ​ឲ្យ​ស៊ើប​អង្កេត​ឯករាជ្យ​លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​នោះ និង​ជា​ពិសេស ទាម​ទារ​ឲ្យ​រាជ​រដ្ឋាភិបាល​បច្ចុប្បន្ន គោរព និង​អនុវត្ត​តាម​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ថ្ងៃ​ទី ២៣ តុលា ឆ្នាំ​១៩៩១ ឲ្យ​បាន​ពេញ​លេញ ព្រម​ទាំង​ធានា​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​គោល​ការណ៍​ប្រជាធិប​តេយ្យ សេរី ពហុបក្ស ដូច​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា។
លោក សម រង្ស៊ី ដែល​បាន​ថ្លែង​មុខ​ក្រុម​បាតុករ​ជាង ១​ម៉ឺន​នាក់ មុន​នឹង​ធ្វើ​ការ​ដង្ហែរ​ក្បួន​នេះ ថា មហាបាតុកម្ម​ថ្ងៃ​នេះ ទាម​ទារ​រក​យុត្តិធម៌ ការ​បោះ​ឆ្នោត​ប្រកប​ដោយ​ភាព​ត្រឹម​ត្រូវ សេរី យុត្តិធម៌។ បាតុកម្ម​នេះ​មិន​មែន​លើក​ចុង​ក្រោយ​ទេ យើង​នឹង​បន្ត​ធ្វើ​ទៀត​រហូត​ទាល់​តែ​មាន​ដំណោះ​ស្រាយ ដែល​ទទួល​យក​បាន។
លោក សម រង្ស៊ី ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​រួម​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​អន្តរជាតិ​បាន​ឃើញ ពី​សកម្មភាព និង​ឆន្ទៈ​ស្នេហា​របស់​ពលរដ្ឋខ្មែរ។ «កម្លាំង​យើង​នេះ គឺជា​កម្លាំង​ពិត​ប្រាកដ»។