អង្គការសត្វព្រៃប្តឹងទាហាន ជើងទឹករឿងបាញ់រះលើក្រុមអភិរក្ស
កោះកុងៈអង្គការ សម្ព័ន្ធភាពសត្វព្រៃប្រចាំកម្ពុជា បានប្តឹងទៅទីបញ្ជាការកងនាវាជើងទឹកនិងក្រសួង ការពារជាតិ ដើម្បីសុំអន្តរាគមន៍ ករណីកងនាវាជើងទឹកមួយក្រុមបានបាញ់រះទៅលើក្រុមល្បាតរបស់អង្គការ ខណៈដែលក្រុមល្បាតទាំងនោះចាប់ឈើប្រណីត ១២ តោន ដែលកងនាវាជើងទឹក កំពុងដឹកជញ្ជូនតាមទូកទៅលក់នៅក្រៅប្រទេស។
លោក អ៊ូច ទូច នាយករដ្ឋបាលសាលាខេត្ត កោះកុង បានឲ្យដឹងកាលពីម្សិលមិញថាសាលាខេត្តបានទទួលលិខិតចម្លងមួយច្បាប់ ពីអង្គការសម្ព័ន្ធភាពសត្វព្រៃ (Wildlife Alliance) កាលពីចុងសប្តាហ៍មុនដែលខ្លឹមសារលិខិតនោះបានចោទប្រកាន់ កងនាវាជើងទឹកថា បានបាញ់គំរាមកងល្បាតរបស់អង្គការនេះ។ លោកបន្តថា៖ «អង្គការសម្ព័ន្ធភាពសត្វព្រៃ បានប្រាប់ពីរឿងនេះទៅប្រធានអង្គភាពទាហានឲ្យធ្វើការដាក់ពិន័យលើកូនទាហាន»។
កាលពីថ្ងៃ ទី១៦ ខែ តុលា អង្គការសម្ព័ន្ធភាពសត្វព្រៃ បានសរសេរនៅក្នុងគេហទំព័ររបស់ខ្លួនក្រោមចំណងជើងថា៖ «ក្រុមល្បាតអង្គការសម្ព័ន្ធភាពសត្វព្រៃប្រថុយជីវិតដើម្បីចាប់ការ ដឹកឈើប្រណីតខុសច្បាប់»។ អត្ថបទនោះសរសេរថា កាលពីវេលាម៉ោង ១១ យប់ ថ្ងៃ ទី១០ តុលា ក្រុមល្បាត តាតៃ បានចាប់ទូកមួយគ្រឿងដែលកំពុងដឹកឈើប្រណីតដោយខុសច្បាប់ ចំនួន ១២ តោន ចេញពីតំបន់ព្រៃការពារជិតសមុទ្រ នៅពេលដែលទឹកសមុទ្រនាចដែលធ្វើឲ្យទូកនោះជាប់កឿង។ ភ្លាមៗនោះទាហានជើងទឹកមួយក្រុមបានលោតចុះ រត់ទៅពួននៅក្នុងព្រៃជិតនោះ ហើយបានបាញ់ទៅលើក្រុមល្បាត។ ប្រមាណ ៦ ម៉ោងក្រោយមក នៅពេលទឹកសមុទ្រជោរឡើងមកវិញ ក្រុមល្បាតបានចូលទៅកាន់ទូកដឹកឈើនោះ ហើយបានរឹបអូសឈើទៅរក្សាទុកនៅស្នាក់ការរបស់អង្គការ។ អង្គការនេះបញ្ជាក់ថា៖ «ឈើប្រណីត សរុប ១២ តោននោះត្រូវបានកាប់នៅក្នុងព្រៃការពារ»។
មន្រ្តីអង្គការសម្ព័ន្ធភាពសត្វព្រៃម្នាក់ ដែលសុំមិនប្រាប់ឈ្មោះ បានអះអាងថា៖ «ទាហានប្រមាណ ៤ នាក់កំពុងដឹកឈើនោះចេញទៅ វៀតណាម ឬ ថៃ តែក្រុមល្បាតយើងជាង ១០ នាក់ព្យាយាមចាប់ឈើហើយទាហានបានបាញ់ប្រហែល ១០ គ្រាប់»។
មិនអាចទាក់ទងលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួង ការពារជាតិ និងមេបញ្ជាការអង្គភាពទាហានជើងទឹកខេត្ត កោះកុង ដើម្បីសុំការបំភ្លឺបានទេ កាលពីម្សិលមិញ៕
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍