លទ្ធផល​នៃ​ចំនួន​ស្នាម​មេដៃ​ និង​ឧបសគ្គ​ក្នុង​ការ​ប្រមូល​ស្នាម​មេដៃ​របស់​បក្ស​ប្រឆាំង

10/24/2013 0 Comments A+ a-

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ថា បាន​ប្រមូល​ស្នាម​មេដៃ​អ្នក​គាំទ្រ​នៅ​ទូទាំង​ប្រទេស​បាន​ជាង ២​លាន ៣​ម៉ឺន ដើម្បី​ដង្ហែ​ដាក់​ញត្តិ​តាម​ស្ថានទូត​នានា និង​ការិយាល័យ​អង្គការ​សហប្រជាជាតិ ប្រចាំ​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​សុំ​ឲ្យ​ពិនិត្យ​សើរើ​ឡើង​វិញ អំពី​ភាព​មិន​ប្រក្រតី​នៃ​លទ្ធផល​បោះ​ឆ្នោត ដែល​បក្ស​សង្គ្រោះ​ជាតិ បាន​ចោទ​ថា បក្ស​ប្រជាជន រួម​គំនិត​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត លួច​បន្លំ។
00:00
00:00
ខេត្ត និង​រាជធានី​ដែល​ទទួល​បាន​ស្នាម​មេដៃ​ច្រើន​ជាង​គេ​មក​ទល់​ថ្ងៃ​ទី​២៣ តុលា នេះ មាន ៥ ដូច​ជា​ភ្នំពេញ កំពង់ចាម កណ្ដាល កំពង់ស្ពឺ ជាដើម។
លោក កឹម សុខា អនុ​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ ប្រកាស​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​ទី​២៣ តុលា ថា រាជធានី​ភ្នំពេញ បាន​ជាង ៤​សែន ក្នុង​ចំណោម​សន្លឹក​ឆ្នោត​សង្គ្រោះ​ជាតិ ៣​សែន ៨​ម៉ឺន ២​ពាន់​សំឡេង។ ខេត្ត​ព្រៃវែង ស្នាម​មេដៃ ២​សែន ក្នុង​ចំណោម​សន្លឹក​ឆ្នោត ជាង ២​សែន ៨​ម៉ឺន។
ខេត្ត​កំពង់ចាម ស្នាម​មេដៃ​ជិត ៤​សែន ក្នុង​ចំណោម​សន្លឹក​ឆ្នោត​សង្គ្រោះ​ជាតិ ប្រហែល ៤​សែន ៥​ម៉ឺន ៧​ពាន់។ ខេត្ត​កំពង់ស្ពឺ ស្នាម​មេដៃ ១​សែន ១​ម៉ឺន ក្នុង​ចំណោម​សន្លឹក​ឆ្នោត​សង្គ្រោះ​ជាតិ ជាង ១​សែន ៨​ម៉ឺន ៦​ពាន់។ ខេត្ត​កណ្ដាល ស្នាម​មេដៃ ២​សែន ៣​ម៉ឺន ក្នុង​ចំណោម​សន្លឹក​ឆ្នោត​ប្រហែល ៣​សែន ៦​ម៉ឺន ៦​ពាន់។
បន្ទាប់​មក​មាន​ខេត្ត​ជាច្រើន​បាន​ស្នាម​មេដៃ​កម្រិត​មធ្យម ដូច​ជា ខេត្ត​កំពត បន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង កំពង់ធំ ជាដើម។
តំណាង​បក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​ទាំង​នោះ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ តុលា ថា មូលហេតុ​ដែល​ប្រមូល​ស្នាម​មេដៃ​បាន​តិច គឺ​ដោយសារ​មូលហេតុ​ចម្បង​សំខាន់​បី គឺ​អាជ្ញាធរ​មូលដ្ឋាន​រារាំង គំរាម​កំហែង គ្រោះ​ទឹក​ជំនន់ និង​អ្នក​គាំទ្រ​ចំណាក​ស្រុក​ច្រើន​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត។
លោក ជា ប៉ូច ប្រធាន​ក្រុម​ការងារ​បក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពត បញ្ជាក់​ថា បក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពត ប្រមូល​ស្នាម​មេដៃ​បាន​ជាង ៨​ម៉ឺន ក្នុង​ចំណោម​សន្លឹក​ឆ្នោត​ចំនួន​ជាង ១​សែន ២​ម៉ឺន ៥​ពាន់​នាក់។
ចំណែក​ខេត្ត​នៅ​ភាគ​ពាយព្យ ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​ដែរ។ លោក ឡុង រី ប្រធាន​ក្រុម​ការងារ​បក្ស​សង្គ្រោះ​ជាតិ ខេត្ត​បន្ទាយមានជ័យ ឲ្យ​ដឹង​ថា ខេត្ត​បន្ទាយមានជ័យ មាន​ស្នាម​មេដៃ​ជាង ៤​ម៉ឺន ៦​ពាន់ ក្នុង​ចំណោម​សន្លឹក​ឆ្នោត​ជាង ៦​ម៉ឺន ៤​ពាន់ ដែល​ចំនួន​នេះ​នៅ​ស្ទើរ ព្រោះ​អាជ្ញាធរ​មូលដ្ឋាន​រារាំង គ្រោះ​ទឹក​ជំនន់ និង​អ្នក​គាំទ្រ​ចំណាក​ស្រុក។
ចំណែក​ខេត្ត​បាត់ដំបង បាន​ស្នាម​មេដៃ​ប្រហែល ៨​ម៉ឺន​ស្នាម​មេដៃ ក្នុង​ចំណោម​សំឡេង​ឆ្នោត​សង្គ្រោះ​ជាតិ ជាង ១​សែន ៦​ម៉ឺន ២​ពាន់។ ខេត្ត​ពោធិ៍សាត់ ស្នាម​មេដៃ ៣​ម៉ឺន ១​ពាន់ ក្នុង​ចំណោម​សំឡេង​ឆ្នោត ៤​ម៉ឺន ៨​ពាន់។ ខេត្ត​កំពង់ឆ្នាំង ៥​ម៉ឺន ៤​ពាន់ ក្នុង​ចំណោម​សំឡេង​ឆ្នោត ៩​ម៉ឺន ៦​ពាន់។ សៀមរាប ស្នាម​មេដៃ​ជិត ៩​ម៉ឺន ក្នុង​ចំណោម​សន្លឹក​ឆ្នោត ១៤​ម៉ឺន។
រីឯ​ខេត្ត​កំពង់ធំ បាន ៥​ម៉ឺន ៤​ពាន់ ក្នុង​ចំណោម​សំឡេង​ឆ្នោត​ជាង ១​សែន ១​ម៉ឺន។ ខេត្ត​ក្រចេះ បាន​ស្នាម​មេដៃ​ជាង ៤​ម៉ឺន ក្នុង​ចំណោម​សំឡេង​ឆ្នោត​ជិត ៦​ម៉ឺន។
ខេត្ត​ស្វាយរៀង ស្នាម​មេដៃ​ជាង ៤​ម៉ឺន ៣​ពាន់ ក្នុង​ចំណោម​សន្លឹក​ឆ្នោត​ជិត ១​សែន​សំឡេង។ ខេត្ត​តាកែវ ស្នាម​មេដៃ ១៥​ម៉ឺន ក្នុង​ចំណោម​សំឡេង​ប្រហែល ៤៥​ម៉ឺន។
ក្រៅ​ពី​នេះ ខេត្ត​៩​នៅ​សល់ បាន​សំឡេង​តិច​ជាង​គេ គឺ​ខេត្ត​ព្រះសីហនុ កោះកុង ២.៥០០ រតនគិរី មណ្ឌលគិរី ព្រះវិហារ ប៉ៃលិន ឧត្តរមានជ័យ ស្ទឹងត្រែង និង​ខេត្ត​កែប មាន​ស្នាម​មេដៃ​ត្រឹម​កម្រិត​ខ្ទង់​ពាន់​ប៉ុណ្ណោះ។
មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា មូលហេតុ​ដែល​ចំនួន​ស្នាម​មេដៃ​តាម​ខេត្ត​ទាំង​ប៉ុន្មាន​នេះ​តិច​ជាង​គេ គឺ​ដោយសារ​បក្ស​សង្គ្រោះ​ជាតិ មិន​មាន​គោលការណ៍​ប្រមូល​ស្នាម​មេដៃ​តាម​ខេត្ត​ទាំង​នោះ ដែល​ខេត្ត​នីមួយៗ​នោះ មាន​កៅអី​អ្នក​តំណាង​រាស្ត្រ​តែ​មួយ។

ពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​ហែ​ញត្តិ​មក​ភ្នំពេញ

ដោយ ជិន ជេដ្ឋា
មន្ត្រី និង​សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និង​ខេត្ត​កំពង់ឆ្នាំង បាន​ធ្វើ​ដំណើរ​រួម​គ្នា​ឆ្ពោះ​មក​កាន់​ទីលាន​ប្រជាធិបតេយ្យ ក្នុង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​តុលា។ ក្រុម​បាតុករ​បញ្ជាក់​ថា ពួក​គេ​ចង់​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ប្ដេជ្ញា​ចិត្ត និង​កម្លាំង​គាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការ​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​លើក​ទី​៣​នេះ។
សមាជិក​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​បាត់ដំបង លោក ជា ជីវ ថ្លែង​ថា ក្នុង​ករណី​ដែល​មាន​សមត្ថកិច្ច​មក​រារាំង​មិន​ឲ្យ​ក្រុម​បាតុករ​ទៅ​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ ពួក​គេ​នឹង​ចុះ​ពី​លើ​ឡាន​ធ្វើ​បាតុកម្ម ឬ​អាច​ឈាន​ដល់​ការ​បិទ​ផ្លូវ​ទៀត​ផង៖ «ខ្ញុំ​មក​ថ្ងៃ​នេះ គឺ​ដើម្បី​បញ្ជាក់​ថា ខ្ញុំ​ត្រូវ​រក​សន្លឹក​ឆ្នោត​ខ្ញុំ​នៅ​ឯ​ណា យុត្តិធម៌​របស់​ខ្ញុំ​នៅ​ទី​ណា ហើយ​ខ្ញុំ​ជា​យុវជន ខ្ញុំ​ចង់​មាន​ការ​ផ្លាស់​ប្ដូរ​ដែល​បាន​ប្រទេស​មួយ​ដែល​មាន​ការ​រីក​ចម្រើន ប្រជាពលរដ្ឋ​មាន​ជីវភាព​ល្អ យុវជន​គឺ​មាន​ការងារ​ធ្វើ»
ក្រុម​បាតុករ​ទាំង ៤​ខេត្ត​សរុប​ជាង ៣​ពាន់​នាក់ បាន​ឡើង​ជិះ​ឡាន​ក្រុង​ចំណុះ ៤៥​កៅអី និង​ឡាន​ធុន​តូច​សរុប​ចំនួន ១១៥​ឡាន។ ក្រុម​បាតុករ​បាន​នាំ​មក​ជាមួយ​នូវ​កាបូប​ដាក់​សម្លៀកបំពាក់ បដា និង​ទង់ជាតិ​មួយ​ចំនួន ឆ្ពោះ​ទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ធ្វើ​មហា​បាតុកម្ម​អហិង្សា​រយៈពេល ៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៣ ក្នុង​គោល​បំណង​ទាមទារ​ឲ្យ​មាន​ដំណោះ​ស្រាយ​វិបត្តិ​នយោបាយ ដែល​កំពុង​តែ​កើត​មាន​នៅ​ក្រោយ​ការ​បោះ​ឆ្នោត។
ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុម​បាតុករ នៅ​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ប្រមាណ ៧​ពាន់​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​រៀប​ចំ​ចាត់​ក្បួន​ដង្ហែ​នាំ​ញត្តិ​ស្នាម​មេដៃ​ទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ​រាជធានី ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ តុលា។
ក្បួន​ដង្ហែ​ពី​ខេត្ត​ព្រៃវែង ដឹកនាំ​ដោយ លោក គិន លឹង ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​ខេត្ត និង​មាន​រថយន្ត​តូច​ធំ​ដង្ហែ​ក្បួន​ប្រមាណ​ជាង ២០០​គ្រឿង រៀប​ចំ​ហែ​ជា​ពីរ​ក្បួន។ ក្បួន​ទី​១ ហែ​ចេញ​ពី​កំពង់ចម្លង​អ្នក​លឿង​ត្រើយ​ខាង​លិច ហែ​តាម​ផ្លូវ​ជាតិ​លេខ​១ និង​ក្បួន​ទី​២ រៀប​ចំ​ដង្ហែ​តាម​ផ្លូវ​ជាតិ​៨ នៅ​ចំណុច​រង្វង់​មូល​ស្រុក​ស្វាយអន្ទរ ខេត្ត​ព្រៃវែង ហែ​ឆ្ពោះ​ទៅ​រាជធានី​ភ្នំពេញ។
ក្បួន​ហែ​ពី​ខេត្ត​ស្វាយរៀង ដឹក​នាំ​ដោយ លោក ម៉ៅ វិបុល ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត ដែល​មាន​រថយន្ត​ដឹក​ក្បួន​ដង្ហែ​ចំនួន ១៣​គ្រឿង និង​មាន​ក្រុម​បាតុករ​ប្រមាណ​ជិត ៤០០​នាក់ ចូល​រួម​ដង្ហែ​ក្បួន។ ដង្ហែ​ចេញ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ខេត្ត ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​១ ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង។ ក្បួន​ដង្ហែ​នៅ​ខេត្ត​ស្វាយរៀង បាន​ជួប​ឧបសគ្គ​រារាំង​ដំណើរ​ពី​អាជ្ញាធរ​ប៉ូលិស នៅ​ម្ដុំ​ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រំ អស់​មួយ​ម៉ោង។ រថយន្ត​ក្បួន​ដង្ហែ​បាន​បន្ត​ដំណើរ​ទៅ​មុខ បន្ទាប់​ពី​មាន​ការ​ចរចា​សម្រួល​រវាង​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ស្វាយរៀង និង​អាជ្ញាធរ​ប៉ូលិស​ស្រុក​ស្វាយជ្រំ។
ញត្តិ​ស្នាម​មេដៃ​របស់​ខេត្ត​ទាំង​ពីរ​ប្រមូល​បាន នឹង​បញ្ជូន​ទៅ​រាជធានី​ភ្នំពេញ រួម​ប្រមាណ​ជាង ៣​សែន​ស្នាម​មេដៃ៕
ប្រភពពី វិទ្យុអាស៊ីសេរី